(ក្រចេះ)៖ ដើម្បីចូលអនុវត្តឱ្យស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលបានសម្រេចដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវគោលការណ៍ណែនាំស្ដីពីក្របខ័ណ្ឌកម្មវិធីជាតិជំនួយសង្គមក្នុងគ្រួសារ និងគោលការណ៍ណែនាំស្ដីពី ក្របខ័ណ្ឌកកិច្ចគាំពារសង្គមឆ្លើយតបនឹងគ្រាអាសន្ន នៅព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ រដ្ឋបាលស្រុកឆ្លូង បានបើកបណ្ដុះបណ្ដាលស្ដីពីការ អនុវត្តកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ ដល់មន្រ្ដីក្នុងមូលដ្ឋានស្រុកឆ្លូង។

ថ្លែងនៅក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលលោក ធីម ស៊ាងឡេង អភិបាលរងស្រុកឆ្លូង តំណាងឱ្យលោកស្រីអភិបាលស្រុក បានកោតសរសើរ វាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំសហការីមូលនិធិជាតិ ជំនួយសង្គម និងរដ្ឋបាលឃុំ ដែលកន្លងមក បានប្រតិបត្តិផ្ទាល់នៅថ្នាក់មូលដ្ឋាន ក្នុងក្របខ័ណ្ឌទទួលខុសត្រូវខ្ពស់ លើការផ្ដល់សេវាសាធារណៈ និងការអនុវត្តកម្មវិធីជំនួយសង្គមនានារបស់រាជ រដ្ឋាភិបាលឱ្យទទួលបានលទ្ធផលល្អ គួរជាទីមោទនៈ។

លោកអភិបាលរងស្រុក បានលើកឡើងថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្ដេចបានបន្តផ្ដោតការយកចិត្តទុកដាក់លើការកសាង និងពង្រឹងប្រព័ន្ធគាំ ពារសង្គមដោយឈរលើស្មារតីមិនបោះ បង់ពលរដ្ឋណាម្នាក់ និងបានកំណត់យ៉ាងច្បាស់នូវគោនយោបាយអភិវឌ្ឍប្រព័ន្ធគាំពារសង្គមដែលធានាបាននូវប្រសិទ្ធភាព និងបរិយាបន្នសម្រាប់ប្រជាជនកម្ពុជាទាំងមូល សម្រាប់លើកកម្ពស់ការកសាង និងការអភិវឌ្ឍធនធានមនុស្ស។

លោកអភិបាលរង បានជំរុញឱ្យសិក្ខាកាមទាំងអស់ត្រូវគោរពវិន័យរបស់វគ្គបណ្តុះបណ្តាលនេះ ហើយយកចិត្តទុកដាក់ស្ដាប់គ្រប់ បទបង្ហាញដើម្បីទទួលបានចំណេះដឹងថ្មីៗ និងបទពិសោធន៍ល្អៗបន្ថែមទៀតសម្រាប់យកទៅ អនុវត្តការងារនៅក្នុងមូលដ្ឋានរបស់ខ្លួនឱ្យទទួលបានលទ្ធផលល្អ និងប្រសិទ្ធភាពខ្ពស់។

ក្នុងនោះលោកក៏បានស្នើសុំឱ្យមន្ត្រីការិយាល័យសង្គមកិច្ចនិងសុខុមាល ភាពសង្គមស្រុកមេត្តា ជួយពង្រឹងនូវយន្តការត្រួតពិនិត្យ និងតាមដានការ អនុវត្តកម្មវិធីជាពិសេសជំរុញ និងលើកទឹក ចិត្តដល់មន្ត្រីអនុវត្តកម្មវិធីឃុំ ហើយអាជ្ញាធរឃុំ និងមន្ត្រីទទួលបន្ទុកកម្មវិធី និងជំនួយការហិរញ្ញវត្ថុឃុំត្រូវ មានការទទួលខុសត្រូវខ្ពស់ចំពោះការអនុវត្តការងារក្នុងមូលដ្ឋានរបស់ខ្លួន៕