(ភ្នំពេញ)៖ មន្រ្តីតុលាការបានឲ្យដឹងថា ស្រ្តីអ្នកជំនួញម្នាក់ ឈ្មោះ ស៊ុន ម៉ារា ត្រូវបានកម្លាំងសមត្ថកិច្ចរាជធានីភ្នំពេញ ចាប់ខ្លួនតាមដីការបស់សាលាឧទ្ធរណ៍ នៅម្តុំផ្សារថ្មីនាព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៦នេះ ពីបទ ចេញសែកអត់លុយជាង២៤ម៉ឺនដុល្លារ ។ ស្រ្តីដែលត្រូវសមត្ថកិច្ចចាប់ខ្លួនពីបទឆរបោកប្រាក់គេ នោះមានឈ្មោះ ស៊ុន ម៉ារា ភេទស្រី អាយុ៥៦ឆ្នាំ សញ្ជាតិខែ្មរ មុខរបរសិប្បករ ទីកន្លែងកំណើតនៅសង្កាត់លេខ៣ ក្រុងភ្នំពេញ, មានប្តីឈ្មោះ សេង ហាក់ មានកូនចំនួន០៤នាក់។

ពាក់ព័ន្ធនឹងករណីចាប់ខ្លួនអ្នកស្រី ស៊ុន ម៉ារា បញ្ជូនទៅកាន់មណ្ឌលអប់រំកែប្រែទី២នេះ ត្រូវបានមន្រ្តីតុលាការអះអាងថា មានម្ចាស់ពាក្យបណ្តឹងជាច្រើននាក់ បានដាក់ពាក្យបណ្តឹងឈ្មោះ ស៊ុន ម៉ារា បន្ទាប់ពីអ្នកស្រីត្រូវបានសមត្ថកិច្ច ចាប់ខ្លួនហើយភ្លាមៗពីបទឆរបោក។

លោក ឃុន លាងម៉េង ចៅក្រមសាលាឧទ្ធរណ៍បានបញ្ជាក់នៅក្នុងដីកាថា «ស្រ្តីអ្នកជំនួញនោះ ត្រូវបានតុលាការដាក់ក្រោម ការពិនិត្យពីបទ៖ ឆបោក និងមិនបំពេញកាតព្វចំពោះ ឧបករណ៍ អាចជួញដូរបាន ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីអំឡុងខែកុម្ភៈ ឆ្នាំ២០១៣ និងថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៥ បទល្មើសដែលមានចែង ឲ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា  ៣៧៧ ៣៧៨ នៃក្រមព្រហ្មទណ្ឌ និងមាត្រា ២៣១ នៃច្បាប់ស្តីពីឧបករណ៍ អាចជួញដូរបាន និងប្រតិបត្តិការទូទាត់សងប្រាក់»

នៅក្នុងដីកាសភាស៊ើបសួរបានបញ្ជាក់ថា «បង្គាប់មកភ្នាក់ងារមានសមត្ថកិច្ចឲ្យស្វែងរកចាប់ខ្លួន និងនាំខ្លួនឈ្មោះខាងលើនេះ ទៅឃុំខ្លួននៅមណ្ឌលអប់រំកែប្រែទី២ នៃក្រសួងមហាផ្ទៃ»