(ភ្នំពេញ)៖ មន្ទីរពហុព្យាបាលអន្តរជាតិខេមាត្រូវបានបើកសម្ភោធឲ្យ​ដំណើរការជាផ្លូវការហើយ ដែលជាមន្ទីរពហុព្យាបាលអន្តរជាតិ មានសេវាកម្មថែទាំសុខភាពរបស់​កម្ពុជាមានគុណភាព និងស្តង់​ដារ​ខ្ពស់ដូច​នៅបណ្តាប្រទេស​មានការអភិឌ្ឍន៍​នៅក្នុងតំបន់ និងនៅលើពិភពលោក ពិធីសម្ភោធនេះក្រោមអធិបតីភាព​ លោកស្រីឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន រដ្ឋមន្រ្តីក្រសួងទំនាក់ទំនង​ជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច នាព្រឹកថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៦នេះ។

លោកវេជ្ជបណ្ឌិត សោម លក្ខិណា ជាប្រធានក្រុមប្រឹក្សាភិបាល និងនាយកបច្ចេកទេសនៃមន្ទីរពហុព្យាបាលអន្តរជាតិខេមាបានរាយការណ៍ថា «សម្រាប់រូបខ្ញុំផ្ទាល់គម្រោងថ្មីនេះ មិនត្រឹមតែជាការពង្រឹក​សេវាកម្មបន្ថែមពីមន្ទីរសម្រាកព្យាបាល និងសម្ភពខេមានៅទួលគោក ដែលបានបើកករប្រកបដោយ ជោគជ័យប្រមាណ៤ឆ្នាំហើយប៉ុណ្ណោះទេ តែវាក៏ជាឳកាសមួយជួយលើកកម្ពស់គុណភាព និងស្តងដា​អនុវត្តឲ្យ​បានកាន់តែខ្ពស់ថែមមួយកម្រិតទៀត ក្នុងការផ្តល់សេវថែទាំសុខភាពរបស់កម្ពុជាយើង ដើម្បីឈានទៅប្រកួតប្រជែងឲ្យបានស្មើមុខស្មើ​មាត់ជាមួយនឹងប្រទេសមានការរីក​ចម្រើននៅក្នុងតំបន់​នាពេលអនាគត»។

លោកវេជ្ជបណ្ឌិត អ៊ុំ សុភាព នាយកមន្ទីរពហុព្យាបាលអន្តរជាតិខេមាបានបង្ហាញថា «បន្ទាប់ពីបើកដំណើរការមន្ទីរពហុព្យាបាលអន្តរជាតិខេមានេះទៅ ខ្ញុំយល់ថា  បងប្អូនយើងមួយចំនួន ដែលតែង​តែទៅរកការព្យាបាល​នៅក្រៅប្រទេស អាចងាកមកប្រើប្រាស់សេវាកម្មថែទាំសុខភាពក្នុងស្រុកយើងវិញ ព្រោះត្រូវចំណាយតិចជាង ចំណេញពេញច្រើនជាង ហើយនៅជិតផ្ទះ ជិតក្រុមគ្រួសារ និង​ទទួលបានសេវាល្អ គួរឲ្យទុកចិត្តទៀតផង ដោយមន្ទីរពហុព្យាបាលអន្តរជាតិខេមាមានផ្តល់សេវាកម្មវេជ្ជសាស្រ្តជាច្រើនផ្នែកជាអាទិ៍ ផ្នែកព្យាបាលរបួស និងសង្រ្គោះបន្ទាន់ ផ្នែកសម្ភព និងរោគស្រ្តី កុមារ ជំងឺទូទៅ ជំងឺឆ្អឹង ជំងឺមិនឆ្លង ទឹកនោមផ្អែម សួត បេះដូង និងជំងឺសរសៃរឈាម ជំងឺមហារីក ផែ្នកវះកាត់»។

លោកស្រីឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចបានមានប្រសាសន៍ថា «ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ខ្ញុំសូមសូមវាយតម្លៃខ្ពស់ និងសូម​កោតសរសើរដោយស្មោះចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អ្នកគ្រប់គ្រង និងបុគ្គលិកមន្ទីរពហុព្យាបាលអន្តរជាតិខេមា ក៏ដូចជាសហគ្រិនខ្មែរយើង ដែលបានរួមគ្នាធ្វើឲ្យសម្រេច​នូវសមិទ្ធផលគួរជា​ទីមោទនៈនេះ ដោយក្រៅពីបានចូលរួមលើកម្ពស់គុណភាពសេវាថែទាំសុខភាពសមិទ្ធផលថ្មីមួយនេះ ក៏បានជួយបង្កើតឳកាសករងារ​មួយចំនួនដល់យុវជនជំនាន់​ក្រោយរបស់យើងដែលបាន​បញ្ចប់ការសិក្សាពីសាលា​ជំនាញ និងសាលាឯកទេសនានា»។

លោកជំទាវឧបនាយករដ្ឋមន្រ្តីបានបន្តទៀតថា សម្រាប់ការចូលបម្រើការងារ ពង្រីកការយល់ដឹង និងផ្លាស់ប្តូរបទពិសោធន៍ជាមួយគ្រូពេទ្យរៀមច្បង និងគ្រូពេទ្យបរទេសខ្លះ ដើម្បីអភិឌ្ឍន៍ខ្លួនឲ្យបានកាន់ តែប្រសើរឡើងនៅក្នុងវិជ្ជាជីវៈវេជ្ជសាស្រ្ត ហើយប្រើប្រាស់នូវចំណេះដឹងថ្មីៗរបស់ខ្លួន រួមចំណែកពង្រឹង   និងអភិឌ្ឍន៍វិស័យសុខាភិបាលរបស់ជាតិយើង ឆ្ពោះទៅទៅរកអនាគតត្រចះត្រចង់ ឆ្លើយតបទៅ​នឹង​សេចក្តីត្រូវការរបស់សាធារណជនទូទៅ ក៏ដូចជាបានចូលរួមអនុវត្តគោលនយោបាយរដ្ឋាភិបាល ក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋកម្ពុជាដែរ៕