(ភ្នំពេញ)៖ លោកនាយឧត្តមសេនីយ៍ ប៉ុល សារឿន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ បានលើកឡើងថា កងទ័ពនឹងការពារដាច់ខាតមិនឱ្យ​មានបដិវត្តពណ៌កើតមានឡើង​នៅក្នុងប្រទេសកម្ពុជាឡើយ។

នាយឧត្តមសេនីយ៍ ប៉ុល សារឿន បានថ្លែងបែបនេះ ក្នុងកម្មវិធីរំលឹកខួប២៦ឆ្នាំ ថ្ងៃបង្កើតវរសេនាតូចលេខ២៤៦ និង ខួបលើកទី៨ឆ្នាំ នៃការបង្កើតកងអង្គរក្ស នៅព្រឹកថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៦នេះ។

លោកនាយឧត្តមសេនីយ៍ ប៉ុល សារឿន បានបន្ថែមថា កងទ័ពនៅកម្ពុជា នឹងការពារដាច់ខាតមិនឱ្យមានការបង្កភាពចលាចលនៅក្នុងប្រទេសកម្ពុជា ដែលបង្កជាអសន្តិសុខ សណ្តាប់ធ្នាប់ដល់សង្គម ។ គោរពតាមបទបញ្ជាររបស់រាជរដ្ឋាភិបាល ហើយការពាររាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោត។

សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៦នេះ បញ្ជាការដ្ឋានអង្គរក្សបានប្រារព្ធពិធីរំលឹកខួប២៦ឆ្នាំ ថ្ងៃបង្កើតវរសេនាតូចលេខ២៤៦ និង ខួបលើកទី៨ឆ្នាំ នៃការបង្កើតអង្គភាពរបស់ខ្លួន ៤ កញ្ញា ឆ្នាំ២០០៩ - ៤កញ្ញា ឆ្នាំ២០១៦ ក្រោមអធិបតីភាព លោកនាយឧត្តមសេនីយ៍ ប៉ុល សារឿន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។ នៅក្នុងពិធីនោះ ក៏មានការបង្ហាញព្យុហយាត្រារបស់កងអង្គរក្ស៕