(ភ្នំពេញ)៖ ពលរដ្ឋខេត្តក្រចេះ២២នាក់ និងខេត្តកណ្ដាលម្នាក់ ដែលបានទៅធ្វើការនៅប្រទេសម៉ាឡេស៊ី ហើយត្រូវប៉ូលីសនៅរដ្ឋ Kedah ចាប់ដាក់ពន្ធនាគារនោះ ត្រូវបានអាជ្ញាធរម៉ាឡេស៊ីសម្រេចដោះលែងវិញ ហើយត្រូវបញ្ជូនមកដល់កម្ពុជានៅសប្ដាហ៍ក្រោយនេះ។

បើយោងតាមលិខិត របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ ដែលអង្គភាព Fresh News ទទួលបាននៅព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៦នេះ បានបញ្ជាក់ថា ក្រសួង បានណែនាំស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំ ប្រទេសម៉ាឡេស៊ី អន្តរាគមន៍ជួយឲ្យមាន ការដោះលែងពលរដ្ឋខ្មែរ២៣នាក់ (ប្រុស២០នាក់ និងស្រី៣នាក់) ក្នុងនោះមានពលរដ្ឋខេត្តក្រចេះ២២នាក់ និងខេត្តកណ្ដាលម្នាក់ ដែលត្រូវប៉ូលីសចាប់ខ្លួននៅរដ្ឋ Kedah ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៦កន្លងទៅនេះ ដោយមូលហេតុធ្វើការ ខុសច្បាប់ និងស្នាក់នៅហួសពេលកំណត់ ហើយរៀបចំមាតុភូមិនិវត្តន៍របស់ពលរដ្ឋ ទាំងអស់នោះមកកម្ពុជាវិញ។

ក្រសួងបានបន្ថែមថា តាមការទាមទាររបស់ស្ថានទូតកម្ពុជា នៅម៉ាឡេស៊ីនេះ ទើបអាជ្ញាធរម៉ាឡេស៊ីសម្រេចដោះលែង ហើយចៅកែ ម៉ាឡេស៊ី យល់ព្រមចេញថ្លៃសំបុត្រយន្តហោះជូនពលរដ្ឋទាំង២៣រូបនេះ ហើយពលរដ្ឋទាំង២៣រូប នឹងទៅដល់ព្រលានយន្តហោះ អន្តរជាតិភ្នំពេញ តាមជើងយន្តហោះ AK៥៣៤ នៅល្ថាចថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៦ សប្ដាហ៍ក្រោយនេះ៕