(កណ្តាល)៖ ឆ្លើយតបនឹងការសួររបស់អ្នកកាសែត តើបក្សប្រឆាំងនឹងធ្វើការតវ៉ាទៀតទេ ចំពោះលទ្ធផលនៃការបោះឆ្នោតនោះ សម្តេចតេជោ បានមានប្រសាសន៍ថា​ «វាល្មមដល់ពេលបញ្ឈប់ហើយ បើសូម្បីតែ ចាញ់ Facebook ក៏តវ៉ាដែរ ហើយខ្ញុំសង្ឃឹមថា គេមិនតវ៉ាបែបនេះទេ»

ការលើកឡើងរបស់សម្តេចខាងលើនេះ បានធ្វើឡើងគ្រាដែលសម្តេច និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានទៅចុះឈ្នោះ បោះឆ្នោតនៅមណ្ឌលតាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល នារសៀលថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៦។

សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងប្រាប់ក្រុមអ្នកកាសែត នៅរសៀលថ្ងៃនេះ ដោយអំពាវនាវ ដល់ប្រជាពលរដ្ឋទូទាំងប្រទេស ដែលមានអាយុគ្រប់បោះឆ្នោត សូមអញ្ជើញទៅចុះឈ្មោះបោះឆ្នោត តាមបែបប្រជាធិបតេយ្យ និងបច្ចេកវិទ្យាទំនើបនៅពេលនេះ ដែលការចុះឈ្មោះបោះឆ្នោត៤ ទៅ៥អាណ្តិតកន្លងទៅនេះ មិនបានធ្វើដូច្នេះឡើយ។ សម្តេចនាយករដ្ឋមន្រ្តី បានបញ្ជាក់ទៀតថា ពីមុនគណបក្សប្រឆាំងបានស្នើឲ្យធ្វើការកែទម្រង់សមាសភាព គ.ជ.ប ប៉ុន្តែនៅពេលនេះសម្តេចបានកែទម្រង់ទាំង សមាសភាព គ.ជ.ប និងប្រព័ន្ធនៃការចុះឈ្នោះបោះឆ្នោតថែមទៀតផង។

សម្តេចតេជោ បានថ្លែងបន្តទៀតថា បើមិនចូលប្រជុំសភាទេ បើមិនចូលស្បថទេ គឺនឹងបាត់បង់កៅអីទាំងអស់ ច្បាប់ថ្មីមិនអនុញ្ញាតមិនឲ្យធ្វើការពហិកា កន្លះឆ្នាំ ឬមួយឆ្នាំទេ បានសេចក្តីថា ទី១ សភាកោះប្រជុំ ក្រោមព្រះរាជទានអធិបតីភាពព្រះមហាក្សត្រ បើអ្នកឯងមិនចូល ក៏ត្រូវតែបាត់ ទី២-ការស្បថចូលកាន់ដំណែង បើអ្នកឯងមិនចូលក៏ត្រូវតែបាត់។

​សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «នៅពេលខាងមុខយើងនឹងរកឃើញថា តើមនុស្ស១លាន២សែននាក់ ដែលគេធ្លាប់ថាបាត់នោះ វាទៅណា? នៅពេលដែលចុះឈ្មោះនេះហើយ យើងកំពុងតែប្រុងប្រៀបនូវការគិតគូបែបនេះ ពីព្រោះនៅពេលបោះឆ្នោត២០១៣បាត់ឈ្មោះ ១លាន២សែននាក់ ឥឡូវនេះយើងរង់ចាំថាតើ បន្ទាប់ពីការចុះឈ្មោះបោះឆ្នោតថ្មីនេះហើយ តើ១លាន២សែននាក់ មកចូលក្នុងបញ្ជីនេះ ឬវានៅបាត់បន្ត។ បើសិននៅបាត់បន្ត អ្នកដែលបំផុសឲ្យមានរឿងនេះកាលពីពេលមុន ត្រូវទទួលខុសត្រូវបែបណា»

សម្តេចតេជោ បានបន្តដោយធ្វើការ «អំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់​ បង្ហាញខ្លួននៅពេលនេះ ដើម្បីចៀសវាងនូវការចោទប្រកាន់ថា បាត់មនុស្ស។ ពីព្រោះមនុស្សមិនមែនសត្វមាន់ឬ សត្វចាបនោះទេ នេះគឺជាមនុស្សបាត់១លាន២សែននាក់ ច្រើនណាស់»