(ភ្នំពេញ)៖ លោក ជា ចាន់តូ ទេសាភិបាលធនគារជាតិនៃកម្ពុជា នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៦នេះ បានចុះត្រួតពិនិត្យដោយផ្ទាល់លើការប្រឡង របស់សិក្ខាកាមចំនួន៨៣នាក់ ដែលបានចូលរួមប្រឡងវគ្គ Financial Stability Institute របស់ធនាគារជាតិ (NBC-FSI Connect) ក្នុងកម្រិតបឋមលើកទី៦។

 វគ្គ Financial Stability Institute របស់ធនាគារជាតិនៃកម្ពុជា (NBC-FSI Connect) ជាវគ្គបណ្តុះបណ្តាលតាមប្រព័ន្ធ Online ផ្នែកត្រួតពិនិត្យធនាគារ ដែលត្រូវបានបង្កើតឡើងក្រោម ការផ្តួចផ្តើមរបស់លោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា ដើម្បីកសាង សមត្ថភាពធនធានមនុស្ស នៅធនាគារជាតិនៃកម្ពុជា បន្ថែមលើកម្មវិធីបណ្តុះបណ្តាលផ្ទៃក្នុង ដែលមានស្រាប់ ជាពិសេស ដើម្បីឯកទេសកម្មខាងត្រួតពិនិត្យធនាគារ និងឆ្លើយតបទៅតាមការប្រែប្រួល នៃនិម្មាបនកម្មហិរញ្ញវត្ថុ និងនិយាមអន្តរជាតិអំពីការត្រួតពិនិត្យធនាគារ។

វគ្គ NBC-FSI Connect នេះ តម្រូវឱ្យសិក្ខាកាមសិក្សាតាមប្រព័ន្ធ Online និងត្រូវបានបែងចែកជាបីកម្រិតគឺ កម្រិតបឋម កម្រិតមធ្យម និងកម្រិតខ្ពស់ សម្រាប់រយៈពេលសិក្សាប្រមាណជាង៣ឆ្នាំ ។ នៅខែមិថុនា ឆ្នាំ២០១៦នេះ ធនាគារជាតិនៃកម្ពុជា បានទិញសិទ្ធិសិក្សាជូនមន្ត្រីបុគ្គលិកប្រមាណ ២០០រូប និងដាក់ឱ្យដំណើរការសិក្សា និងបានរៀបចំឱ្យប្រឡងជាផ្លូវការជាបន្តបន្ទាប់ ។

ដើម្បីធានាគុណភាពសិក្សា គណៈកម្មការគ្រប់គ្រងវគ្គមួយត្រូវបានបង្កើតឡើង សម្រាប់គ្រប់គ្រងការសិក្សារបស់សិក្ខាកាមវគ្គនេះ ដែលមានការគាំទ្រដោយផ្ទាល់របស់ថ្នាក់ដឹកនាំ។ សិក្ខាកាមទាំងអស់ត្រូវបានតម្រូវឱ្យ ប្រឡងជាផ្លូវការចំពោះមុខ គណៈកម្មការគ្រប់គ្រងវគ្គក្រោម ការត្រួតពិនិត្យដោយផ្ទាល់របស់ លោកទេសាភិបាល ជា ចាន់តូ រាល់ពេលបញ្ចប់មុខវិជ្ជានីមួយៗ រហូតដល់ពេលបញ្ចប់កម្រិតទាំងបី។

គួរគូសបញ្ជាក់ថា វគ្គនេះបានរៀបចំឡើងដោយវិទ្យាស្ថានស្ថិរភាពហិរញ្ញវត្ថុអន្តរជាតិ នៃធនាគារ សម្រាប់ការទូទាត់អន្តរជាតិ (Bank for International Settlement - BIS) ដែលមាន ស្នាក់ការកណ្តាលនៅប្រទេសស្វ៊ីស។ បច្ចុប្បន្ននេះ ធនាគារកណ្តាល និងស្ថាប័នហិរញ្ញវត្ថុ សាធារណៈជាង៣០០ នៅលើពិភពលោក បានទិញសិទ្ធិសិក្សាជូនមន្ត្រីខ្លួនដើម្បីលើកកម្ពស់ គុណវុឌ្ឍិផ្នែកត្រួតពិនិត្យធនាគារ ហើយមានសិក្ខាកាមសរុបចំនួន ជាង ១០,០០០នាក់កំពុងសិក្សា៕