(ភ្នំពេញ)៖ ស្រីក្មេងស្រស់ស្អាតម្នាក់ ទើបចេញពីក្លិប Darling ពេលមកដល់ផ្ទះក្នុងបុរី ឡាយគង់ ភូមិម័រ សង្កាត់ដង្កោ ខណ្ឌដង្កោ នៅវេលាម៉ោងជាង៣ ព្រឹកទៀបភ្លឺ ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៦ ស្រាប់តែមានជនសង្ស័យ៣ទៅ៤នាក់ ប្រដាប់ដោយកាំភ្លើង បានតាមមកប្លន់ដល់ផ្ទះតែម្តង ដោយយកអស់រថយន្ត Lexus RX-330 មួយគ្រឿង ម៉ូតូម៉ាក Click មួយគ្រឿង និងលុយមួយចំនួនទៀត។

សមត្ថកិច្ចបានបញ្ជាក់ថា ការភ្ញាក់ផ្អើលបានកើតឡើង នៅវេលាម៉ោងជាង៥ទៀបភ្លឺ ក្រោយពេលដែលជនសង្ស័យ បានគេចខ្លួនទៅអស់។

មុនពេលកើតហេតុ នារីរងគ្រោះមានឈ្មោះ ឆេង កញ្ញា អាយុជាង២០ឆ្នាំ បានបើករថយន្តតែម្នាក់ឯង ចេញពីក្លិប ដាលីន លុះពេលមកដល់ផ្ទះ ស្រាប់តែលេចមុខក្រុមចោរទាំងនោះ មកភ្ជង់ ហើយនាំនារីរងគ្រោះ បើកឡានមួយជុំរកកន្លែងចាក់សាំង លុះពេលចាក់សាំងពេញហើយ ក៏នាំនាងមកដល់ផ្ទះវិញ រួចចូលទៅរើកកាយយកទ្រព្យសម្បត្តិ និងលុយកាក់មួយចំនួនទៀតផង។

យ៉ាងណាក៏ដោយ នៅពេលនេះកម្លាំងសមត្ថកិច្ច បាន និងកំពុងបន្តសួរនាំនារីរងគ្រោះ ព្រមទាំងពិនិត្យរាល់ភស្តុតាងនានា តើវាជាករណីប្លន់ពិតប្រាកដ ឫមួយយ៉ាងណា៕