(ភ្នំពេញ)៖ នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៦ នេះ មជ្ឈមណ្ឌលមាត្រាសាស្រ្តជាតិ នៃក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានរៀបចំកិច្ចប្រជុំបូកសរុប លទ្ធផលការងារ មាត្រាសាស្រ្តឆមាសទី១ ឆ្នាំ២០១៦ និងលើកទិសដៅការងារ សម្រាប់អនុវត្តបន្ត នៅសាលប្រជុំនៃមជ្ឈមណ្ឌល មាត្រាសាស្រ្តជាតិ។

ថ្លែងក្នុងពិធីនេះ លោកស្រី ពៅ វរលក្ម្សណ៍ ប្រធានមជ្ឈមណ្ឌលមាត្រាសាស្រ្តជាតិ នៃក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានលើកឡើងថា វិស័យមាត្រាសាស្រ្តជាតិ របស់កម្ពុជា គឺមានមូលដ្ឋានគ្រឹះ បម្រើដល់សេវាសាធារណៈ ធានាឲ្យការធ្វើជំនួញ និងការប្រកបអាជីវកម្ម មានភាពយុត្តិធម៌និងត្រឹមត្រូវ បង្កឲ្យការប្រើប្រាស់ឧបករណ៍មាត្រាសាស្រ្ត មានភាពសុចរិត និងការធានាដល់ផលប្រយោជន៍ រវាងអ្នកផ្គត់ផ្គង និងអ្នកប្រើប្រាស់ លើផលិតផលទំនិញ ការធានាឲ្យកាន់តែប្រសើឡើង នូវគុណភាពទំនិញ ផលិតផលសេវាកម្ម និងការគ្រប់គ្រង ការកំណត់អត្តសញ្ញាណ និងការលុបបំបាត់របាំង បច្ចេកទេស ដើម្បីធ្វើឲ្យមានជំនឿទុកចិត្ត លើការប្រើប្រាស់ឧបករណ៍មាត្រាសាស្រ្ត ក្នុងសកម្មភាពធុរកិច្ច និងវិស័យផ្សេងៗទៀត។

តាមការឱ្យដឹងពីមន្រ្តីជំនាញ នៃក្រសួងឧស្សាហកម្ម និងសិប្បកម្ម នៅរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយមានការចង្អុលបង្ហាញ និងណែនាំ ពីលោកទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម និងសិប្បកម្ម វិស័យមាត្រាសាស្រ្ត ត្រូវបានយកចិត្តទុកដាក់ និងអភិវឌ្ឍគួរឱ្យកត់សម្គាល់។ ជាក់ស្តែង បន្ទាប់ពីបានបង្កើត មន្រ្តីនគបាលយុត្តិធម៌រួចមកនេះ ក្រុមមន្រ្តីនគរបាលយុត្តិធម៌ ដែលជាមន្រ្តីនៃមជ្ឈមណ្ឌលមាត្រាសាស្រ្ត នៃក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានចុះអនុវត្តលើកិច្ចការជាប្រចាំ ក្នុងការត្រួតពិនិត្យ លើខ្នាតរង្វាស់រង្វាល់ទាំងឡាយ ដើម្បីធ្វើយ៉ាងណាឱ្យការធ្វើជំនួញ និងការប្រកបអាជីវកម្ម មានភាពស្មោះត្រង់ និងយុត្តធម៌ ក្នុងការផ្តល់សេវា និងផលិតផលជូន ដល់អ្នកប្រើប្រាស់ត្រឹមត្រូវ ទៅតាមបរិមាណដែលអ្នកលក់ និងអ្នកទិញបានព្រមព្រៀងគ្នា។

ជាការគួរឱ្យកត់សម្គាល់ផងដែរ នៅរយៈពេលចុងក្រោយនេះ យើងសង្កេតឃើញថា ក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានរៀបចំឱ្យមាន ជញ្ជីងយុត្តិធម៌ដាក់ នៅតាមទីផ្សារនានា នៅស្ទើរពាសពេញផ្ទៃប្រទេស ដែលជញ្ជីងទាំងអស់នោះ ត្រូវបានដាក់ជូនអាជីវករ ក៏ដូចជាអ្នកប្រើប្រាស់ ដែលមានការមន្ទិលសង្ស័យ ចំពោះបរិមាណ ដែលខ្លួនបាន លក់ ឬជាវ គឺអាចប្រើប្រាស់ ជញ្ជីងយុត្តិធម៌នេះបាន ដោយមិនមានការយកកំរៃអ្វីទាំងអស់ ហើយជញ្ជើញនោះទៀតសោត គឺអាចធានាបាននូវភាពសុក្រឹត និងយុត្តិធម៌ ទាំងចំពោះអ្នកលក់ និងអ្នកទិញ ព្រោះជញ្ជីងទាំងនោះត្រូវបាន គ្រប់គ្រង និងត្រួតពិនិត្យជាប្រចាំនូវសុក្រឹតភាពនៃទម្ងន់ ដោយមន្រ្តីជំនាញ នៃមន្ទីរឧស្សាហកម្ម និងសិប្បកម្ម រាជធានី-ខេត្ត។  

គួរបញ្ជាក់ផងដែរថា ដើម្បីជម្រុញឲ្យមានការទទួលស្គាល់ បទដ្ឋានមាត្រាសាស្រ្ត ក្នុងលំដាប់ខ្នាតអន្តរជាតិ កម្ពុជាបានចូលជាសមាជិក នៃអង្គការមាត្រាសាស្រ្តអន្តរជាតិនានា ជាច្រើន ហើយសមាជិកភាព ទាំងនេះ នឹងជួយពង្រីកវិសាលភាព នៃវិស័យមាត្រាសាស្រ្តឲ្យកាន់តែរឹងមាំ និងផ្តល់នូវទំនុកចិត្តកាន់តែខ្លាំង សម្រាប់ទាំងអ្នកផ្គត់ផ្គង់ និងអ្នកប្រើប្រាស់៕