(វែលីងតោន)៖ បន្ទាប់ពីហេតុការណ៍រញ្ជួយដីកម្រិត ៧,១រ៉ិចទ័រមួយ បានវាយប្រហារក្បែរឆ្នេរសមុទ្រ ភាគខាងជើង នៃប្រទេសនូវែលសេឡង់ កាលពីវេលាយប់ឈានចូលថ្ងៃសុក្រនេះ ខណៈប្រជាពលរដ្ឋរស់នៅ ក្បែរតំបន់នោះ ត្រូវបានអំពាវនាវដោយ ក្រសួងការពារប្រជាជនស៊ីវិល ឲ្យព្យាយាមនៅឆ្ងាយពីឆ្នេរសមុទ្រ។ នេះបើតាមការផ្សាយ ដោយភ្នាក់ងារព័ត៌មាន ចិនស៊ិនហួរ នៅថ្ងៃសុក្រ ទី០២ ខែកញ្ញា ឆ្នាំ២០១៦។

នៅក្រោយគ្រោះធម្មជាតិដ៏កក្រើកនេះ ក្រសួងខាងលើបាន ចេញសេចក្តីប្រកាសអាសន្នភ្លាមៗ ដោយញ្ជាក់ថា ទោះបីជាសកម្មភាពមួយចំនួន នៃព្យុះរលកសមុទ្រ បានកន្លងផុតទៅក៏ដោយ ក៏នៅតាមបណ្តារឆ្នេរសមុទ្រ អាចនឹងនៅទទួលរងភាពមិនប្រក្រតី ដូចជាចរន្តសំពាធប្រែប្រួល ទឹករលកបោកបក់ខ្លាំង និង កម្ពស់នីវ៉ូទឹកសមុទ្រឡើងចុះមិននឹងនរជាដើម។

ចំណែកឯសេចក្តីរាយការណ៍ ពីការខូចខាចវិញ គឺមានតែការដាច់អគ្គីសនីនៅតំបន់ Gisborne East Cape តែប៉ុណ្ណោះ ហើយត្រូវរពឹងថា នឹងវិលទៅរកសភាពវិញ ក្នុងពេលឆាប់ៗ ហើយដោយឡែក សម្រាប់មនុស្ស រងគ្រោះថ្នាក់នោះ គឺពុំទាន់មានសេចក្តីរាយការណ៍ ណាបញ្ជាក់ថាកើតមាននោះឡើយ។ ម៉្យាងវិញទៀត ស្ថានីយ៍រថភ្លើងមួយចំនួននៅតំបន់ Auckland ក៏ត្រូវ បានផ្អាកការធ្វើដំណើរ ជាបណ្តោះអាសន្នផងដែរ។

គួរបញ្ជាក់ផងដែរថា គ្រោះរញ្ជួយដី នៅប្រទេសនូវែលសេឡង់ បានកើតឡើងនៅវេលាម៉ោង ៤៖៣៧នាទី ព្រឹក ម៉ោងនៅទីក្រុងវែលីងតោន ស្ថិតនៅចង្ងាយប្រមាណ ១៣០គីឡូម៉ែត  ភាគខាងជើង ឈៀងខាងកើត នៃតំបន់ Te Araora ពីជម្រៅដី ១៥៣គីឡូម៉ែត្រ។ នេះជាការលើកឡើងរបស់ទីភ្នាក់ងារ រាជរដ្ឋាភិបាល GeoNet៕