(សេអ៊ូល)៖ វាជារឿងដ៏លំបាកបំផុតមួយ សម្រាប់មេដឹកនាំកូរ៉េខាងត្បូង ដែលត្រូវធ្វើការបកស្រាយចំពោះ ប្រទេសជិតខាងឲ្យយល់ពី ចេតនារបស់ខ្លួន សម្រាប់ការដាក់ពង្រាយប្រព័ន្ធការពារ គ្រាប់មីស៊ីលកម្រិតខ្ពស់ THAAD ខណៈដែលក្នុងប្រទេសកូរ៉េខាងត្បូង ខ្លួនឯងផ្ទាល់ ក៏មិនទាន់មានការយល់ស្របគ្នា នៅឡើយនោះ។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួរ នារសៀលថ្ងៃសុក្រ ទី០២ ខែកញ្ញា ឆ្នាំ២០១៦។

ថ្លែងប្រាប់សារព័ត៌មានរុស្ស៊ី Rossiya Segodnya លោកស្រី ផាក គឺនហេ ប្រធានាធិបតីកូរ៉េខាងត្បូង បានបញ្ជាក់ថា «ភាពជាក់ស្តែងនោះ គឺត្រូវមើលទៅលើការគំរាមដោយអាវុធមីស៊ីល និង នុយក្លេអ៊ែរ ពីសំណាក់ប្រទេសកូរ៉េខាងជើង។ ប្រសិនបើការគំរាមទាំងនោះរលាយសាបសូន្យ គំរោងការដាក់ពង្រាយ ប្រព័ន្ធ THAAD ក៏ត្រូវបាត់បង់ទៅដោយធម្មជាតិរបស់វាដែរ»

ចម្លើយបែបនេះក៏ទំនងជានឹងត្រូវ ផ្តល់ជូនប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀ ពូទីន ផងដែរ ខណៈដែល មេដឹកនាំប្រទេសទាំងពីរ កូរ៉េខាងត្បូង-រុស្ស៊ី នឹងត្រូវជួបពិភាក្សាទ្វេភាគីដាច់ដោយឡែកមួយ នៅក្នុងអំឡុង ពេលនៃកិច្ចប្រជុំ G20 ដែលនឹងចំឡើងនៅទីក្រុងហាងចូវ ប្រទេសចិន នាចុងសប្តាហ៍នេះ។ ទោះបីជាបែបនេះ ក្តី ប្រទេសកូរ៉េខាងត្បូងនឹងនៅតែព្យាយាម ការពារគំរោងរបស់ខ្លួន ដែលមានអាមេរិក នៅពីក្រោយខ្នង ដោយ យកហេតុផលថា ជាការពារភាពគគ្លើន និងការគំរាមជាក់ស្តែង ដោយកូរ៉េខាងជើង៕