(សៀងហៃ)៖ អតីតនាយករដ្ឋមន្ត្រីអូស្ត្រាលីលោក Kevin Rudd បាននិយាយថា ពិភពលោកកំពុងរង់ចាំ ទទួលយកនូវលទ្ធផល ដ៏ជោគជ័យ ដែលស្តែងចេញពី កិច្ចប្រជុំកំពូល G20 ដែលនឹងប្រព្រឹត្តទៅនៅ ក្នុងទីក្រុង ហាងចូវ ប្រទេសចិន នាចុងសប្តាហ៍នេះ។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយទីភ្នាក់ងារ ព័ត៌មានចិនស៊ិនហួរ នាល្ងាចថ្ងៃសុក្រ ទី០២ ខែកញ្ញា ឆ្នាំ២០១៦។

លោក Rudd បានសង្កត់ធ្ងន់ដូច្នេះថា កិច្ចប្រជុំ G20 គឺជារដ្ឋបាលស្នូលរបស់សកលលោក ហើយវាពិតជា សំខាន់ណាស់ ដើម្បីជម្រុញការលូតលាស់ របស់សេដ្ឋកិច្ចអន្តរជាតិឡើងវិញ។ ជាការពិតបញ្ហាធ្លាក់ចុះនៃ សេដ្ឋកិច្ចរបស់ពិភពលោក នៅមិនទាន់ត្រូវបានដោះស្រាយនៅឡើយទេ ដូច្នេះហើយបណ្តាប្រទេសធំៗ ត្រូវតែបង្ហាញពីគោលនយោបាយ និងការរួបរួមគ្នាដើម្បីស្វែងរក គន្លឹះដោយស្រាយបញ្ហាទាំងឡាយនោះ។

គួរបញ្ជាក់ថា លោក Rudd ក៏បានលើកឡើងផងដែរ អំពីតួនាទីដែលមិនអាចមាន អ្នកមកជំនួសបានរបស់ចិន ទៅលើការដោះស្រាយ បញ្ហានានាទាក់ទងនឹង ការអភិវឌ្ឍសេដ្ឋកិច្ចសកល អំឡុងពេលនៃកិច្ចប្រជុំ G20 ដែលនឹងប្រព្រឹត្តនៅថ្ងៃទី០៤ និង ទី០៥ ខែកញ្ញា នៅទីក្រុង ហាងចូវ ភាគខាងកើតប្រទេស។ លោក Rudd ក៏បានអំពាវនាវឲ្យ UN ដោះស្រាយការប្រកួតប្រជែងនានា នៅក្នុងសហគមន៍អន្តរជាតិផងដែរ៕