(ភ្នំពេញ)៖ លោក សាយ សំអាល់ រដ្ឋមន្ដ្រីក្រសួងបរិស្ថាន បានអះអាងថា រាជរដ្ឋាភិបាលកម្ពុជា គ្រោងនឹងចំណាយថវិកា ២លានដុល្លារសម្រាប់ផ្ទេរ ការគ្រប់គ្រងសំរាម និងប្រព័ន្ធលូ ទៅឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិ។ ការលើកឡើង របស់លោករដ្ឋមន្ដ្រីបែបនេះ ត្រូវបានធ្វើពេលបញ្ចប់កិច្ចប្រជុំលើកទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍ដោយចីរភាព នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៦នេះ។

លោក សាយ សំអាល់ បញ្ជាក់យ៉ាងដូច្នេះថា «ឥឡូវនេះ បញ្ហាសំរាម ជំហានដំបូងផ្ទេរទៅឲ្យ២៦ក្រុង មានថវិកាប្រមាណជាង ២លានដុល្លារ ហើយពួកគាត់ត្រូវធ្វើតាមនីតិវិធីលទ្ធកម្ម ការដេញថ្លៃ និងលក្ខខណ្ឌហិរញ្ញវត្ថុ សាធារណៈ»

លោករដ្ឋមន្ដ្រី ឲ្យដឹងទៀតថា ក្រោយពីមានការផ្ទេរការគ្រប់គ្រងនេះ គេសង្កេតឃើញថា មានកែសោភ័ណភាពតាមបណ្ដាក្រុងទាំង២៦ បានច្រើនល្អណាស់ ក៏ប៉ុន្ដែមានកន្លែងខ្លះរាងយឺតបន្តិច ប៉ុន្ដែក្រសួងនឹងជួយបង្រៀនដល់ រដ្ឋបាលថ្នាក់ក្រោមជាតិ ឲ្យយល់កាន់តែច្បាស់ពីរបៀបក្នុងធ្វើការងារនេះបន្ដទៀត។

លោកបន្ថែមថា ប្រព័ន្ធលូថ្មីនេះក្រសួងបរិស្ថាន កំពុងតែធ្វើការសិក្សាជាមួយ ក្រសួងសាធារណៈការ និងដឹកជញ្ជូន ប៉ុន្ដែសម្រាប់តែរាជធានីភ្នំពេញតែប៉ុណ្ណោះ ដើម្បីជួយសម្រួលដល់ខណ្ឌទាំងអស់ មានលទ្ធភាពគ្រប់គ្រង និងថែទាំប្រព័ន្ធលូថ្មីនេះ រីឯថវិកាក្នុងការ ផ្គត់ផ្គងត្រូវដកពីរដ្ឋាករទឹក១០ភាគរយផងដែរ៕