(ភ្នំពេញ)៖ កម្លាំងនគរបាលខណ្ឌសែនសុខ បានឃាត់ខ្លួនជនសង្ស័យ៤នាក់ផ្សេងគ្នា ដោយក្នុងនោះ២នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន និង២នាក់ទៀត កាច់កម៉ូតូ ព្រមទាំងដកហូតបានឧបករណ៍កាច់កម៉ូតូ១ឈុត នៅយប់ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៦នេះ។

លោក ម៉ក់ ហុង អធិការនគរបាលខណ្ឌ បានឲ្យដឹងថា នៅម៉ោង២៣៖០០នាទី កម្លាំងល្បាតអន្តរាគមន៍ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋភ្នំពេញថ្មី បានល្បាតដល់ចំណុចផ្លូវ១៩២៨ ភូមិប៉ាយ៉ាប សង្កាត់ភ្នំពេញថ្មី ក៏ប្រទះឃើញបុរស២នាក់ ហើយមានការសង្ស័យក៏បានឃាត់ត្រួតពិនិត្យ លទ្ធផលកម្លាំងជំនាញរកឃើញថ្នាំញៀន១កញ្ចប់។ លោកបានបន្ដថា នៅវេលាម៉ោង១៖៣០នាទី កម្លាំងល្បាតអន្តរាគមន៍ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋឃ្មួញ បានល្បាតដល់ចំណុច ផ្លូវហ្គ្រេនភ្នំពេញ ស្ថិតក្នុងសង្កាត់ឃ្មួញ មានការសង្ស័យមនុស្ស២នាក់ ហើយបានកម្លាំងបានធ្វើការត្រួតពិនិត្យ ស្រាប់តែប្រទះឃើញឧបករណ៍សម្រាប់កាច់កម៉ូតូ និងឆ្កិះសោរ១ឈុត ផងដែរ។

បន្ទាប់ពីធ្វើការឃាត់ខ្លួនជនសង្ស័យ ត្រូវបានបញ្ចូនខ្លួនទៅអធិការដ្ឋាននគរបាលខណ្ឌ ដើម្បីធ្វើការសាកសួរ និងចាត់ការបន្ដ៕