(ភ្នំពេញ)៖ ឆ្លើយតបនឹងការរីករាលដាលវិរុស Zika នៅប្រទេសសឹង្ហបុរី, ភ្លាមៗលោក ថោង​ ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានអំពាវ​នាវឲ្យប្រជាពលរដ្ឋខ្មែរ ធ្វើដំណើរទៅប្រទេសសិង្ហបុរី​ មានការប្រុងប្រយ័ត្នខ្ពស់ចំពោះ វីរុស​ Zika។

ការអំពាវនាវរបស់ លោក ថោង​ ខុន បានធ្វើឡើងស្របពេលដែល ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មានអំពាវនាវ ឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នចំពោះ វីរុស​​ Zika បន្ទាប់ពីជំងឺដ៏កាចសហាវមួយនេះកំពុងរីករាលដាល នៅតំបន់អាស៊ី ដូចជា ប្រទេសសឹង្ហបុរី មានករណីនេះកើនដល់ចំនួន១៥១, ប្រទេសឡាវ២ករណី, ប្រទេសវៀតណាម២ករណី, ថៃ៩៧ករណី និង ម៉ាឡេស៊ី១ ករណី។

ជាមួយនេះផងដែរ ទាក់ទងនឹងករណី វីរុស ​Zikaនេះ កាលពីពេលថ្មីៗនេះ ក្រសួងទេសចរណ៍ សហការជាមួយ ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក ក៏បានត្រួតពិនិត្យលើកីឡាករកម្ពុជា ដែលបានត្រឡប់ពីការប្រកួតកីឡាអូឡាំពិក នៅប្រទេសប្រេស៊ីលផងដែរកាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៦កន្លងទៅ។ ការត្រួតពិនិត្យ ដើម្បីបញ្ជាក់ឲ្យកាន់តែច្បាស់ថា កីឡាករកម្ពុជា មានសុខភាពល្អធម្មតា និងមិនមានការឆ្លងនូវវីរុសណាមួយប៉ះពាល់ដល់អាយុជីវិតរបស់ពួកគាត់ឡើយ។

សូមជំរាបថា ត្រឹមតែរយៈពេលមួយថ្ងៃប៉ុណ្ណោះ ពោលគឺនៅថ្ងៃព្រហស្បតិ៍ អ្នកឆ្លងវីរុស Zika ៣១ករណីទៀតត្រូវបាន ក្រុមគ្រូពេទ្យរកឃើញ ដែលជាហេតុនាំឲ្យចំនួនអ្នកឆ្លងវីរុស ដែលមានដើមកំណើតមកពីសត្វមូស បានកើនឡើងដល់ ១៥១នាក់ហើយនៅប្រទេសសិង្ហបុរី ក្នុងចំណោម នោះក៏មានជនជាតិចិន និងឥណ្ឌា ជាច្រើននាក់ផងដែរ។

ការរីករាលដាលនៃវីរុស ​Zika នេះ កំពុងតែបង្កការព្រួយបារម្ភដល់ពិភពលោក ជាពិសេសប្រទេសដែលកំពុងក្លាយជាមុខសញ្ញា ដែលអាចនឹងឆ្លងរីករាលដាលដល់។ យ៉ាងណាក៏ដោយ ថ្នាក់ដឹកនាំបណ្តាប្រទេសមួយចំនួនកំពុងតែអំពាវនាវឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះវីរុស ​Zika ដែលអាចបង្កគ្រោះថ្នាក់ដល់ អាយុជីវិតរបស់ប្រជាពលរដ្ឋដោយនឹកស្មានមិនដល់៕