(កណ្តាល)៖ ស្ពាន ផ្លូវក្រាលគ្រួសក្រហម និងផ្លូវចាក់បេតុងមួយខ្សែ ដែលមានតម្លៃសរុបជាង ៩០ម៉ឺនដុល្លារអាមេរិក បានចាប់ផ្តើមដំណើរការសាងសង់ ហើយនៅព្រឹកថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៦នេះ ជាមួយការរំពឹងថា នឹងជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ នៅក្នុងស្រុកកោះធំ ជាពិសេសនៅក្នុងឃុំ ពោធិ៍បាន និងឃុំកំពុងកុងកាន់តែងាយស្រួល។

ស្ពានបេតុង ដែលបើកការដ្ឋានសាងសង់នាព្រឹកនេះ មានប្រវែង១៥ម៉ែត្រ ទទឹង ៨ម៉ែត្រ ឆ្លងកាត់ព្រែកឌុយ ស្ថិតនៅក្នុងឃុំពោធិ៍បាន ដោយគ្រោងចំណាយថវិកាប្រមាណ ៦០០លានរៀល ស្មើនិងប្រមាណ ១៥ម៉ឺនដុល្លារ។ ដោយឡែកផ្លូវលំក្រាលគ្រួសក្រហម និងផ្លូវបេតុងប្រវែងសរុប ៧,៣៥០ម៉ែត្រ ស្ថិតនៅក្នុងភូមិល្វាទោង ឃុំកំពង់កុងវិញ គ្រោងចំណាយថវិកាប្រមាណ ៣២០០លានរៀល ស្មើនិងប្រមាណ ៨០ម៉ឺនដុល្លារអាមេរិក។

ថ្លែងក្នុងពិធីបើកការដ្ឋាននាព្រឹកនេះ លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានក្រុម ការងារថ្នាក់ជាតិចុះជួយស្រុកកោះធំ បានថ្លែងថា ស្រុកកោះធំ ទទួលបានការសាងសង់ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធជាច្រើន ដែលមានដូច ជាស្ពាន ផ្លូវ សាលារៀនជាដើម ដែលសុទ្ធសឹងតែបានចូលរួមចំណែកផ្តល់ប្រយោជន៍យ៉ាងសំខាន់សម្រាប់ដល់ការធ្វើដំណើរ និងការប្រ កបរបរចិញ្ចឹមជីវិតរបស់ប្រជាពលរដ្ឋ។

លោក ស៊ុន ចាន់ថុល បានគូសបង្ហាញប្រជាពលរដ្ឋចូលរួមក្នុងពិធីថា សមិទ្ធផលទាំងអស់នេះ គឺកើតចេញពីការយកចិត្តទុកដាក់ពី ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន។ លោកទេសរដ្ឋមន្រ្តីថ្លែងថា «សម្តេចតេជោ ហ៊ុន សែន លោកតែងតែយកចិត្តទុក ដាក់ខ្ពស់ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋ ហើយស្ពាន និងផ្លូវ ត្រូវបានសម្តេចចាត់ទុកជាកត្តាអាទិភាព និងចាំបាច់ក្នុងការដោះស្រាយ ជូនប្រជាពលរដ្ឋ ព្រោះមានស្ពាន មានផ្លូវ គឺបានផ្តល់ក្តីសង្ឃឹមសម្រាប់ប្រជាពលរដ្ឋក្នុងការប្រកបរបរចិញ្ចឹមជីវិត»

ទន្ទឹមនិងការទទួលបានសមិទ្ធផលថ្មីនេះ លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានទទូចឲ្យប្រជាពលរដ្ឋទាំងអស់ ចូលរួមថែទាំសម្បត្តិរួម ទាំងអស់នេះ ឲ្យបានគង់វង់យូរវែង៕