(ព្រះវិហារ)៖ ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តព្រះវិហារ តំណាងរាស្រ្ត ប្រធានក្រុមប្រឹក្សាខេត្ត និងអភិបាលខេត្តព្រះវិហារ តំណាងឲ្យមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស បងប្អូនអាជីវករ និងប្រជាពលរដ្ឋទូទាំងខេត្ត បានបង្ហាញក្តីរំភើបយ៉ាងខ្លាំង និងថ្លែងអំណរគុណ ជូនចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលសម្តេចបាន មកសួរសុខទុក្ខ សំណេះសំណាលដោយផ្ទាល់ នៅថ្ងៃទី២៥-២៦ ខែសីហា ឆ្នាំ២០១៦នេះ ប្រកបដោយភាពជិតស្និត និងសាមញ្ញជាទីបំផុត។

យោងតាមលិខិតថ្លែងអំណរគុណ របស់ថ្នាក់ដឹកនាំ ខេត្តព្រះវិហារ បានបង្ហាញពីអំណោយដ៏ធំៗ ជាច្រើនដែលសម្តេចតេជោ ហ៊ុន សែន ផ្តល់ជូនបងប្អូនប្រជាពលរដ្ឋ ក្រុមអាជីវករ ព្រមទាំងលោកគ្រូ អ្នកគ្រូ សិស្សានុសិស្សរួមមាន អគារសិក្សា១០ខ្នង ស្មើនឹង១៦៨បន្ទប់ អគារទីចាត់ការ៩ខ្នង ស្មើនឹង២៧បន្ទប់ និងអគារស្នាក់នៅគ្រូ២ខ្នង។

បន្ថែមពីនេះ សម្ដេចតេជោ ក៏បានដោះស្រាយនូវក្ដីកង្វល់ របស់ប្រជាពលរដ្ឋ ១២៧គ្រួសារ ចំពោះទីតាំងដីព្រលានយន្ដហោះ ដែលស្ថិតនៅក្នុងភូមិហ្មសែត សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ដែលចំណុចសំខាន់បំផុត នៃកំណែទម្រង់ដីធ្លីហើយ នឹងក្លាយជាគំរូសម្រាប់ អនុវត្តការដោះស្រាយ វិវាទដីធ្លី នៅតំបន់ផ្សេងៗទៀត។

ថ្នាក់ដឹកនាំខេត្ត និងប្រជាពលរដ្ឋ សូមជូនពរសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ទទួលបាននូវសុខភាពល្អបរិបូរណ៌ កម្លាំងពលំខ្លាំងក្លា ប្រាជ្ញាឈ្លាសវៃ អាយុយឺនយូរ ដើម្បីដឹកនាំកសាង និងអភិវឌ្ឍន៍មាតុភូមិកម្ពុជា ឲ្យកាន់តែរីកចម្រើន រុងរឿង និងថ្កុំថ្កើនថែមទៀត៕