(សៀមរាប)៖ ថ្នាក់ដឹកនាំនៃក្រសួងទេសចរណ៍ បានបន្តចុះបើកវគ្គបណ្ដុះបណ្ដាលគ្រូបង្គោលបដិសណ្ឋារកិច្ច ដល់ប្រធាន-អនុប្រធានមន្ទីរ ប្រធាន-អនុប្រធានការិយាល័យ មន្រ្តីជំនាញនៃមន្ទីរ​ទេសចរណ៍ខេត្ត និងមន្រ្តីទីក្រុងស្អាត មកពីខេត្តចំនួន១៣ ដែលមានសិក្ខាកាមចូលរួមចំនួន៧១នាក់ សិក្សារួមក្នុងខេត្តសៀមរាប។

វគ្គបណ្ដុះបណ្ដាលខាងលើ ធ្វើឡើងក្រោមវត្តមាន លោក ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ ដែលតំណាងឱ្យ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍, លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្តសៀមរាប និងលោក ឈឹម សុខជិន ប្រធាននាយកដ្ឋានអប់រំបណ្តុះបណ្តាល នៃក្រសួងទេសចរណ៍។

សូមជម្រាបថា កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៦ កន្លងទៅ ថ្នាក់ដឹកនាំក្រសួងទេសចរណ៍ មានលោក ប៉ាក់ សុខុម ក៏បានចុះបើកវគ្គបណ្ដុះបណ្ដាលគ្រូបង្គោលបដិសណ្ឋារកិច្ច រយៈពេល៤ថ្ងៃផងដែរ ដល់ប្រធាន-អនុប្រធានមន្ទីរ ប្រធាន-អនុប្រធានការិយាល័យ មន្ត្រីជំនាញនៃមន្ទីរទេសចរណ៍ និងមន្ដ្រីទីក្រុងស្អាត មកពីរាជធានី-ខេត្តចំនួន១២ សិក្សារួមនៅខេត្តព្រះសីហនុ។

ចំណែកវគ្គបណ្តុះបណ្តាលនេះ មានរយៈ៤ថ្ងៃដូចគ្នា ចាប់ពីថ្ងៃទី៣០ ខែសីហា ដល់ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៦ ក្នុងគោលបំណងបង្កើនការអភិវឌ្ឍធនធានមនុស្ស ដែលបម្រើក្នុងវិស័យទេសចរណ៍ ពិសេសលើមុខជំនាញបដិសណ្ឋារកិច្ច ដើម្បីឱ្យសិក្ខាកាមជាគ្រូបង្គោលទាំងអស់ មានចំណេះដឹង និងចំណេះធ្វើ ក្នុងការបណ្តុះបណ្តាលបន្ត ដល់មូលដ្ឋានអាជីវកម្មទេសចរណ៍ ក្នុងខេត្តរបស់ខ្លួនបន្តទៀត។

វគ្គបណ្ដុះបណ្ដាលនេះ គឺសំដៅធ្វើយ៉ាងណាឱ្យមានសេវាកម្មបដិសណ្ឋារកិច្ច នៅគ្រប់ទីកន្លែង ជាពិសេសនៅខេត្តសៀមរាប ដែលជាខេត្តមានសក្តានុពលបំផុត ក្នុងវិស័យទេសចរណ៍ និងជាប៉ូលទេសចរណ៍មួយដ៏សំខាន់បំផុតរបស់កម្ពុជា។

មួយវិញទៀត ការបណ្ដុះបណ្ដាលគ្រូបង្គោលបដិសណ្ឋារកិច្ចនេះ ក៏នឹងរួមចំណែកជួយរៀបចំទីក្រុង ឱ្យមានសេវាកម្មបដិសណ្ឋារកិច្ចត្រឹមត្រូវ ស្របទៅតាមក្បួនខ្នាត ដើម្បីចូលរួមអបអរសាទរ ចលនាប្រឡងប្រណាំង ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ និងបដិសណ្ឋារកិច្ចល្អ៕