(តូក្យូ)៖ ព្យុះទីហ្វុងកំណាច  Lionrock បានវាយប្រហារភាគខាងជើង ឈៀងខាងកើតប្រទេស ជប៉ុន នៅល្ងាចថ្ងៃអង្គារ និងបានបណ្តាលឲ្យកើត មានការបាក់ដី ហើយអាជ្ញាធរបានធ្វើការ ជម្លៀស ប្រជាជន ៤១០,០០០នាក់ ចេញពីតំបន់ Tohoku ទៅរកទីកន្លែងណា ដែលមានសុវត្ថិភាព ខណៈមកដល់ព្រឹកថ្ងៃពុធ នេះ អាជ្ញាធរបានរកឃើញសាកសពមនុស្ស ០៩នាក់ នៅក្នុងផ្ទះពួកគេដែល បានលិចទឹក។ នេះបើតាមការ ចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួរ នាព្រឹកថ្ងៃពុធ ទី៣១ ខែសីហា ឆ្នាំ២០១៦។

Lionrock គឺជាព្យុះទី១០ហើយ ដែលបានវាយប្រហារ មកលើប្រទេសជប៉ុន នៅក្នុងរដូវព្យុះ ភ្លៀងដែលបានចូលមកដល់នៅក្នុងឆ្នាំ ២០១៦ នេះ ហើយវាបានបោកសង្គ្រប់ខ្លាំង នៅវេលាម៉ោង ៧៖០០ នាទី យប់ម៉ោង នៅទីក្រុងតូក្យូ ក្នុងល្បឿនប្រមាណជាង ១៨០ គីឡូម៉ែត្រក្នុងមួយម៉ោង។ បន្ថែមពីនេះទៀត ជើងហោះហើរប្រមាណ ១០០ជើងត្រូវបានលុបចោល នៅព្រលានយន្តហោះ Tohoku ខណៈផ្ទះរបស់ប្រជាជន ៣៥,០០០ខ្នង បានដាច់ចរន្តអគ្គិសនី។

គួរបញ្ជាក់ថា នេះជាព្យុះកំណាចលើកដំបូងហើយ គិតចាប់ពីឆ្នាំ ១៩៥១ ដែលបានមកបញ្ចប់ ឥទ្ធិពលរបស់វាលើដែនដីជប៉ុន ហើយលើកនេះវាបានបង្កជាភ្លៀងធ្លាក់ ២៥០ មីលីម៉ែត្រ ដែលនឹងអូសបន្លាយ រហូតដល់ល្ងាចថ្ងៃពុធនេះផងដែរ។ ដោយឡែកនៅតំបន់ក្បែរនោះដូចជាកោះ ហុកកៃដូ ក៏នឹងទទួលរងនូវប្រព័ន្ធសម្ពាធទាប ដែលមានភ្លៀងធ្លាក់ខ្លាំង កម្រិតបង្គួរ ១០០មីលីម៉ែត្រ ផងដែរ៕