(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៦នេះ សាលាហ្សាម៉ាន់ (Zaman) បានរៀបចំធ្វើសន្និសីទសារព័ត៌មានមួយ អំពីការបើកបវេសនកាលឆ្នាំសិក្សាថ្មី ជាមួយនឹងការប្រកាន់គោលជំហររឹងមាំ មិនបិទដំណើរការ​សាលានោះឡើយ។

លោក Gurkan Cil នាយកសាលាអន្ដរជាតិហ្សាម៉ាន់ ថ្នាក់អនុវិទ្យាល័យ និងវិទ្យាល័យ បានបញ្ជាក់ប្រាប់ក្រុមអ្នកសារព័ត៌មានថា សាលារបស់លោក គឺនៅតែប្រកាន់គោលជំហរថា មិនបិទដំណើរការនោះឡើយ ព្រោះថា សាលារបស់លោកមិនបានជាប់ពាក់ព័ន្ធជាមួយនឹងការ​ ធ្វើរដ្ឋប្រហារនៅតួកគី​ ដូចការចោទប្រកាន់របស់ រដ្ឋាភិបាលតួកគី នោះទេ។

បន្ទាប់ពីនេះ លោកនាយក បានបន្ថែមថា ការចោទប្រកាន់របស់រដ្ឋាភិបាលតួកគី ធ្វើឡើងដោយគ្មានមូលដ្ឋានច្បាស់លាស់ និងមិនត្រឹមត្រូវ ព្រោះថាសាលាហ្សាម៉ាន់ គឺជាសាលាឯកជនមួយ ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួងអប់រំ យុវជន និងកីឡាកម្ពុជា។

សូមបញ្ជាក់ថា នាពេលកន្លងទៅ រដ្ឋាភិបាលតួកគី តាមរយៈឯកអគ្គរដ្ឋទូតរបស់ខ្លួន បានស្នើឱ្យកម្ពុជា បិទសាលាហ្សាម៉ាន់ (Zaman) នៅក្នុងប្រទេសកម្ពុជា ដោយបានចោទប្រកាន់ថា ថ្នាក់ដឹកនាំសាលាមួយនេះ ជាប់ពាក់ព័ន្ធការធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលតួកគី៕