(ភ្នំពេញ)៖ កូនរបស់មេភូមិអង្គកែវម្នាក់​ ដែលសមត្ថកិច្ចអះអាងថា ជាមេក្លោងវាយប្លន់យកទ្រព្យសម្បត្តិ ពីប្រជាពលរដ្ឋនៅពេលយប់ ពេលនេះត្រូវបានកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ សហការជាមួយជំនាញព្រហ្មទណ្ឌកំរិតធ្ងន់ និងអន្តរាគមន៍ រាជធានីភ្នំពេញបង្ក្រាបបានហើយ រីឯបក្ខពួកមួយចំនួនទៀត កំពុងរត់គេចខ្លួន។ ការចាប់ខ្លួនជនសង្ស័យរូបនេះ បានធ្វើឲ្យប្រជាពលរដ្ឋសាទរយ៉ាងខ្លាំង ពីព្រោះរាល់ថ្ងៃពួកគេរស់នៅទាំងភាពភ័យខ្លាចដោយសារតែជនម្នាក់ គឺជាបងធំប្រចាំភូមិតែម្តង។

ប្រតិបត្តិការបង្ក្រាបមុខសញ្ញាម្នាក់នេះ បានធ្វើឡើង វេលាម៉ោង ១និង១០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី៣១ ខែសីហា ឆ្នំា២០១៦ នៅចំណុចបន្ទប់ជួលជាន់ទី២ បន្ទប់លេខ១៨ ស្ថិតក្នុងភូមិអង្គកែវ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

លោកវេរសេនីយ៍ទោ យឹម សារ៉ាន់ អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ បានបញ្ជាក់នៅព្រឹកនេះថា មុនឈានទៅដល់ការចាប់ខ្លួនជននេះ លោកបានអោយដាក់កម្លាំងធ្វើការស៊ើបអង្កេតស្រាវជ្រាវ អស់រយៈពេលជាយូរមកហើយ ទើបនៅយប់មិញ កម្លាំងនគរបាលរបស់លោក សហការជាមួយកម្លាំងជំនាញ ឆ្មក់ចូលបន្ទប់របស់ជនសង្ស័យទើបឃាត់បានតែម្តង។

បើតាមលោកអធិការ ជនសង្ស័យរូបនេះ គឺជាមុខសញ្ញាចាស់ ដែលធ្លាប់រកសីុជួញដូរគ្រឿងញៀន និងធ្លាប់មានដីការតាមចាប់ខ្លួនរាប់មិនអស់ ហើយថ្មីៗនេះ ជនសង្ស័យបានធ្វើសកម្មភាព បង្កើតក្រុមវាយប្លន់
យកសម្ភារមានតំលៃដូចជា លុយ ទូរស័ព្ទ និងទ្រព្យសម្បត្តិមួយចំនួនទៀត។

ហើយចុងក្រោយនេះជនសង្ស័យ និងបក្ខពួក បានវាយប្លន់យក ម៉ូតូមិនបានសម្រេច ព្រោះប៉ះជាមួយកំលាំងសមត្ថកិច្ចល្បាត ក៏ចេញជួយអន្តរាគមន៍ ធ្វើឲ្យពួកវារត់គេចខ្លួន។

មុខសញ្ញាខាងលើនេះ មានឈ្មោះ ប៉ា សុភក្ត្រ័ អាយុ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិអង្កកែវ សង្កាត់ចោមចៅ។

ជាមួយគ្នានេះនៅយប់មិញនេះដែរ កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ ក៏តាមបង្ក្រាបក្រុមចោរគាស់ផ្ទះប្រជាពលរដ្ឋ ចំនួន៣នាក់ផងដែរ ដែលតែងតែធ្វសកម្មភាពយ៉ាងសកម្មនាពេលកន្លងមក។

បច្ចុប្បន្នជនសង្ស័យទាំងនេះ កំពុងសាកសួរបន្ថែមដើម្បីតាមចាប់បក្សពួកដែលនៅសល់ និងបញ្ចូនខ្លួនទៅឃុំបន្ត នៅផ្នែលជំនាញព្រហ្មទណ្ឌខណ្ឌ ដើម្បីរង់ចាំថ្ងៃឡើងតុលាការចាត់ការតាមនិតិវិធីច្បាប់៕