(សិង្ហបុរី)៖ យោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយមុននេះបន្តិចបានឲ្យដឹងថា មាន២៦ករណី​ថ្មីទៀតហើយ នៃវីរ៉ុស Zika បានចម្លងនៅក្នុងតំបន់​ក្នុងប្រទេសសិង្ហបុរីនា​ថ្ងៃសៅរ៍នេះ នាំឲ្យចំនួនអ្នកផ្ទុកវីរ៉ុសបានកើនឡើងដល់២១៥នាក់ នេះបើតាមអាជ្ញាធរសិង្ហបុរីបញ្ជាក់យ៉ាងដូច្នេះ។

កាលពីព្រឹកមិញករណីនេះនៅសិង្ហបុរី បានកើនឡើងដល់១៨៩នាក់ ប៉ុន្តែនៅពេលនេះកើន២៦ករណីថ្មីទៀត សរុបទាំងអស់មានចំនួនដល់២១៥នាក់នាក់ហើយ ក្នុងចំណោម នោះអ្នកឆ្លងនោះក៏ មានជនជាតិចិន និងឥណ្ឌា ជាច្រើននាក់ផងដែរ។

ឆ្លើយតបនឹងការរីករាលដាលវិរុស Zika នៅប្រទេសសឹង្ហបុរី, ភ្លាមៗលោក ថោង​ ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានអំពាវ​នាវឲ្យប្រជាពលរដ្ឋខ្មែរធ្វើដំណើរទៅ ប្រទេសសិង្ហបុរី​ មានការប្រុងប្រយ័ត្ន ខ្ពស់ចំពោះ វីរុស​ Zika។

ការអំពាវនាវរបស់ លោក ថោង​ ខុន បានធ្វើឡើងស្របពេលដែល ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មានអំពាវនាវឲ្យប្រជាពលរដ្ឋមានការ ប្រុងប្រយ័ត្នចំពោះ វីរុស​​ Zika បន្ទាប់ពីជំងឺដ៏កាចសហាវមួយនេះកំពុងរីករាលដាល នៅតំបន់អាស៊ី ដូចជា ប្រទេសសឹង្ហបុរី មានករណីនេះកើនដល់ចំនួន១៥១, ប្រទេសឡាវ២ករណី, ប្រទេសវៀតណាម២ករណី, ថៃ៩៧ករណី និង ម៉ាឡេស៊ី១ ករណី។

ឆ្លើយតបនឹងការរីករាលដាលនេះដែរ លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាលកម្ពុជា បានលើកឡើងថា «ការទប់ស្កាត់នឹងការពារ ជំងឺហ្ស៊ីកា (Zika) គឺវាដូចនឹងការពារជំងឺគ្រុនឈាមដែរ ដោយការការពារកុំឲ្យមូលខាំ តាមរយៈការកំចាត់វត្ថុដក់ទឹក ដែលជាជំរកនៃការកកើតសត្វមូល។ ខ្ញុំសូមជំរុញឲ្យថ្នាក់ដឹកនាំមូលដ្ឋា​​ន ប្រជាជននៅក្នុងសហគមន៍​ ក្នុងការកំចាត់ជំរកដង្កូវទឹក ដែលនាំឲ្យមានមូសបង្កជំងឺ ស្លៀកពាក់ខោជើងវែង និងអាវដៃវែង និងសម្រាកក្នុងមុង។ ពេលមានជំងឺដែលមានរោគសញ្ញាដូចរៀបរាប់ខាងលើ សូមអញ្ជើញទៅមណ្ឌសុខភាព ឬមន្ទីរពេទ្យបង្អែកដែលនៅជិតបំផុត»៕