(កណ្តាល)៖ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានគណ:ពង្រឹងមូលដ្ឋានស្រុកពញាឮនៅព្រឹកថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ ២០១៦ បានចុះជួបសំណេះសំណាលជាមួយបងប្អូនជា ប្រជាការពារនៅក្នុងស្រុកពញាឮចំនួន ២.៥២១នាក់។

ថ្លែងក្នុងពិធីសំណេះសំណាលនេះលោក លឹម គានហោ បានសំដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់​ ចំពោះបងប្អូនជាប្រជាការពារទាំងអស់ ដែលបានលះបង់ពេលវេលា កម្លាំងកាយ កម្លាំងចិត្ត និងប្រាជ្ញាស្មារតី ចូលរួមសហការជាមួយអាជ្ញាធរដែនដី ធ្វើឲ្យភូមិឃុំរបស់យើងមានសន្តិសុខ សណ្តាប់ធ្នាប់ល្អ ជាភូមិឃុំ ប្រកបដោយសុវត្ថិភាព ពិសេសគឺចូលរួមការពារសមិទ្ធផលនានា ដែលជាសម្បត្តិរួមរបស់យើងឲ្យបានគង់វង់យូរអង្វែង ដើម្បីជាប្រយោជន៍របស់យើងទាំងអស់គ្នា និងកូនចៅជំនាន់ក្រោយ។

លោករដ្ឋមន្ត្រីបានធ្វើការក្រើនរំលឹកដល់ប្រជាការពារទាំងអស់ សូមអញ្ជើញទៅចុះឈ្មោះបោះឆ្នោត និងណែនាំបង ប្អូន កូន ក្មួយ និងសាច់ញាតិ អ្នកជិតខាង ដែលគ្រប់អាយុបោះឆ្នោត ទៅចុះបោះឆ្នោតឲ្យបានគ្រប់ៗគ្នា ដើម្បីត្រៀមបោះឆ្នោតក្រុមប្រឹក្សាឃុំ និងបោះឆ្នោតសកលនាឆ្នាំ២០១៧ និង២០១៨ខាងមុខនេះ។ លោកបានសង្កត់ធ្ងន់ថា បើយើងមិនបានចុះឈ្មោះទេ គឺយើងមិនមានសិទ្ធិនៅក្នុងការ បោះឆ្នោតនាពេលខាងមុខឡើយ។

នៅក្នងឱកាសជួបសំណេះសំណាលនេះដែរលោក រដ្ឋមន្ត្រីបានឧបត្ថម្ភដល់បងប្អូនប្រជាការពារទូទាំងស្រុកពញឮ នូវ៖
-ឯកសណ្ឋានប្រជាការពារ​ (អាវ ខោ មួក ស្បែកជើង) ចំនួន២.៥២១កំប្លេ ២- អាវចំណាំងផ្លាតចំនួន៦៤៥អាវ ៣-បំពាក់វិទ្យុទាក់ទងបន្ថែម ដើម្បីអាចឲ្យបងប្អូនទាក់ទងគ្នាបានទូទាំងស្រុក
៤-ផ្តល់ប្រាក់ឧបត្ថម្ភប្រចាំខែ ដល់ប្រជាការពារទាំងអស់ ម្នាក់ៗ ៤០.០០០រៀល ក្នុង១ខែ។
៥-ឧបត្ថម្ភប្រជាការពារ កងកម្លាំងប្រដាប់អាវុធ និងអ្នកចូលរួមក្នុងពិធីនេះ សរុប២.៨០០នាក់ ក្នុងម្នាក់ៗ ចំនួន១០.០០០រៀល៕