(ភ្នំពេញ)៖ ថ្នាក់ដឹកនាំសាលាហ្សាម៉ាន់ (Zaman) នៅម៉ោង១០៖០០ព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៦នេះ នឹងធ្វើសន្និសីទមួយ ដើម្បីបញ្ជាក់ជំហររបស់ខ្លួន ជូនដល់មាតាបិតា អាណាព្យាបាលសិស្ស ជុំវិញព័ត៌មាន «ស្នើឱ្យបិទសាលា»។ នេះបើតាមការជូនដំណឹងរបស់ភ្នាក់ងារសាលាហ្សាម៉ាន់។

សូមបញ្ជាក់ថា នាពេលកន្លងទៅ រដ្ឋាភិបាលតួកគី តាមរយៈឯកអគ្គរដ្ឋទូតរបស់ខ្លួន បានស្នើឱ្យកម្ពុជា បិទសាលាហ្សាម៉ាន់ (Zaman) នៅក្នុងប្រទេសកម្ពុជា ដោយបានចោទប្រកាន់ថា ថ្នាក់ដឹកនាំសាលាមួយនេះ ជាប់ពាក់ព័ន្ធការធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលតួកគី។

យ៉ាងណាក៏ដោយ សាលាហ្សាម៉ាន់ បានបដិសេធថា ខ្លួនមិនមានការពាក់ព័ន្ធនឹងរដ្ឋប្រហារនៅប្រទេសតួកគីនោះឡើយ។ ហ្សាម៉ាន់ ក៏មិនព្រមបិទសាលារបស់ខ្លួន ព្រោះតែការចោទប្រកាន់របស់រដ្ឋាភិបាលតួកគីនោះដែរ។

សូមបញ្ជាក់ថា កាលពីខែកក្កដា កន្លងទៅនេះ កងកម្លាំងយោធាមួយក្រុម បានធ្វើរដ្ឋប្រហារក្នុងបំណងទម្លាក់លោកប្រធានាធិបតី Erdogan ប៉ុន្តែការរដ្ឋប្រហារនេះ បានទទួលបរាជ័យទៅវិញ ដោយការវាយ ប្រហារតប និងទប់ស្កាត់ពីកងកម្លាំងរបស់រដ្ឋាភិបាល។ រដ្ឋាភិបាលតួកគី បានចោទប្រកាន់មេចលនាសាសនា លោក Fethullah Gulen ដែលកំពុងរស់នៅអាមេរិក ថាជាអ្នកនៅពីក្រោយខ្នង នៃរដ្ឋប្រហារ៕