(ភ្នំពេញ)៖ ឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំប្រទេសកម្ពុជា បានថ្លែងថា កិច្ចព្រមព្រៀងភាពជាដៃគូថ្មីមួយ រវាងសាកលវិទ្យាល័យ Arizona មកពីអាមេរិក និងសាកលវិទ្យាល័យ អាមេរិកាំងភ្នំពេញ (AUPP) នឹងធ្វើឱ្យ «សុបិន្តរបស់និស្សិតកម្ពុជា ជោគជ័យជាងពេលណាៗ ទាំងអស់»

ឯកអគ្គរដ្ថទូត William Heidt បានចំណាយពេលមួយព្រឹក នៅសាកលវិទ្យាល័យ AUPP កាលពីម្សិលមិញ ដើម្បីចូលរួមពិធីចុះហត្ថលេខា ដ៏មានសារៈសំខាន់ខាងលើ និងដើម្បីជួបជាមួយនិស្សិត AUPP ឆ្នាំទីបួនមួយក្រុម ដែលលោកថែ្លងថា លោក «ពិតជាមានការចាប់ អារម្មណ៍ខ្លាំង ទៅលើភាពជឿជាក់លើខ្លួនឯង ការចង់ចេះចង់ដឹងពីពិភពលោក និងជំនាញភាសាអង់គ្លេសរបស់និស្សិត  AUPP»

នៅឯពិធីចុះហត្ថលេខានៅ AUPP លោក Heidt បានសង្កត់ធ្ងន់ថា តាមរយៈកិច្ចព្រមព្រៀងនេះ និស្សិតកម្ពុជាកាន់តែច្រើនឡើងនឹងទទួល បានអត្ថប្រយោជន៍ពីការអប់រំបែបអាមេរិកាំងនៅ AUPP «ប្រកបដោយគុណភាពខ្ពស់បំផុត ដោយពុំចាំបាច់ចាកចេញពីប្រទេសកំណើត របស់ខ្លួនឡើយ»

លោក William Heidt បាន សម្តែងការគាំទ្រលើភាពជាដៃគូថ្មីនេះ ដោយថ្លែងបនែ្ថមថា «យើងបានមើលឃើញការចាប់អារម្មណ៍ កាន់តែច្រើន ឡើងពីសំណាក់និស្សិតកម្ពុជា ដែលចង់បានការអប់រំអាមេរិកាំង ដែលនឹងផ្តល់ដល់ពួកគេនូវជំនាញ និងបទពិសោធន៍ ដែលត្រូវការដើម្បីជោគជ័យ ក្នុងទីផ្សារការងារប្រកបដោយភាពប្រកួតប្រជែងខ្លាំងនេះ»

តាមរយៈកិច្ចព្រមព្រៀងខាងលើ និស្សិតដែលសិក្សានៅ AUPP នឹងទទួលបានសញ្ញាបត្រពីរ គឺមួយបានពី AUPP និងមួយទៀតពី សាកលវិទ្យាល័យ Arizona។

សាកលវិទ្យាល័យ Arizona ត្រូវបានទទួលស្គាល់ជា សាកលវិទ្យាល័យមួយក្នុងចំណោម សាកលវិទ្យាល័យឈានមុខលើពិភពលោក និងជាប់ចំណាត់ថ្នាក់ទី១៦ លើការទទួលបានការងារ ធ្វើរបស់និស្សិតបន្ទាប់ពីបញ្ចប់ការសិក្សា។

ទន្ទឹមនឹងនេះ សាកលវិទ្យាល័យ Arizona នាំមុខលើការស្រាវជ្រាវ ដោយវិនិយោគលើការស្រាវជ្រាវជាង៦០០លានដុល្លារក្នុងមួយឆ្នាំៗ និងជាប់ចំណាត់ថ្នាក់ទី៦២ ក្នុងចំណោមជាង៥៣០០ សាកលវិទ្យាល័យ និងគ្រឹះស្ថានអប់រំឧត្តមសិក្សារដ្ឋ និងឯកជននៅអាមេរិក។

ចំពោះព័ត៌មានបនែ្ថម ឬចម្ងល់ផេ្សងៗ សូមទាក់ទងបណ្ឌិត Billie Jean Slott ទូរស័ព្ទលេខ ០៩២ ៧៣១ ០៦៩ (ផ្នែកភាសាអង់គ្លេស) និងលោក អេត និត តាមទូរស័ព្ទលេខ ០១២ ៨៩៨១២៤ (ភាសាខ្មែរ) អ៊ីម៉ែល [email protected] គេហទំព័រ www.aupp.edu.kh ៕