(ភ្នំពេញ)៖ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោក ផៃ ស៊ីផាន បានអះអាងថា ការចល័តឧទ្ធម្ភាគចក្រ ឆ្លងកាត់ខណ្ឌមានជ័យនិងតាខ្មៅ នៅព្រឹកមិញថ្ងៃទី៣១ ខែសីហានេះ គឺជាវិធានការរបស់រាជរដ្ឋាភិបាល ក្នុងការធានាការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងជាការអនុវត្តវិធានយុត្តិធម៌។

ការអះអាងរបស់ លោក ផៃ ស៊ីផាន បានធ្វើបន្ទាប់ពីមហាជនជាច្រើនមានការងឿង​ឆ្ងល់អំពីករណីឧទ្ធម្ភាគចក្រមួយចំនួន ហោះហើរនៅលើអាកាសបរិវេណសង្កាត់ចក្រអង្រែលើខណ្ឌមានជ័យ និង លើអាកាសក្បែរទីស្នាក់ការកណ្តាលគណបក្សសង្រ្គោះជាតិ នៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៦នេះ ។

លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ បានហៅព្រឹត្តិការណ៍នេះ ថាជាការឡោមព័ទ្ធគណបក្សសង្រ្គោះជាតិ។ នៅលើបណ្តាញសង្គម Facebook លោកថា «រហូតមកដល់ល្ងាចថ្ងៃពុធ ទី ៣១ សីហានេះ កងកម្លាំងប្រដាប់អាវុធរបស់រដ្ឋាភិបាល មានឧទ្ទម្ភាចក្រ កាណូតទាហាន និង រថយន្តទាហាន ជាច្រើនគ្រឿង នៅតែព័ទ្ធជុំវិញទីស្នាក់ការកណ្តាល​គណបក្ស​សង្គ្រោះជាតិ សង្កាត់ចាក់អង្រែលើ រាជធានីភ្នំពេញ»

លោក ផៃ ស៊ីផាន បានអះអាងថា ការហោះហើរនេះ មិនមានជារឿងចម្លែកនោះទេ ដែលនេះជាវិធានការធានាការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងជាការអនុវត្តវិធានយុត្តិធម៌។ លោកក៏បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋ នានាផងដែរ ដែលពុំមានការភ្ញាក់ផ្អើលទៅនឹងការចល័តឧទ្ធម្ភាគចក្រនេះ៕