(ភ្នំពេញ)៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានថ្លែងរំពឹងថា បញ្ជីឈ្មោះអ្នកបោះឆ្នោតថ្មី ដែលធ្វើតាមប្រព័ន្ធកុំព្យូ ទ័រនឹងធ្វើឲ្យគណបក្សនយោបាយទាំងអស់នៅកម្ពុជា អាចទទួលយកបានបូករួមទាំងគណបក្សសង្រ្គោះជាតិផងដែរ។

សម្តេចតេជោ ហ៊ុន សែន ថ្លែងដូច្នេះក្នុងពេលដែលសម្តេច និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន អញ្ជើញទៅចុះឈ្មោះបោះ ឆ្នោតនៅការិយាល័យបោះឆ្នោតនៅសាលាសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល នារសៀលថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៦នេះ។

ក្នុងបទសម្ភាសន៍ជាមួយក្រុមអ្នកព័ត៌មានបន្ទាប់ពីបញ្ចប់ការចុះឈ្មោះបោះឆ្នោត សម្តេចតេជោ ហ៊ុន សែន បានថ្លែងរំលឹកទៅដល់ការ ចរចាជាមួយគណបក្សសង្រ្គោះជាតិ ក្នុងការកែទម្រង់បោះឆ្នោតកាលពីឆ្នាំ២០១៥កន្លងទៅ។ សម្តេចតេជោ ហ៊ុន សែន រំលឹកថា សម្តេច  គឺជាអ្នកទាមទារឲ្យធ្វើកំណែទម្រង់ប្រព័ន្ធបោះឆ្នោតឲ្យបានទូលំទូលាយ រួមទាំងការចុះបញ្ជីប្រព័ន្ធបោះឆ្នោតផងដែរ ខណៈថ្នាក់ដឹកនាំរ គណបក្សសង្រ្គោះជាតិ ស្នើសុំត្រឹមធ្វើកំណែទម្រង់ផ្លាស់ប្តូរថ្នាក់ដឹកនាំគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ប៉ុណ្ណោះ។

សម្តេចតេជោ បានរំលឹកផងដែរថា ដើម្បីឲ្យប្រព័ន្ធចុះឈ្មោះបោះឆ្នោតនៅកម្ពុជា កាន់តែមានភាពល្អប្រសើរ សម្តេច ក៏បានស្នើសុំឲ្យនា យករដ្ឋមន្រ្តីជប៉ុន លោក ស៊ិន ហ៊្សូអាបេ ជួយធ្វើកំណែទម្រង់ប្រព័ន្ធបោះឆ្នោតរួមទាំងប្រព័ន្ធចុះបញ្ជីឈ្មោះបោះឆ្នោតផងដែរ។

ជាមួយការដាក់ឲ្យដំណើរការប្រព័ន្ធចុះឈ្មោះឆ្នោតជាផ្លូវការនៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន បានបង្ហាញ ក្តីរំពឹងថា ប្រជាពលរដ្ឋទាំងអស់នឹងចូលរួមពេញលេញជាមួយដំណើរការ នៃលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ខណៈសម្តេចមើលឃើញថា ប្រព័ន្ធចុះឈ្មោះបោះឆ្នោតថ្មីតាមប្រព័ន្ធកុំព្យូទ័រមានភាពល្អប្រសើរ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការធ្វើបញ្ជីឈ្មោះបោះឆ្នោតថ្មីនេះ ដើម្បីធានាឲ្យបញ្ជីបោះឆ្នោតថ្មីមានសុក្រឹត្យភាព និង កុំឲ្យគណ បក្សនយោបាយខ្លះប្រើពាក្យថា បាត់ឈ្មោះអ្នកបោះឆ្នោត។ «ខ្លួនខ្ញុំផ្ទាល់ បានស្នើសុំទៅនាយករដ្ឋមន្រ្តី ស៊ិន ហ៊្សូអាបេ របស់ជប៉ុន ស្នើ សុំឲ្យមានការជួយកែទម្រង់ការបោះឆ្នោត។ ក្នុងនោះការចុះឈ្មោះបោះឆ្នោតសាជាថ្មីឡើងវិញនេះ ដើម្បីធានាឲ្យបញ្ជីបោះឆ្នោតមានសុ ក្រឹត្យភាព ហើយកុំឲ្យបក្សនយោបាយខ្លះចេះតែប្រើពាក្យថា បាត់មនុស្ស ឬក៏ខុសនេះ ខុសនោះ យើងចង់ឲ្យមានសុក្រឹត្យភាពច្បាស់ លាស់»

សម្តេចតេជោ បានបន្ថែមថា «ដូច្នេះសង្ឃឹមថា ប្រជាពលរដ្ឋយើងនឹងចូលរួមជាមួយដំណើរការប្រជាធិបតេយ្យ និងបច្ចេកវិទ្យាទំនើបរបស់ យើង ដែលយើងបាននិងកំពុងប្រើប្រាស់ ហើយចាប់ផ្តើមនៅថ្ងៃនេះ។ ខ្ញុំសូមយកឱកាសនេះ អំពាវនាវចំពោះប្រជាពលរដ្ឋទាំងអស់ បើ ទោះបីធ្លាប់បោះឆ្នោត៤-៥អាណត្តិហើយក៏ដោយ ក៏ប៉ុន្តែបញ្ជីបោះឆ្នោតមុនមិនត្រូវឲ្យប្រើប្រាស់ទៀតទេ។ ដូច្នេះបើចង់ប្រើសិទ្ធិរបស់ខ្លួន  គឺត្រូវតែអញ្ជើញមកចុះឈ្មោះបោះឆ្នោត»

ទន្ទឹមការដាក់ឲ្យដំណើរការចុះឈ្មោះបោះឆ្នោតថ្មីតាមប្រព័ន្ធកុំព្យូទ័រ ដែលធ្វើឡើងដោយមានការផ្ទៀងផ្ទាត់យ៉ាងល្អិតល្អន់នេះ សម្តេច តេជោ ហ៊ុន សែន បានបង្ហាញក្តីរំពឹងថា គ្រប់គណបក្សនយោបាយនៅកម្ពុជា នឹងអាចទទួលយកបាន ក្នុងនោះមានគណបក្សសង្រ្គោះ ជាតិផងដែរ ត្បិតប្រព័ន្ធចុះបញ្ជីឈ្មោះបោះឆ្នោតថ្មីនេះ គឺជាការកែទម្រង់ដ៏ធំមួយនៅកម្ពុជា ដែលមិនធ្លាប់មានពីមុនមក។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ដូច្នេះ «វាល្មមដល់ពេលបញ្ឈប់ហើយ បើសូម្បីតែចាញ់ Facebook ក៏តវ៉ាដែរ។ ខ្ញុំសង្ឃឹមថា គេមិនតវ៉ាបែបនេះទេ។ សង្ឃឹមថា បក្សនយោបាយនានា នឹងទទួលយកបានទាំងអស់គ្នា ព្រោះថា នេះជាការកែទម្រង់មួយ ដែលមិន ធ្លាប់មានពីមុនមក»

ក្នុងឱកាសអញ្ជើញទៅចុះឈ្មោះបោះឆ្នោតថ្មីនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសពីផែនការស្វែងរកអ្នកបោះឆ្នោតប្រមាណ ១ លាន ២សែននាក់ ដែលគណបក្សសង្រ្គោះជាតិ បានស្រែកថា បាត់ឈ្មោះកាលពីការបោះឆ្នោតក្នុងឆ្នាំ២០១៣ផងដែរ។

ប្រសិនបើការចុះឈ្មោះបោះឆ្នោតថ្មីនេះ នៅតែរកមិនឃើញអ្នកបោះឆ្នោតប្រមាណ ១លាន ២សែននាក់ ដែលគណបក្សសង្រ្គោះជាតិអះ អាងថាបាត់ទេនោះ វិធានការនឹងមានទៅលើគណបក្សសង្រ្គោះជាតិ បូករួមទាំងអ្នកដែលស្រែកថាទឹកខ្មៅលាងជ្រះផងដែរ។ នេះ បើតាម ការបញ្ជាក់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន។

សម្តេចតេជោ បានចាត់ទុកអ្នកស្រែកថា បាត់ឈ្មោះឆ្នោត និងទឹកខ្មៅលាងជ្រះនេះ ជាលេស ដើម្បីបង្កមហន្តរាយដល់សង្គម។ «សង្ឃឹម ថា នៅពេលខាងមុខយើងនឹងរកឃើញថា តើមនុស្ស ១លាន ២សែន ដែលគេធ្លាប់ថាបាត់នោះវាទៅណា នៅពេលដែលចុះឈ្មោះនេះ ហើយ។ យើងកំពុងតែប្រុងប្រៀបនូវការគិតគូរបែបនេះ ព្រោះនៅពេលបោះឆ្នោត២០១៣ គេថាបាត់ឈ្មោះ ១លាន ២សែននាក់ ឥឡូវ នេះយើងរង់ចាំមើលថា តើបន្ទាប់ពីចុះឈ្មោះនេះហើយ តើ១លាន ២សែននាក់នោះ មកចូលក្នុងបញ្ជីនេះ ឬក៏វានៅបាត់បន្ត។ បើសិនជា នៅបាត់បន្ត អ្នកដែលបំផុសឲ្យមានរឿងនេះ កាលពីពេលមុនត្រូវទទួលខុសត្រូវបែបណានេះជាបញ្ហាមួយ»

កម្ពុជាបានចាប់ផ្តើមដំណើរការបោះឆ្នោតក្រោយពេលបញ្ចប់សង្រ្គាមក្នុងអាណត្តិទី១ កាលពីឆ្នាំ១៩៩៣។ ការបោះឆ្នោតនៅកម្ពុជា រយៈពេល ៥អាណត្តិកន្លងមកនេះ គេតែងឃើញមានការខ្វែងគំនិតគ្នារបស់គណបក្សនយោបាយទៅលើលទ្ធផលបោះឆ្នោត ក្រោមហេតុផល ផ្សេងៗគ្នា ជាពិសេសគេតែងបានឮសំឡេងតវ៉ានៅក្រោយពេលចេញលទ្ធផលថា ការបោះឆ្នោតមិនត្រូវ មិនតម្លាភាព និងមិនយុត្តិធម៌ ឬ ក៏ចោទ អ្នកដែលឈ្នះថា លួចបន្លំសន្លឹកឆ្នោតជាដើម។

លទ្ធផលបោះឆ្នោតអាណត្តិទី៥ កាលពីឆ្នាំ២០១៣កន្លងទៅ គណបក្សសង្រ្គោះជាតិ ដែលទទួលបាន ៥៥អាសនៈ បានធ្វើការស្រែកតវ៉ា ប្រឆាំងមិនទទួលស្គាល់លទ្ធផលបោះឆ្នោត និង ធ្វើឲ្យគណបក្សប្រជាជនកម្ពុជា ដែលទទួលបានអាសនៈ ៦៨អាសនៈអង្គុយធ្វើការក្នុង រដ្ឋសភាតែឯងអស់រយៈពេលជិត ១ឆ្នាំ។ រយៈពេលមួយឆ្នាំ នៃការមិនទទួលស្គាល់លទ្ធផលបោះឆ្នោតពីសំណាក់គណបក្សសង្រ្គោះជាតិ  ដែលជាគណបក្សប្រឆាំងនៅកម្ពុជានេះ ធ្វើឲ្យមានបញ្ហាជាច្រើនបានប៉ះពាល់ដល់ដំណើរការវិវឌ្ឍរបស់សង្គម ក៏ដូចជាការរស់នៅរបស់ ប្រជាពលរដ្ឋជាម្ចាស់ឆ្នោត។

ក្រោយពេលគណបក្សដែលឈ្នះឆ្នោតទាំងពីរបានត្រូវរ៉ូវគ្នាតាមរយៈវប្បធម៌សន្ទនា ២២ កក្កដា ២០១៤ ហើយនោះ ពួកគេក៏បានព្រម ព្រៀង ធ្វើកំណែទម្រង់ប្រព័ន្ធបោះឆ្នោត ដែលរួមមានការផ្លាស់ប្តូរក្បាលម៉ាស៊ីន គ.ជ.ប (៤រូបជ្រើសរើសមកពីគណបក្សប្រជាជនប្រជា ជនកម្ពុជា ៤រូបជ្រើសរើសមកពីគណបក្សសង្រ្គោះជាតិ និង ១រូបទៀតជាការជ្រើសរើសដោយគណបក្សទាំងពីរ) កែប្រែច្បាប់បោះឆ្នោត  និងមានការរៀបចំ ប្រព័ន្ធចុះបញ្ជីឈ្មោះបោះឆ្នោតថ្មីតាមប្រព័ន្ធកុំព្យូទ័រ ដែលជាប្រព័ន្ធថ្មីទំនើប ដោយមានការផ្តល់ជំនួយបច្ចេកទេស និង ថវិកា ពីសហភាពអឺរ៉ុប និងរដ្ឋាភិបាលជប៉ុន។

ការចុះឈ្មោះបោះឆ្នោតថ្មីតាមប្រព័ន្ធកុំព្យូទ័រ បានចាប់ផ្តើមជាផ្លូវការនៅព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៦នេះ ហើយការិយាល័យបោះ  ឆ្នោតនៅទូទាំងប្រទេសសរុប ១៦៣៣ការិយាល័យ ត្រូវបានបើកព្រមៗគ្នា ដោយមិនមានបញ្ហាមិនប្រក្រតីណាមួយកើតឡើងនោះទេ។  យោងតាមស្ថិតិរបស់ គ.ជ.ប បានបញ្ជាក់ថា ប្រជាពលរដ្ឋ ដែលមានអាយុគ្រប់បោះឆ្នោតមានចំនួនសរុបជាង ៩,៦លាននាក់។

ការចុះបោះឆ្នោតនេះ មានរយៈពេល៣ខែ គឺចាប់ពីថ្ងៃទី០១ ខែកញ្ញា រហូតដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ។

ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ នៃប្រទេសជប៉ុន (JICA) ប្រចាំនៅកម្ពុជា លោក អាដាជី អ៉ីតស៊ុ ដែលបានចុះសង្កេតមើល  ដំណើរការចុះឈ្មោះបោះឆ្នោតនៅការិយាល័យក្នុងសង្កាត់បឹងកេងកងទី៣ នាព្រឹកថ្ងៃទី០១ ខែកញ្ញា បានមានសុទិដ្ឋិនិយមទៅលើ ដំណើរការចុះបញ្ជីឈ្មោះបោះឆ្នោតថ្មីនេះ ហើយមើលឃើញថា បញ្ជីឈ្មោះឆ្នោតថ្មីមានភាពល្អប្រសើរច្រើន ហើយក៏នឹងមិនមានឈ្មោះ ជាន់គ្នាដូចបញ្ជីឈ្មោះបោះឆ្នោតចាស់នោះឡើយ។

គ.ជ.ប បានឲ្យដឹងថា នៅថ្ងៃដំបូង នៃការចុះឈ្មោះបោះឆ្នោតនេះ មានប្រជាពលរដ្ឋខ្មែរសរុប ៥២,២៩៧នាក់ហើយបានទៅចុះឈ្មោះ ក្នុងបញ្ជីឈ្មោះបោះឆ្នោតថ្មី៕