(ភ្នំពេញ)៖ មេបញ្ជាការរងអាវុធហត្ថរាជធានីភ្នំពេញ លោកវរៈសេនីយ៍ឯក ជុំ សុជិត ត្រូវបានប្រជាពលរដ្ឋធ្វើដំណើរកាត់ប្រទះឃើញដេកដួលម្នាក់ឯង ហើយមុខប្រលាក់ឈាមពេញមុខ​ សង្ស័យតែដួលម្នាក់ឯង នៅយប់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៦ ត្រង់ចំណុចផ្លួវ១០០៣ កែងនិងផ្លួវ៣២៧ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

​តាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ ប្រជាពលរដ្ឋធ្វើដំណើរត្រង់ចំណុចខាងលើ ក៏ប្រទះឃើញបុរសម្នាក់ស្លៀកពាក់ឯកសណ្ឋានកងរាជអាវុធហត្ថ បានដេកដួលមុខប្រលាក់ឈាម ហើយដេកជិតម៉ូតូមួយគ្រោះ ដែលដួលទៅលើដីផងដែរនោះ ដោយមិនដឹងមូលហេតុច្បាស់លាស់នោះទេ ទើបគេប្រញាប់រាយការណ៍ ទៅ​កម្លាំងសមត្ថកិច្ច ក៏ដូចជាកម្លាំងកងរាជអាវុធហត្ថ ដែលប្រចាំ ឲ្យមកជួយអន្តរាគមន៍។

សមត្ថកិច្ចមូលដ្ឋាន បានបញ្ជាក់ថា បុរសរងគ្រោះខាងលើមានឈ្មោះ ជុំ សុជិត ​មុខងារ ជាមរបញ្ជាការរង កងរាជអាវុធហត្ថរាជធានីភ្នំពេញ ហើយជិះម៉ូតូណៃហត ព័ណ៌ខៀវ ពាក់ស្លាកលេខខេមរភូមិន្ទ1-2328 ហើយបើការពិនិត្យស្លាកស្នាម បានឲ្យដឹងថាឃើញស្នាមម៉ូតូខាងលើ ជិះមកពីជើង ទៅត្បូងតាមផ្លួវ១០០៣ ហើយលុះមកដល់ចំណុចកើតហេតុ គ្មានអ្នកណាម្នាក់ដឹងថា ជនរងគ្រោះខាងលើ ដួលដោយសារមូលហេតុអ្វីនោះទេ ​តែមានអ្នកនៅម្ដុំនោះសង្ស័យថាជនរងគ្រោះប្រហែលជារអិលខ្សាច់ ដែលនៅគែមថ្នល់នោះ ហើយត្រូវដួលអូសបែកមុខមាត់ដូច្នេះ។

ក្រោយពេលកើតហេតុជនរងគ្រោះ ត្រូវបានរថយន្ដសង្គ្រោះ​របស់គ្លីនិកឯកជន ហុង ហាក់ មកដឹកជនរងគ្រោះយកទៅកាន់មន្ទីរពេទ្យ ព្រះកេតុមាលា ដើម្បីសង្គ្រោះ ចំណែកឯម៉ូតូជនរងគ្រោះ ត្រូវបានកម្លាំងអាវុធហត្ថ យកទៅរក្សាទុក​ នៅមូលដ្ឋានអាវុធហត្ថខណ្ឌសែនសុខ៕