(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធ ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញចុះឈ្មោះ បោះឆ្នោត នៅសាលាសង្កាត់តាខ្មៅ ស្ថិតក្នុង ក្រុងតាខ្មៅ ខេត្តកណ្តាល នៅម៉ោង៤៖០៥នាទី ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៦នេះ ។ ប៉ុន្តែប្រធានគណបក្សនយោបាយ នៅកម្ពុជាចំនួន៥ គណបក្សនយោបាយ នៅមិនទាន់សម្រេចចិត្តថា នឹងអញ្ជើញទៅចុះឈ្មោះបោះឆ្នោតថ្មី​តាមកុំព្យូទ័រ នៅថ្ងៃបើកឆាកដំបូងនៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៦ នៅឡើយទេ។ គណបក្សនយោបាយនៅកម្ពុជា ចំនួន៥នោះរួមមាន គណបក្សសង្រ្គោះជាតិ, គណបក្សប្រជាធិបតេយ្យមូលដ្ឋាន, គណបក្សអំណាចខ្មែរ គណបក្សយុវជនកម្ពុជា, គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យជាដើម។

លោក យឹម​ សុវណ្ណ អ្នកនាំពាក្យគណបក្សសង្រ្គោះជាតិ ដែលជាគណបក្សប្រឆាំងនៅកម្ពុជា បានបញ្ជាក់ឲ្យដឹងថា ថ្នាក់ដឹកនាំទាំងពីររូប គឺលោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ និង លោក សម រង្ស៊ី ​នៅមិនទាន់បញ្ជាក់ថា នឹងទៅចុះឈ្មោះបោះឆ្នោតនៅពេលណានោះទេ។

យ៉ាងណាក៏ដោយ ស្ថិតនៅក្នុងស្ថានភាពនេះ ថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិ ហាក់ដូចជាពិបាកខ្លាំងក្នុងការទៅចុះឈ្មោះបោះឆ្នោត ដោយសារតែលោក សម រង្ស៊ី​ ប្រធានគណបក្សសង្រ្គោះជាតិ ជាប់ជាទណ្ឌិត និងកំពុងរស់និរទេសខ្លួននៅបរទេស ចំណែកលោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិវិញ កំពុងត្រូវបានហ៊ុព័ទ្ធ​ ដោយបណ្តឹងរបស់តុលាការ។

លោក សួន សេរីរដ្ឋា ប្រធានគណបក្សអំណាចខ្មែរ បានបញ្ជាក់ថា នៅថ្ងៃនេះលោកមិនបានទៅចុះឈ្មោះបោះឆ្នោតនោះទេ ដោយសារតែជាប់រវល់ចុះតាមបណ្តាខេត្ត ដើម្បីឃ្លាំមើលការចុះឈ្មោះបោះឆ្នោត។ តែយ៉ាងណាលោកបានបញ្ជាក់ថា លោកនឹងអញ្ជើញទៅចុះឈ្មោះបោះឆ្នោត នាសប្តាហ៍ក្រោយ លើទឹកដី​ខេត្តបាត់ដំបង។

សម្រាប់លោក ម៉ម សូណង់ដូ ប្រធានគណបក្សសំបុកឃ្មុំសង្គមប្រជាធិបេតយ្យ បានប្រាប់ថា លោកនៅមិនទាន់កំណត់ថ្ងៃ ត្រូវទៅចុះឈ្មោះបោះឆ្នោតនៅឡើយទេ តែឆាប់ៗនេះ លោកនឹងទៅ។ លោកបញ្ជាក់ថា លោកចុះឈ្មោះ នៅការិយាល័យបឹងទំពុន ស្ថិតនៅរាជធានីភ្នំពេញ។ លោក ម៉ម សូណង់ដូ ក៏បានបញ្ជាក់ថា កំណែទម្រង់របស់ គ.ជ.ប ដែលរៀបចំឲ្យមានការ ចុះឈ្មោះបោះឆ្នោតថ្មី នៅតាមកុំព្យូទ័រនេះ គឺនឹងល្អប្រសើរជាងមុនហើយក៏មានភាពយុត្តិធម៌ផងដែរ។

និយាយពីប្រធានគណបក្សប្រជាធិបតេយ្យមូលដ្ឋានវិញ លោក យ៉េង វីរៈ បានបញ្ជាក់ឲ្យដឹងថា ខណៈនេះ លោកពិតជាជាប់រវល់ជាខ្លាំង ដូចនេះលោកមិនទាន់ អាចបញ្ជាក់បានថា នឹងទៅចូលរួម ចុះឈ្មោះបោះឆ្នោតថ្មី តាមកុំព្យូទ័របាននៅពេលណានៅឡើយទេ តែយ៉ាងណាលោកនឹងអញ្ជើញទៅជាក់ជា មិនខាន។ តែបើលោកទៅចុះឈ្មោះ គឺនៅរាជធានីភ្នំពេញ តែមិននៅខេត្តឡើយ។

មិនសូវខុសគ្នានោះទេ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានអះអាងថា លោកនឹងទៅចុះឈ្មោះបោះឆ្នោត នោស្រុកកំណើតរបស់លោក ស្ថិតនៅខេត្តត្បូងឃ្មុំ នៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៦ខាងមុខនេះ។ តែនៅថ្ងៃនេះ គឺលោកមិនបានទៅនោះទេ ដោយសារតែមានភារកិច្ចចាំបាច់ត្រូវបំពេញ និងភាពមមាញឹក នៅក្នុងការងារជាច្រើនទៀត។

សូមជំរាបថា នៅថ្ងៃនេះពោលគឺថ្ងៃទី០១ ខែកញ្ញា គឺជាថ្ងៃដំបូង នៃការចុះឈ្មោះបោះឆ្នោតឃុំប្រឹក្សា ឃុំសង្កាត់ ស្របពេលជាមួយគ្នានោះ ស្ថាប័ន គ.ជ.ប គណបក្សនយោបាយ និងអង្គការសង្គមស៊ីវិល សុទ្ធតែបានអំពាវនាវឲ្យប្រជាពលរដ្ឋ នៅទូទាំងប្រទេស អញ្ជើញទៅចូលរួម ចុះឈ្មោះបោះឆ្នោតឲ្យបានគ្រប់គ្នា ដើម្បីបំពេញកាតព្វកិច្ចជាពលរដ្ឋល្អទាំងអស់គ្នា៕