(ភ្នំពេញ)៖ របាយការណ៍គ្រោះថ្នាក់ចរាចរណ៍ ទូទាំងប្រទេសរយៈពេលពេញ១ខែសីហា ឆ្នាំ២០១៦ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការនគរបាលជាតិ ក្រសួងមហាផ្ទៃបានឲ្យដឹងថា នៅខែសីហាកន្លងទៅនេះ គ្រោះថ្នាក់ចរាចរណ៍បានកើតឡើង ២៨០លើក បណ្តាលឲ្យមនុស្សស្លាប់១៣០នាក់ និងរបួសធ្ងន់ស្រាល៤៦៦នាក់ (របួសធ្ងន់២៨៤នាក់ និងរបួសស្រាល១៨២នាក់)។

បើប្រៀបធៀបគ្រោះថ្នាក់ចរាចរណ៍ប្រចាំខែសីហា ជាមួយនឹងខែកក្កដា ឆ្នាំ២០១៦ ឃើញថា​ គ្រោះថ្នាក់ចរាចរណ៍ បានថយចុះ១៥លើក ប៉ុន្តែចំនួនអ្នកស្លាប់បានកើនឡើង១១នាក់ ខណៈអ្នករងរបួសធ្ងន់ថយចុះ២១នាក់ និងរបួសស្រាលថយចុះ១៥នាក់។

ដោយឡែកបើធ្វើការប្រៀបធៀប គ្រោះថ្នាក់ចរាចរណ៍ក្នុងខែសីហា ឆ្នាំ២០១៦ ទៅនឹងខែសីហាដូចគ្នាឆ្នាំ២០១៥ ឃើញថា ករណីគ្រោះថ្នាក់ចរាចរណ៍កើនឡើង៧ករណី ប៉ុន្តែអ្នកស្លាប់បានថយចុះ២៣នាក់ ខណៈចំនួនអ្នករបួសធ្ងន់បានធ្លាក់ចុះ១២នាក់ និងរបួសស្រាលធ្លាក់ចុះ៤៦នាក់៕