(ភ្នំពេញ)៖ ដូចជាការគ្រោងទុក ​នៅល្ងាច​ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៦នេះ មានតា​រាស​ម្តែ​ងប្រុស-ស្រីល្បីរបស់ខ្មែរជាច្រើនរូប បានបង្ហាញវត្តមានក្នុងកម្មវិធីពិសេសមួយ គឺជំនួបរវាង​តា​រាសិល្បៈ សម្តែងក្នុងភាពយន្តភាគខ្មែរ របស់ស្ថានីយទូរទស្សន៍ PNN និងប្រិយមិត្ត​អ្នកគាំទ្រ​ដែលជំ​នួ​បនេះ បានធ្វើឡើងនៅផ្សាទំនើបអ៉ីអន រាធានីភ្នំពេញ។

តារាសម្តែងប្រុស-ស្រីល្បីៗ ដែលបង្ហាញវត្តមាននៅក្នុងជំនួប ជាមួយអ្នកគាំទ្រនាទំនើបអ៉ីអ​ន​ រួមមាន​កញ្ញា ម៉ាក់ សែនសូនីតា ហៅតូតា, កញ្ញា ចេស៊ីកា, លោក ហេង ន​រៈកក្កដា, កញ្ញា ឡាយ សម្ផស្ស, កញ្ញា ង៉ែត សុវណ្ណលីតា, លោក អេវីន, កញ្ញា ផន ស្រីខួច, លោ​ក សន កាយ៉ាឌី, តារាកំប្លែងអ្នកនាង គ្រត, លោក ជា សំណាង រួមនឹងវត្តមាន​តារាប្រុស-ស្រី​ល្បីៗជាច្រើនរូប​ទៀ​ត។

ជាមួយគ្នា​នេះ អ្វីដែលកាន់តែពិសេស ត្រូវបានគេកត់សម្គាល់ឃើញថា នៅក្នុងកម្មវិធីទាំងមូល គឺបានបង្កបរិយាកាសសប្បាយរីករាយ ដោយមានការផ្តល់ជាវត្ថុអនុស្សាវរីយ៍ ពីសំណាក់តា​​រាសម្តែ​ងល្បីៗ ក្នុងរឿងភាគរបស់ស្ថានីយ ទូរទស្សន៍ប៉ុស្តិ៍ PNN សម្រាប់ទស្សនិក​ជន អ្ន​កគាំ​ទ្រ​ក្រោ​យ​ពេ​ល អ្នកចូលរួមទាំងនោះ បានឆ្លើយត្រូវ និងស្គាល់ឈ្មោះតារាសម្តែង ក្នុងដួង​ចិត្តរបស់ពួ​កគាត់ ដែ​ល​តែងគាំទ្ររហូតមក។

លោក Glen Felgate នាយកប្រតិបត្តិស្ថានីយ ទូរទស្សន៍ PNN ធ្លាប់បានថ្លែងប្រាប់ឲ្យ​ដឹងថា ស​ម្រាប់ព្រឹត្តិការណ៍ នៅផ្សារទំនើបអ៉ីអននេះ គឺគ្រាន់តែជាផ្នែកមួយ នៃយុទ្ធនាការផ្សព្វផ្សាយរបស់ PNN ដើម្បីឲ្យប្រជាជនកម្ពុជា មានការចាប់អារម្មណ៍ និងមានមោទនភាព ចំពោះរឿងភាគខ្មែរ។ មិនតែប៉ុណ្ណោះ ខ្សែភាពយន្តភាគខ្មែរថ្មីចំនួនពីររឿង នឹង ចាក់ផ្សាយ​លើកញ្ចក់ទូរទស្សន៍ PNN​ នោះ​ គឺរឿង «ម្ទេសហឹរ ប៉ះអំបិលប្រៃ» និងរឿង «សង្គ្រាមបេះដូង»។

សូមបញ្ជាក់ថា ខ្សែភាពយន្តរឿង «ម្ទេសហឹរ ប៉ះអំបិលប្រៃ» នឹងចាក់បញ្ចាំងនៅរៀងរាល់ថ្ងៃចន្ទ ដ​ល់ពុធ ។ ចំណែករឿង «សង្គ្រាមបេះដូង» នឹងចាក់បញ្ចាំងនៅរៀងរាល់ ថ្ងៃព្រហស្បតិ៍ ដល់សៅរ៍ វេ​លាម៉ោង៨យប់​ ចាប់ពីថ្ងៃចន្ទ ទី៥ ខែកញ្ញា ឆ្នាំ២០១៦ខាងមុខនេះតទៅ៕ ​