(កណ្ដាល)៖ ក្រដាសមួយសន្លឹកដែល វាយដោយកុំព្យូទ័រ ត្រូវបានអ្នករត់ម៉ូតូឌុបយក មកប្រគល់អោយដល់ការិយាល័យ និពន្ធរបស់ Fresh News សូមអោយជួយចុះផ្សាយខ្សឹប ទៅលោករដ្ឋមន្ត្រីក្រសួងរៀបចំ ដែនដីនគរូបនីយកម្ម និងសំណង់ មេត្តាជួយចាត់ក្រុមមន្ត្រី អធិការកិច្ចចុះ ទៅត្រួតពិនិត្យលើការងារ ដឹកនាំតាមបែបពុករលួយ និងបក្ខពួកនិយមរបស់លោក ប្រធានការិយាល័យ ភូមិបាលស្រុកអង្គស្នួល ខេត្តកណ្ដាលផង បើមិនដូច្នោះទេការបែកបាក់ សាមគ្គីផ្ទៃក្នុងច្បាស់ជាផ្ទុះ ឡើងនៅថ្ងៃណាមួយជាមិនខាន។

ខ្លឹមសារក្នុងលិខិតបានរៀបរាប់ថា បច្ចុប្បន្ននេះលោកលី វឌ្ឍនា ដែលបានឡើងធ្វើជាប្រធាន ការិយាល័យភូមិបាល ស្រុកអង្គស្នួលជាង ១០ឆ្នាំ មកនេះគឺដឹកនាំធ្វើការងារ តាមបែបបក្ខពួកនិយម ពុករលួយ ការងារណាបានលុយ បានប្រយោជន៏ ប្រមូលធ្វើតែបងប្អូនបក្ខពួកខ្លួន ប្រៀបដូចការិយាល័យរដ្ឋមួយនេះ ជាកម្មសិទ្ធិផ្ដាច់មុខរបស់ខ្លួន ទៅហើយ។

ចំណែកមន្ត្រី ផ្សេងៗដែលមិនមែន ជាបក្ខពួករបស់ខ្លួនវិញ ទាល់តែការងារណាអត់មានប្រយោជន៏ ទើបហៅប្រើ ធ្វើអោយមន្ត្រីខ្លះមាន ការថ្នាំងថ្នាក់មិនទៅធ្វើការក៏លោកប្រធានមិនខ្វល់ដែរ។ក្នុងនោះលិខិតបានរៀបរាប់ បន្ថែមទៀតថាជាក់ស្ដែង ដូចជារត់ការ អោយប្អូនថ្លៃបានចូលក្របខណ្ឌរដ្ឋ នៅក្នុងការិយាល័យភូមិបាលស្រុក តែមិនដែលមានមុខទៅធ្វើការនោះទេ ទាល់តែថ្នាក់ លើចុះត្រួតពិនិត្យទើបហៅប្អូនថ្លៃ អោយមកកន្លែងធ្វើការបង្ហាញមុខ។

មិនតែប៉ុណ្ណោះលោកប្រធានបានឃុបឃិត ជាមួយមន្ត្រី ម្នាក់ឈ្មោះរើនយកមនុស្ស គ្មានក្របខណ្ឌមកធ្វើការងារ ចុះវាស់វែងដីធ្លី ដើរផ្ដិតមេដៃលើលិខិតលក់ផ្ដាច់នៅពេលមានការទិញ លក់ដីធ្លីម្ដងៗ ដើម្បីបានទទួលកំរៃពី សេវាទិញលក់នេះ។ចំណែកមន្ត្រីដែលមានជំនាញ មានក្របខណ្ឌគឺមិនប្រើឡើយ ព្រោះ មិនមែនជាបក្ខពួកខ្លួននាំអោយ បាត់ប្រយោជន៏ធ្វើអោយមន្ត្រីខ្លះអវត្តមានញឹកញាប់។

ក្រៅពីនេះលោកប្រធាននៅបានអោយ មន្ត្រីដែលជាបក្ខពួកផ្ទេរបងប្អូនពី កន្លែងផ្សេងៗមកធ្វើការនៅការិយាល័យ របស់ខ្លួនដើម្បីបង្កើនចំនួនបុគ្គលិក ជាខ្សែហោគាំទ្រ ខ្លួនអោយបានច្រើន និងបានប្រយោជន៏ពី ការផ្ទេរនេះទៀតផង ដូចជាផ្ទេរការងារ បងប្អូនរបស់មន្ត្រីឈ្មោះហង្ស និងឈ្មោះរើន ជាដើម។ នៅក្នុងទឹកដីនៃស្រុកអង្គស្នួលគឺសំបូរទៅដោយការទិញលក់ដីធ្លី ការសាងសង់សំណង់ផ្សេងៗ ជាពិសេសរោងចក្រ និងផ្ទះល្វេង ជាដើមដោយសារកំណើនសេដ្ឋកិច្ច ហើយការទិញលក់ និងសាងសង់សំណង់ខាងលើដែលខ្លះមានច្បាប់ ខ្លះអត់ច្បាប់ ខ្លះទៀត មានច្បាប់ដែរ តែសាងសង់ខុសពី ប្លង់ដែលបានស្នើសុំវាគឺជាប្រភព ចំណូលដែលមិនចេះរីងស្ងួតរបស់ លោកប្រធានការិយាល័យ ដែលការបិទភ្នែកទទួលយក ប្រយោជន៏ពីសំណង់អត់ច្បាប់ និងសំណង់សង់ខុសប្លង់ ខាងលើនេះវាអាចជាដើមចម នាំអោយមាន វិបត្តិទៅថ្ងៃក្រោយ ដូចជាជំលោះជាមួយអ្នកជិតខាង និងកំរិតស្តង់ដានៃសំណង់ជាដើម។

ខាងលើនេះវាគ្រាន់តែ ជាការរៀបរាប់ត្រួសៗតែប៉ុណ្ណោះ តែគេក៏មិនទាន់ដឹងថាការរៀបរាប់ចោទប្រកាន់ ដូចខ្លឹមសារដែលមាន នៅក្នុងលិខិតនេះ ជារឿងពិតឬមួយវាគ្រាន់ជារឿងប្រឌិត ក្នុងន័យកាច់កុងគ្ នាឬយ៉ាងណានោះទេ។ដូច្នេះដើម្បីចង់ដឹងការពិតថាតើ លោកប្រធានការិយាល័យ ភូមិបាលស្រុកអង្គស្នួលពិតជាខូច ឬយ៉ាងណានោះ មានតែលោកទេសរដ្ឋមន្ត្រីជា សុផារ៉ា ចាត់តាំងក្រុម អធិការកិច្ចចុះស្រាវជ្រាវ ស្វែងរកការពិតតែប៉ុណ្ណោះ៕