(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងភរិយា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានវិលត្រលប់ពីប្រទេសសិង្ហបុរី មកដល់កម្ពុជាវិញ ដោយសុវត្ថិភាពហើយ នៅម៉ោងប្រមាណជា ១រសៀល ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៦។ ការត្រលប់មកពេលនេះ ក្រោយពេលដែលសម្តេចតេជោ ហ៊ុន សែន អញ្ជើញទៅពិនិត្យសុខភាព កាលពីថ្ងៃទី ៣០ខែសីហា ឆ្នាំ២០១៦។

ក្រោយការពិនិត្យសុខភាព គ្រូពេទ្យសិង្ហបុរីថា សុខភាពរបស់សម្តេចតេជោ ហ៊ុន សែន ល្អជាធម្មតាទេ គ្មានអ្វីគួរឲ្យបារម្ភឡើយ។

យោងតាម Facebook Page ផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «ខ្ញុំបានវិលត្រឡប់មកដល់ភ្នំពេញវិញហើយបន្ទាប់ពីចំណាយពេល៣ថ្ងៃ ដើម្បីពិនិត្យសុខភាពនៅសាំងកាពួ។ ក្រោយការពិនិត្យក្រុមគ្រូពេទ្យប្រាប់ខ្ញុំថាសុខភាពខ្ញុំ ល្អណាស់។ មុនចុះទៅតាមខេត្តបន្តទៀត ខ្ញុំត្រូវបំពេញការងារនៅក្រៅប្រទេសសិនដូចជាការប្រជុំកំពូលអាស៊ាននៅឡាវ ពិព័រណ៍អាស៊ាន-ចិន នៅប្រ ទេសចិន។ សូមបងប្អូននៅតាមខេត្តដែលខ្ញុំមិនទាន់បានទៅដល់មេត្តាយោគយល់»

គួរបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអ្វើដំណើរទៅប្រទេសសង្ហបុរី ពិនិត្យសុខភាព កាលពីថ្ងៃទី៣០ ខែសីហា ក្នុងពេលស្នាក់នៅទីនោះ សម្តេចបានឆ្លៀតពេល ដើរតាមផ្សារនៅប្រទេសសង្ហបុរីផងដែរ៕