(កណ្តាល)៖ នៅព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៦នេះ មានការលើកឡើងមួយចំនួនថា មានសកម្មជន និងអ្នកអង្កេតការណ៍ ចុះឈ្មោះបោះឆ្នោត ឃុំលើកដែក នៅស្រុកលើដែក ខេត្តកណ្តាល បានប្រឈមមុខទប់ទល់ ជនជាតិវៀតណាម មិនឲ្យចុះឈ្មោះបោះឆ្នោត រហូតនិយាយទៀតថា អាជ្ញារធរការពារជនជាតិ វៀតណាមទៀតផង។

ភ្លាមៗ និងមានការសួរនាំពីថ្នាក់លើនោះ អធិការនគរបាលស្រុកកោះធំ លោក ឈឿន ប៊ុនឆន បានចុះទៅកាន់មណ្ឌលចុះឆ្នោតផ្ទាល់តែម្តង ហើយបានបញ្ជាក់ថា «ពុំមានបាតុភាពបែបនេះ កើតឡើងឡើយ គឺដំណើរការចុះឈ្មោះបោះឆ្នោត បានប្រព្រឹត្តទៅដោយរលូន ពោលមានតែប្រជាពលរដ្ឋ ដែលមិនទាន់គ្រប់អាយុបោះឆ្នោត ទៅចុះឈ្មោះ ហើយត្រូវមន្រ្តីនៅទីនោះ មិនអនុញ្ញាតឲ្យ»

លោក ឈឿន ប៊ុនឆន បានបញ្ជាក់ថា «នៅឃុំលើកដែក មានការិយាល័យចុះឈ្មោះបោះឆ្នោត នៅនៅសាលាឃុំលើកដែក ចាប់តាំងពីព្រឹកមក មានសភាពរលូនល្អណាស់មិនមានបាតុភាព អ្វីកើតឡើងទេ»

លោកអធិការក៏បានបញ្ជាក់ផងដែរ សម្រាប់នៅមណ្ឌល ចុះឈ្មោះឆ្នោតខាងលើនេះ គឺកម្លាំងនគរបាលរបស់លោក ទាំងកម្លាំងអន្តរាគមន៍ បានឈរជើងនៅទីនោះស្រាប់ ដើម្បីការពារសន្តិសុខ និងសណ្តាប់ធ្នាប់ជូន ប្រជាពលរដ្ឋ អញ្ជើញទៅចុះឈ្មោះបោះឆ្នោត។ លោក ឈឿន ប៊ុនឆន បានបន្តថា បើសិនមានបញ្ហាអ្វីកើតឡើងនោះ គឺត្រូវធ្វើការប្តឹងផ្តល់ទៅមន្រ្តី នៅការិយាល័យចុះឈ្មោះ បោះឆ្នោត មិនត្រូវទៅរារាំង ឬបង្កបញ្ហាអ្វីនោះទេ បើមិនដូច្នេះលោកនឹងប្រើវិធាន ការច្បាប់យ៉ាងតឹងរឹងបំផុត៕