(ចិន)៖ កិច្ចប្រជុំកំពូល G20 នឹងត្រូវបានរៀបចំឡើងនៅថ្ងៃទី០៤ និង០៥ ខែកញ្ញា ឆ្នាំ២០១៦ខាងមុខ ក្នុងទីក្រុង Hangzhou ប្រទេស ចិន ដែលកិច្ចប្រជុំនេះ នឹងក្លាយជាកិច្ចប្រជុំលើកទីមួយ សម្រាប់ប្រទេសចិន បន្ទាប់ពីមិនធ្លាប់មានអស់រយៈពេល៨ឆ្នាំកន្លងទៅនេះ ហើយវានឹងក្លាយជាឱកាសទំនាក់ទំនងការទូតដ៏សំខាន់ សម្រាប់ប្រធានាធិបតីចិន លោក Xi Jinping។ ប្រធានាធិបតីរូបនេះហាក់បង្ហាញក្តីសង្ឃឹមខ្ពស់ថា ព្រឹត្តិការណ៍នេះ នឹងក្លាយជាវេទិកាសម្រាប់ចិន ក្នុងការដើរតួនាទីជាប្រទេសដឹកនាំការដោះស្រាយវិបត្តិពិភពលោក។

ហេតុនេះរដ្ឋាភិបាលក្រុង ប៉េកាំងនឹងត្រៀមរៀបចំយ៉ាងល្អជាទីបំផុតសម្រាប់ឱកាសដ៏កម្រនេះ។

ទីក្រុងទាំងមូលនឹងពោរពេញដោយស្លាកសញ្ញានានា ដើម្បីបង្ហាញការស្វាគមន៍ចំពោះកិច្ចប្រជុំ G20 ។ សូម្បីប្រជាពលរដ្ឋក៏ត្រូវតែរៀបចំឥរិយាបទយ៉ាងប្រសើរបំផុត ដើម្បីទទួលស្វាគមន៍ភ្ញៀវដ៏សំខាន់របស់ខ្លួន។ បើទោះបីជាកិច្ចប្រជុំនេះ មានរយៈពេលតែពីរថ្ងៃក៏ដោយការិយាល័យសាធារណៈនានានឹងត្រូវផ្អាកការងារសម្រាប់ការ ឈប់សម្រាករហូតដល់រយៈពេល៧ថ្ងៃ។ ចំណែកវិស័យពាណិជ្ជកម្មឯកជន បែរជាត្រូវបន្តសកម្មភាពដដែល។

ជាមួយគ្នានេះដែរ ប្រជាពលរដ្ឋក្នុងទីក្រុង Hangzhou ទាំងអស់នឹងទទួលបានប្រាក់រង្វាន់ចំនួន១,៥ពាន់លានដុល្លារ ដើម្បីធ្វើដំណើរកំសាន្តទៅកាន់ ទីក្រុងផ្សេងទៀត មូលហេតុដោយសារទីក្រុង Hangzhou នេះត្រូវបានជ្រើសរើសធ្វើជាកន្លែងទទួលស្វាគមន៍កិច្ចប្រជុំ G20 នេះ។ ប្រជាពលរដ្ឋជាច្រើន សន្ធឹកសន្ធាប់នឹងត្រូវបានបំលាស់ទីចេញជាបណ្តោះអាសន្ន។

អ្នកស្ម័គ្រចិត្តរហូតដល់៧៦០.០០០នាក់ នឹងត្រូវបានដាក់ពង្រាយក្នុងថ្ងៃកិច្ចប្រជុំនោះ។ បើគណនាទៅឃើញថា ចំនួននេះហាក់ច្រើនពេក ដោយមានន័យថា អ្នកស្ម័គ្រចិត្តរហូតដល់១០០នាក់ សម្រាប់បម្រើភ្ញៀវចូលរួមម្នាក់។ តែការពិតទៅអ្នកស្ម័គ្រចិត្តទាំងនេះ ត្រូវបានដាក់ឲ្យល្បាតនៅតាមដងផ្លូវ ដើម្បីហាមឃាត់មនុស្សមិនឲ្យចោលសម្រាម ឬដើរលេងផ្តេសផ្តាស និងដើម្បីផ្តល់ស្មាមញញឹមដល់ភ្ញៀវដែលចូលរួមក្នុងកិច្ចប្រជុំនេះ។

តើ G20 ជាអ្វី? មានប្រវត្តិ និងមានគោលដៅបែបណា?
អង្គការ G20 មកពីពាក្យថាGroup of Twenty ដែលមានន័យថា ក្រុមប្រទេសទាំង២០ ជាវេទិកាអន្តរជាតិ ដែលមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំរដ្ឋាភិបាល និងធនាគារកណ្តាលរបស់​ប្រទេសមហាអំណាចសេដ្ឋកិច្ចទាំង២០លើពិភពលោក។ អង្គការនេះត្រូវបានបង្កើតឡើងកាលពីឆ្នាំ១៩៩៩ ជាមួយគោលដៅធ្វើការសិក្សា ត្រួតពិនិត្យ និងជម្រុញកិច្ចពិភាក្សាជាន់ខ្ពស់ អំពីគោលនយោបាយទាក់ទងនឹងការបង្កើតស្ថិរភាពហិរញ្ញវត្ថុអន្តរជាតិ។ អង្គការនេះត្រូវបានបង្កើតឡើងក្នុង បំណងដោះស្រាយ បញ្ហាដែលហួសពីទំនួលខុសត្រូវរបស់អង្គការតូចៗ។

ថ្នាក់ដឹកនាំរដ្ឋាភិបាលដែលជាសមាជិករបស់ G20 តែងតែចូលរួមក្នុងកិច្ចប្រជុំកំពូលជាទៀងទាត់ ចាប់តាំងពីកិច្ចប្រជុំជាលើកដំបូងតំបូងរបស់ខ្លួនត្រូវបានធ្វើឡើង កាលពីឆ្នាំ២០០៨កន្លងទៅនេះ។ ជាមួយគ្នានេះដែរ ប្រទេសជាសមាជិក ក៏តែងតែផ្លាស់ប្តូរវេនគ្នាដើម្បីធ្វើជាម្ចាស់ផ្ទះសម្រាប់កិច្ចប្រជុំ រដ្ឋមន្ត្រីហិរញ្ញវត្ថុ និងថ្នាក់ដឹកនាំ ធនាគារកណ្តាលផងដែរ។ សរុបជារួម សេដ្ឋកិច្ចរបស់អង្គការ G20 ដំណាងឲ្យ៨៥ភាគរយនៃផលិតពិភពលោកសរុប (GWP) ព្រមទាំងដំណាងឲ្យ៨០% នៃចំនួនពាណិជ្ជកម្មពិភពលោក និងតំណាងឲ្យពីរភាគបីនៃចំនួនប្រជាជនពិភពលោកទាំងអស់។

អង្គការ G20 គឺជាអង្គការថ្មី និងចុងក្រោយបង្អស់ ដែលត្រូវបានបង្កើតឡើងនៅក្រោយសម័យសង្គ្រាមលោកលើកទីពីរ មានគោលដៅសំខាន់គឺធ្វើកិច្ច សហប្រតិបត្តិការណ៍ លើគោលនយោបាយសេដ្ឋកិច្ច ដែលក្នុងនោះរួមមានស្ថាប័នសំខាន់ៗចូលរួមដូចជា អង្គការ Bretton Wood Twins អង្គការInternational Monetary Fund អង្គការWorld Bank និងអង្គការ World Trade Organization។

* ប្រវត្តិនៃការបង្កើត G20
ការពិតទៅទាំងអង្គការ G8 និងG20 សុទ្ធតែមានប្រភពមកពី G7 ដោយ G7 ត្រូវបានបង្កើតឡើងដំបូង ក្នុងឆ្នាំ ១៩៧៦ ដោយមានប្រទេសជាសមាជិកសុទ្ធតែ ជាមហាអំណាចសេដ្ឋកិច្ចក្នុងនោះ​មានដូចជា សហរដ្ឋអាម៉េរិក អង់គ្លេស បារាំង កាណាដា ជប៉ុន អ៊ីតាលី និងអាឡឺម៉ង។

ប្រទេស G7 ត្រូវបានបង្កើតឡើងដំបូងក្នុងគោលដៅប្រឆាំង ការហាមឃាត់ជាបណ្តោះអាសន្ន នូវការជួញដូរប្រេងនៅក្នុងឆ្នាំ១៩៧៣ ពីសំណាក់បណ្តាប្រទេសមួយ ចំនួននៅអារ៉ាប់។ ប្រទេសនៅអារ៉ាប់ បានដាក់ចេញការហាមឃាត់នេះ ដើម្បីប្រឆាំងនឹងការឈ្លានពានរបស់សហរដ្ឋអាម៉េរិក និងអង់គ្លេសក្នុងអំឡុងនៃសង្គ្រាម Yom Kippur។ គួររំលឹកថា ប្រទេសនៅអារ៉ាប់បានធ្វើសង្គ្រាមជាមួយអ៊ីស្រាអែល តែត្រូវបរាជ័យដោយសារមានអន្តរាគមន៍ពីសំណាក់សហរដ្ឋអាម៉េរិក និងអង់គ្លេស តាមរយៈការផ្តល់ជំនួយអាវុធ និងកម្លាំងយោធា។ ក្រោយមកក្រុមប្រទេស G7 ហាក់មានឥទ្ធិពលខ្ពស់ទាំងក្នុងវិស័យសេដ្ឋកិច្ច និងសេចក្តីសម្រេចចិត្តនានាទាក់ទង នឹងបញ្ហានយោបាយពិភពលោក។

ដោយពិនិត្យឃើញបែបនេះ ក្នុងឆ្នាំ១៩៩៧ រុស្ស៊ីបានចូលរួមជាសមាជិករបស់ G7 ដែលធ្វើឲ្យក្រុមនេះផ្លាស់ប្តូរឈ្មោះទៅជា G8 វិញម្តង។ ក្រោយមកក្រោមការ ដឹកនាំរបស់រដ្ឋមន្ត្រីហិរញ្ញវត្ថុកាណាដា លោក Paul Martin និងរដ្ឋមន្ត្រីហិរញ្ញវត្ថុសហរដ្ឋអាម៉េរិកលោក Lawrence Summer បានធ្វើកិច្ចពិភាក្សាដោយ បន្ថែមសមាជិកថ្មីបន្ថែមទៀត។ បន្ទាប់ពីកិច្ចប្រជុំចំនួនបួនដងក្នុងឆ្នាំ១៩៩៨ និង១៩៩៩ ដោយមានការចូលរួមពីសំណាក់ប្រទេសចំនួន ៣៣កាលពីខែធ្នូ ឆ្នាំ១៩៩៩កន្លងទៅនេះ កិច្ចប្រជុំបានសម្រេចបង្កើតក្រុម G20 ដែលក្នុងនោះរួមមានប្រទេសជាសមាជិករបស់ G8 និងបណ្តាប្រទេសផ្សេងទៀត រួមទាំងសហភាពអឺរ៉ុប EU ផងដែរ។

* ប្រទេសជាសមាជិក
អង្គការ G20 មានសមាជិកចំនួន១៩ប្រទេសក្នុងនោះមានដូចជាប្រទេស អាហ្សង់ទីន អូស្ត្រាលី ប្រេស៊ីល កាណាដា ចិន បារាំង អាល្លឺម៉ង់ ឥណ្ឌា ឥណ្ឌូនេស៊ី អ៊ីតាលី ជប៉ុន កូរ៉េខាងត្បូង ម៉ិកស៊ិក រុស្ស៊ី អារ៉ាប៊ីសាអូឌីត អាហ្វ្រិកខាងត្បូង តួកគី ចក្រភពអង់គ្លេស សហរដ្ឋអាមេរិក រួមជាមួយសហភាពអឺរ៉ុប (EU) ។ ក្នុងនាមជាសមាជិករបស់ G20 សហភាពអឺរ៉ុបត្រូវបានតំណាងដោយថ្នាក់ដឹកនាំ​គណៈកម្មាធិការ​អឺរ៉ុប និងធនាគារកណ្តាលអឺរ៉ុប។

ដោយឡែកភ្ញៀវប្រចាំឆ្នាំរបស់ G20 រួមមាន ប្រទេស អេស្ប៉ាញ ថ្នាក់ដឹកនាំអាស៊ាន ប្រទេសអាហ្វ្រិក និងប្រទេសណាមួយដែលទទួលបាន ការអញ្ជើញពីសំណាក់ថ្នាក់ដឹកនាំរបស់ G20 ដែលជាទូទៅជាប្រទេសស្ថិតក្នុងតំបន់តែម្តង។

* គោលដៅអង្គការ G20
១៖ បង្កើតគោលនយោបាយសម្របសម្រួលរវាងប្រទេសជាសមាជិក ក្នុងគោលដៅសម្រេចបាននូវស្ថិរភាព និងកំណើនសេដ្ឋកិច្ចពិភពលោក។
២៖ ជម្រុញច្បាប់ហិរញ្ញវត្ថុដើម្បីកាត់បន្ថយហនិភ័យសេដ្ឋកិច្ច និងបង្កាវិបត្តិហិរញ្ញវត្ថុក្នុងពេលអនាគត។
៣៖ ធ្វើទំនើបកម្មវិស័យហិរញ្ញវត្ថុអន្តរជាតិ។

ក្រុម G20 ជាវេទិការសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងហិរញ្ញវត្ថុពិភពលោក។ វានឹងធ្វើការប្រមូលផ្តុំបណ្តាប្រទេសមហាអំណាចសេដ្ឋកិច្ចដែលដំណាង ឲ្យ៨៥ភាគរយនៃផលិតផល​ពិភពលោកសរុប (GWP) ។

បើទោះបីជាអង្គការ G20 ដំបូងឡើយផ្តោតការយកចិត្តទុកដាក់ទៅលើសេដ្ឋកិច្ចពិភពលោក ប៉ុន្តែគោលដៅនៃកិច្ចប្រជុំត្រូវបានផ្លាស់ប្តូរបន្តិចម្តងៗពីមួយឆ្នាំ ទៅមួយឆ្នាំ។ ជាក់ស្តែងក្នុងកិច្ចប្រជុំថ្នាក់​រដ្ឋមន្ត្រីរបស់អង្គការ G20 កាលពីឆ្នាំ២០០៦កន្លងទៅនេះ ត្រូវបានផ្តោតទៅលើការកសាង និងការរក្សាភាព សម្បូររុងរឿងផ្នែកសេដ្ឋកិច្ច ដោយបានពិភាក្សាទៅលើការធ្វើកំណែទម្រង់ក្នុងស្រុក ដើម្បីសម្រេចបាននូវកំណើនថាមពលពិភពលោក ឬទីផ្សាររួមជាដើម។

ក្រុម G20 មានគោលដៅជួយសម្រាលផលប៉ះពាល់ ដែលបណ្តាលមកពីវិបត្តិសេដ្ឋកិច្ចក្នុងពេលបច្ចុប្បន្ន និងអនាគត។ តាំងពីការបង្កើតរហូតមកដល់បច្ចុប្បន្ន ក្រុមប្រទេស G7 G8 និង G20 បានដើរតួនាទីយ៉ាងសំខាន់ក្នុងតំបន់។

យ៉ាងនេះក្តីអង្គការ G20 នៅតែប្រឈមមុខនឹងកង្វះខាតផ្នែកសមត្ថភាពក្នុងការដាក់ចេញនូវគោលការណ៍ច្បាស់លាស់។ ជាមួយគ្នានេះដែរចាប់តាំងពីការចាប់ផ្តើម សកម្មភាពជាលើកដំបូង គោល​នយោបាយ​របស់ G20 ត្រូវរងការរិះគន់យ៉ាងចាស់ដៃពីសំណាក់ក្រុមបញ្ញវ័ន្តជាច្រើន ស្របពេលដែលកិច្ចប្រជុំកំពូលត្រូវបានក្លាយ ជារឿងតវ៉ាដ៏សំខាន់ពីសំណាក់ក្រុម​ប្រឆាំងសកលនិយម​ជាតិនិយម និងក្រុមផ្សេងៗទៀត។ មិនតែប៉ុណ្ណោះអង្គការនេះនៅតែមានភាពវិវាទគ្នាទាក់ទង នឹងផ្លូវច្បាប់របស់ G20 ព្រមទាំង រងការរិះគន់ទៅលើដំណើរការនៃការរៀបចំកិច្ចប្រជុំ និងប្រសិទ្ធភាពនៃសេចក្តីប្រកាស​របស់ខ្លួន៕