(កំពង់ឆ្នាំង)៖ សម្រាប់ការជួយផ្តល់អាគារសិក្សាជាច្រើនខ្នង បើគិតជាទឹកប្រាក់ខ្ទង់លានដុល្លារនៅខេត្តកំពង់ឆ្នាំងនោះ លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សនៅតាមសាលា បានចេញលិខិតថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងឱកាសដែលសម្តេចបាន ទៅចុះសួរសុខទុក្ខផ្ទាល់ប្រជាពលរដ្ឋ នៅខេត្តជាប់បឹងទន្លេសាបមួយនេះ កាលពីថ្ងៃទី៩-១០ ខែសីហា ឆ្នាំ២០១៦កន្លងទៅ។

យោងតាមលិខិតថ្លែងអំណរគុណ របស់លោកនាយកតាមសាលានីមួយៗ ដែលអង្គភាព Fresh News ទទួលបាននៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៦នេះ បានបញ្ជាក់ថា «បន្ទាប់ពីបានជួប និងប្រាស្រ័យទាក់ទងដោយផ្ទាល់ជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា នាថ្ងៃទី៩-១០ ខែសីហា ឆ្នាំ២០១៦ នាឱកាសដែលសម្តេចតេជោ បានឆ្លៀតពេលដ៏មមាញឹក ចូលសួរសុខទុក្ខ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សនៅតាមសាលា យើងខ្ញុំទាំងអស់គ្នា បានមើលឃើញយ៉ាងច្បាស់ថា សម្តេចតេជោ នាយករដ្ឋមន្រ្តី ពិតជាថ្នាក់ដឹកនាំប្រកបដោយវីរភាព សមត្ថភាព និងភាពសាមញ្ញដ៏ស័ក្តិសមបំផុត ហើយបានដឹងសុខទុក្ខយ៉ាងជិតស្និទ្ធជាមួយលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ដែលយើងទាំងអស់គ្នាមិនអាចបំភ្លេចបានឡើយ»។

ជាមួយគ្នានេះ តាមរយះលិខិតថ្លែងអំណរគុណនេះ លោកគ្រូអ្នកគ្រូទាំងនោះ បានបង្ហាញការគាំទ្រថា នឹងបោះជូនគណបក្សប្រជាជនកម្ពុជា ដើម្បីគាំទ្រសម្តេចតេជោ ធ្វើជានាយករដ្ឋមន្រ្តីបន្តទៀត។

យោងតាមរបាយការណ៍របស់លោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង បានបង្ហាញពីអំណោយដ៏ធំៗ ជាច្រើនដែលសម្តេចតេជោ ហ៊ុន សែន ផ្តល់ជូនបងប្អូនប្រជាពលរដ្ឋ ក្រុមអាជីវករ ព្រមទាំងលោកគ្រូ អ្នកគ្រូ សិស្សានុសិស្សរួមមាន៖ ទី១-សម្រាប់សាលាគរុកោសល្យ និងវិក្រឹត្យការខេត្ត ទទួលបានអាគារ១ខ្នង ២ជាន់១២បន្ទប់ និងលុបស្រះទឹក២កន្លែង ដើម្បីរៀបចំទីលានកីឡា
ទី២-សម្រាប់វិទ្យាល័យព្រះបាទសុមរាម្រឹត ទទួលបានអាគារ១ខ្នង ៣ ជាន់ ១៨បន្ទប់ និងចាក់ដីទីធ្លាសាលា ដើម្បីរៀបចំទីលានកីឡា
ទី៣-សម្រាប់វិទ្យាល័យ ហ៊ុន សែន រលាប្អៀរ ទទួលបានអាគារ១ខ្នង ២ជាន់ ១២បន្ទប់ ជីកស្រះមួយកន្លែងយកដីចាក់ទីធ្លាធ្វើទីលានកីឡា និងធ្វើរបងព័ទ្ធជុំវិញសាលា
ទី៤-សម្រាប់វិទ្យាល័យបរិបូណ៌ត្បូង ទទួលបានអាគារសិក្សា១ខ្នង ២ជាន់ ១២បន្ទប់ ទីចាត់១ខ្នង បណ្ណាល័យ១ខ្នង ជីកស្រះមួយកន្លែងយកដីចាក់ទីធ្លាសាលា និងធ្វើរបងព័ទ្ធជុំវិញសាលា
ទី៥-វិទ្យាល័យ ហ៊ុន សែន បរិបូណ៌ទទួលបានអាគារ២ខ្នង ២ជាន់ ២៤បន្ទប់ ជួសជុលអាគារសម្តេចចាស់ដែលខូច ទីចាត់ការ១ខ្នង ជីកស្រះមួយកន្លែងយកដីចាក់ទីលានកីឡា។

ដោយឡែក នៅថ្ងៃដែលសម្តេចតេជោ ត្រឡប់មកពីខេត្តពោធិ៍សាត់វិញនោះ សម្តេចក៏បានឧបត្ថម្ភបន្ថែមទៀតរួមមាន៖ ទី១-សម្រាប់វិទ្យាល័យក្រុងកំពង់ឆ្នាំង ទទួលបានអាគារសិក្សា១ខ្នង ២ជាន់ មាន១២បន្ទប់ ជួសជុលអាគារចាស់២ខ្នង ១២បន្ទប់ អាគារទីចាត់ការ១ខ្នង ៣បន្ទប់ ជីកស្រះមួយកន្លែងយកដីចាក់ទីលានកីឡា និងធ្វើរបងព័ទ្ធជុំវិញបរិវេណសាលា ទី២-សម្រាប់សាលាមតេយ្យទីរួមខេត្ត ទទួលបាន អាគារសិក្សា១ខ្នង ៦បន្ទប់ ចាក់សាបទីធ្លាសាលារៀន បន្ទប់១ខ្នង ៤បន្ទប់ និងតបណ្តាញទឹក ទី៣-ប្រគេនថវិកាជូនព្រះសង្ឃវត្តខេមវន្ត សម្រាប់ផ្សព្វផ្សាយព្រះធម៌ចំនួន១ មឺុនដុល្លារ ទី៤-វិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន រលាប្អៀរ ទទួលបានអាគារសិក្សា ១ខ្នង ២ជាន់ ១២បន្ទប់ អាគារទីចាត់១ខ្នង ៣បន្ទប់ ធ្វើផ្លូវចូលប្រវែង៨០៨ ម៉ែត្រដោយចាក់បេតុង និងធ្វើរបងព័ទ្ធជុំវិញ១២១២ម៉ែត្រ ទី៥-សាលាបឋមសិក្សា ប៊ុន រ៉ានី ហ៊ុន សែន ព្រៃខ្មែ ទទួលបានអាគារទីចាត់ការ១ខ្នង ៣បន្ទប់ ជួសជុលអាគារសិក្សា៣ខ្នង ១៥បន្ទប់ និងបំពាក់សង្ហារឹម ក្រាលការ៉ូមេតេយ្យសិក្សា១ខ្នង ៣បន្ទប់ ធ្វើរបងព័ទ្ធជុំវិញសាលា ទី៦-វិទ្យាល័យ ហ៊ុន សែន កំពង់ត្រឡាច ទទួលបានអាគារ១ខ្នង ៣ជាន់ ជីកស្រះ១កន្លែង យកដីចាក់ទីលានកីឡា និងឈូសសំអាតទីធ្លាសាលាខាងមុខ និងទី៧-ចាក់ដីលុបបំពេញស្រះ១កន្លែង។

បើតាមលោកអភិបាលខេត្ត សម្រាប់បងប្អូនអាជីវករវិញ នឹងអាចមានសិទ្ធិលក់ដូររហូតដល់ឆ្នាំ២០៤០ ដែលអំណោយ និងដំណោះស្រាយបែបនេះ ពិតជាបានបញ្ចប់នូវទុក្ខលំបាករបស់ប្រជាពលរដ្ឋ នៅទូទាំងខេត្តដែលមានកន្លងមក៕