(ត្បូងឃ្មុំ)៖ ប្រភពព័ត៌មានពីខេត្តត្បូងឃ្មុំបានលួចបង្ហើបអោយដឹងថាបច្ចុប្បន្ននេះ មានក្រុមហ៊ុនមួយដែលទទួលបានសិទ្ធិនាំគោ ក្របីទៅប្រទេសវៀតណាម​បានឃុបឃិតគ្នានាំចេញតាមច្រករបៀង។ ចំ​ណែក​ត្រីគ្រប់ប្រភេទវិញ​គេនាំចូលតាមច្រកស្អំ ហើយបង់លុយអោយទៅឧកញ៉ាម្នាក់ ដែលជាអ្នកកាងនៅខេត្តត្បូងឃ្មុំ និងខេត្តកំពង់ចាមទៅវិញ។

តាមប្រភពរាយការណ៍បានអះអាងថា បច្ចុប្បន្ននេះមានឈ្មួញជាច្រើននាក់បានរកសុីនាំ​ត្រីរស់​ចូលពីប្រទេសវៀតណាម​តាមច្រកស្អំ ស្ថិតក្នុងស្រុកមេមត់ដោយបង់លុយ​ប្រចាំខែ​ទៅអោយឧកញ៉ាម្នាក់ ក្រោមលេសយកលុយភាសុី។ ឈ្មួញរកសុីនាំត្រីគេចពន្ធទាំងអស់នោះត្រូវ​បាន​គេស្គាល់ឈ្មោះ​ដូចជាចែនី, ម៉ៅ នី, តាពៅ, តាសាលី, តាជក់ និងឈ្មោះធា ជាដើម។ ក្នុងនោះរាល់ការ​នាំត្រីគ្រប់ប្រភេទ​ចូល​តាមច្រកស្អំគឺឈ្មួញម្នាក់ៗបានបង់លុយអោយទៅឧកញ៉ា ដែលជាអ្នកកាងខាងលើ​២០០០ដុល្លារ​ក្នុងមួយខែៗ​ជាយូរឆ្នាំមកហើយ។

ក្រោយទទួលបានលុយប្រចាំខែឧកញ៉ាខាងលើបានយកឈ្មោះថ្នាក់ដឹកនាំទៅកាងសមត្ថកិច្ចនៅតាមច្រក តាមផ្លូវមិនអោយចាប់បង់ពន្ធឡើយ។ ដោយឡែកគោ ក្របីវិញត្រូវបានឈ្មួញ​ដែលទទួល​បានច្បាប់​នាំចេញតាមច្រកត្រពាំងផ្លុង បែរជាមិននាំចេញតាមច្រកស្របច្បាប់ទេ បែរជាឃុបឃិតគ្នាទៅនាំចេញតាមច្រករបៀងនៅភូមិដូង ឃុំរ៉ូង ស្រុកមេមត់ ទៅវិញ។

គេថាមូលហេតុដែលឈ្មួញមិនព្រមនាំចេញតាមច្រកស្របច្បាប់​ទៅនាំចេញតាមច្រករបៀងបែបនេះ ព្រោះតែទីមួយគឺគេចពីការបង់​លុយអោយសមត្ថកិច្ច​អស់ច្រើន និងទី២សត្វគោក្របីដែលឈ្មួញ​ទិញនាំចេញ​ជាប្រភេទ​សត្វនៅប្រើជាកំលាំង​អូសទាញបានមិនដូចទៅតាមច្បាប់​អនុញាត ដែលអោយនាំចេញតែគោក្របីក្រៅពលកម្មនោះ។

អ្នកដឹងរឿងបានសំណូមពរសូមអោយថ្នាក់ដឹកនាំចាប់អារម្មណ៏លើករណីនេះផង ជាពិសេសការនាំគោក្របីចេញតែម្ដង ដែលពេលខ្លះគោមានប្រវត្តិមិនច្បាស់​លាស់អាចបានមកពីផលចោរកម្ម​ក៏អាចថាបាន៕