(ភ្នំពេញ)៖ ក្រសួងសុខាភិបាលបានបញ្ជាក់ឲ្យដឹងថា នៅរយៈពេល៧ខែ ឆ្នាំ២០១៦នេះ មានប្រជាពលរដ្ឋប្រមាណជាង៦លាននាក់ បានប្រើប្រាស់សេវាថែទាំសុខភាព នៅមណ្ឌលសុខភាព និងមន្ទីរពេទ្យរដ្ឋទូទាំងប្រទេសកម្ពុជា។

របាយការណ៍ស្ថិតិរបស់ក្រសួងសុខាភិបាល ដែលអង្គភាព Fresh News ទទួលបាននៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៦ បានឲ្យដឹងថា ចាប់ពីខែមករា ដល់ខែកក្តដា ឆ្នាំ២០១៦ ប្រជាពលរដ្ឋបានពិនិត្យ ពិគ្រោះជំងឺក្រៅចំនួន ៦០,៧៧,៨១០ករណី ក្នុងនោះករណីថ្មីចំនួន ៥,៥១០,២៤៨ ករណី។

ប្រជាពលរដ្ឋដែលមកទទួល ការពិនិត្យពិគ្រោះជំងឺ ទាំង៦,០៧៧,៨១០ករណី ទទួលបានការគាំទ្រក្រោមកម្មវិធីមូលនិធិសមធ៌ ដែលផ្តល់មូលនិធិដោយរាជរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍ចំនួន ៨១៣,៤៦២ករណី និងទទួលបានលើកលែងការបង់ថ្លៃសេវា តាមគោលនយោបាយ របស់រាជរដ្ឋាភិបាល ចំនួន៦២០,៥៤២ករណី។

ក្រសួងសុខាភិបាលបានឲ្យដឹងទៀតថា រយៈពេល៧ខែដើមឆ្នាំនេះ មានប្រជាពលរដ្ឋដែលត្រូវសម្រាលកូន សរុបចំនួន១៦៨,៩១៧នាក់ ក្នុងនោះសម្រាល នៅមណ្ឌលសុខភាព ចំនួន៩៣,៧៦៤នាក់។ ក្នុងចំណោមអ្នកសម្រាលកូនទាំងអស់ មាន១១,៧១៥នាក់ គាំទ្រដោយ កម្មវិធីមូលនិធិសមធ៌ របស់រាជរដ្ឋាភិបាលនិងដៃគូអភិវឌ្ឍន៍ ខណៈ៧,០៦៣នាក់ ទទួលបានការលើកលែងការបង់ថ្លៃសេវា របស់រាជរដ្ឋាភិបាល៕