(ប្រេស៊ីល)៖ អតីតប្រធានាធិបតី ប្រេស៊ីលលោកស្រី Dilma Rousseff នឹងចាប់ផ្តើមរៀបចំសម្ភារៈប្រើប្រាស់ និងឯកសារនានារបស់លោកស្រី ចេញពីវិមានប្រធានាធិបតីហើយ ដោយក្នុងនោះលោកស្រីបានប្តេជ្ញាថា នឹងមិនចុះចាញ់ចំពោះគូប្រជែងរបស់ខ្លួន គឺលោក Michel Temer ដែលកំពុងកាន់តំណែងបន្តជាប្រធានាធិបតី ពីលោកស្រីនោះឡើយ។ នេះបើតាមការចេញផ្សាយ នៅមុននេះបន្តិច ដោយ Channel News Asia នាព្រឹកថ្ងៃសៅរ៍ ទី០៣ ខែកញ្ញា ឆ្នាំ២០១៦។

លោកស្រី Rousseff វ័យ ៦៨ឆ្នាំ ដែលជាមេដឹកនាំមកពី គណបក្សឆ្វេងនិយមនោះ ត្រូវតែចាកចេញពីការិយាល័យ ប្រធានាធិបតី Alvorada ក្នុងរដ្ឋធានី Brasilia ក្នុងអំឡុងពេលមួយខែ បន្ទាប់ពីសមាជិកព្រឹទ្ធសភា បានបោះឆ្នោតកាលពីព្រហស្បតិ៍ប៉ុន្មានថ្ងៃមុននេះ ដោយសម្រេចដកលោកស្រី ចេញពីតំណែងប្រធានាធិបតី ជាផ្លូវការតែម្តង ក្រោយពីបានរកឃើញថា លោកស្រី ពិតជាបានក្លែងបន្លំខ្ទង់ថិវកាជាតិ ដើម្បីបិទបាំងឱនភាពសេដ្ឋកិច្ចយ៉ាងពិតប្រាកដ។

លោកស្រីបានលើកឡើងដូច្នេះថា «ខ្ញុំមិនរស់នៅទីក្រុង Brasilia ទៀតទេ... ខ្ញុំនឹងទៅ Porto Alegre ដែលជាស្រុកកំណើតរបស់ខ្ញុំនាសប្តាហ៍ក្រោយ»

នៅក្រោយការសម្រេចរបស់សមាជិកព្រឹទ្ធសភា លោកស្រី Rousseff បានចោទប្រធានាធិបតីថ្មី របស់ប្រេស៊ីល គឺលោក Temer ថា បានដឹកនាំរដ្ឋប្រហារមួយ ដែលឈានទៅដល់ ការបោះឆ្នោត ទម្លាក់លោកស្រី ចេញពីតំណែង។ លោកស្រី ក៏បានដាក់ពាក្យប្តឹងឧទ្ធរណ៍ ទៅកាន់តុលាការកំពូល ប្រេស៊ីលរួចហើយដែរ ដើម្បីប្រឆាំងទៅនឹងលោក Temer ដោយចោទលោកថា ជាអ្នករួមផ្សំគំនិតធ្វើរដ្ឋប្រហារឈាមត្រជាក់៕