(ភ្នំពេញ)៖ ក្រុមហ៊ុន អេស ស៊ី ជី បានប្រកាសផ្ដល់អាហារូបករណ៍ ដល់សិស្សវិទ្យាល័យចំនួន២០០នាក់ ដែលមកពីខេត្តកំពត​ និងក្នុងទីក្រុងភ្នំពេញ ការបញ្ជាក់ ពីការផ្ដល់អាហារូបករណ៍នេះ ធ្វើឡើងដោយមានការចូលរួម ពីសំណាក់ លោក ហង់ ជួនណារ៉ុន រដ្ឋមន្រ្ដីក្រសួងអប់រំ យុវជន និងកីឡា លោកគ្រូអ្នកគ្រូ និងសិស្សនុសិស្សយ៉ាងច្រើនកុះករ។

ការផ្ដល់អាហារូបករណ៍នេះ ធ្វើឡើងក្នុងគោលបំណងលើកម្ពស់គុណតម្លៃល្អ ក្នុងចំណោមសិស្សវិទ្យាល័យ និងជួយឧបត្ថម្ភដល់សិស្ស ដែលមានជីវភាពក្រីក្រ លំបាក ក៏ដូចជាផ្ដល់ឱកាសដើម្បីឲ្យពួកគាត់ បានបន្ដការសិក្សាឲ្យបានខ្ពង់ខ្ពស់ជាងមុន។

លោក ហង់ ជួនណារ៉ុន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់ក្រុមហ៊ុន អេស ស៊ី ជី ដែលផ្ដល់អាហារូបករណ៍ ដល់សិស្សនុសិស្សកម្ពុជា​សម្រាប់ឆ្នាំនេះ គឺរយៈពេល៣ឆ្នាំហើយ ដែលក្រុមហ៊ុន ផ្ដល់ឲ្យ ហើយសង្ឃឹមថា សិស្សានុសិស្សទាំងអស់ និងប្រឹងប្រែងរៀនសូត្រ ដើម្បីប្រែក្លាយអាហារូបករណ៍នេះ ឲ្យក្លាយទៅជាមធ្យោបាយដ៏មាន​ប្រសិទ្ធភាព ​ដើម្បីជួយឲ្យប្អូនៗ​បានរៀនសូត្រទទួលនូវចំណេះដឹង ក៏ដូចជាទទួលនូវសញ្ញាបត្របញ្ចប់ការសិក្សាផងដែរ។

លោក AreeChavalitcheewingul អគ្គនាយករងទទួលបន្ទុកអាជីវកម្ម ប្រចាំតំបន់ក្រុមហ៊ុន អេសស៊ីជី ស៊ីម៉ង់ត៍-សម្ភារៈសំណង់ បានថ្លែងថា «ក្រុមហ៊ុន អេស ស៊ី ជី មានការប្តេជ្ញាចិត្តមួយរបស់យើង គឺក្លាយខ្លួនជាក្រុមហ៊ុនគំរូ ដែលអភិវឌ្ឍប្រកបដោយនិរន្តរភាព ក្នុងតំបន់អាស៊ាន និងគ្រប់កន្លែងដែលយើងធ្វើប្រតិបត្តិការ ហើយយើងជឿថា ការអប់រំដើរតួនាទីយ៉ាងសំខាន់ ក្នុងការជំរុញកំណើនប្រកបដោយនិរន្តរភាព និងការអភិវឌ្ឍធនធានមនុស្ស។ ដូច្នេះក្រុមហ៊ុនអេស ស៊ី ជី បានរៀបចំកម្មវិធីអាហារូបករណ៍ អេស ស៊ី ជី «ចែករំលែកក្តីសុបិន្ត» នេះឡើង ដើម្បីគាំទ្រដល់សិស្សានុសិស្សនៅ ក្នុងតំបន់អាស៊ានទាំងមូល ដោយយើងមានអនវុត្តកម្មវិធីនេះ នៅប្រទេសជាច្រើនទៀត រួមមាន មីយ៉ាន់ម៉ា ឥណ្ឌូនេស៊ី ហ្វីលីពីន ឡាវ វៀតណាម និងថៃផងដែរ»

សូមបញ្ជាក់ថាក្រុងហ៊ុន អេស ស៊ី ជី នេះ បានធ្វើការផ្ដល់អាហារូបករណ៍ ដល់សិស្សវិទ្យាល័យ ខេត្តកំពត និងទីក្រុងភ្នំពេញ អស់រយៈពេល៣ឆ្នាំហើយដោយម្នាក់​ក្នុងម្នាក់ទទួលបាននូវថវិកាចំនួន២០០ដុល្លារ សម្ភារៈសិក្សា និងកីឡាមួយចំនួនផងដែរ៕