(ភ្នំពេញ)៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៦នេះ ​បានរៀបចំពិធី​ផ្សព្វផ្សាយរបាយការណ៍​តាមដានវឌ្ឍនភាព​ម៉ាក្រូសេដ្ឋកិច្ច​កម្ពុជា​ឆ្នាំ២០១៦ ក្រោមវត្តមានលោក វង្សី​ វិស្សុត រដ្ឋលេខាធិការក្រ​សួងសេដ្ឋកិច្ច និងមានការចូលរួម​ពី​​ក្រសួងស្ថាប័នពាក់ព័ន្ធ​នៃរាជរដ្ឋាភិបាល និងដៃគូ​អភិវឌ្ឍន៍​សំខាន់ៗមួយចំនួន ដូចជា៖ IMF, WB, ADB, EU និង UN ព្រមទាំងអ្នកសារ​ព័ត៌មានជាតិ អន្តរជាតិ ស្ថាប័នសិក្សាស្រាវជ្រាវ និងគ្រឹះស្ថានឧត្តមសិក្សាមួយចំនួនផងដែរ។

លោក វង្សី វិស្សុត បានថ្លែងថា នេះគឺជាលើកទី១ហើយ ដែលរាជរដ្ឋាភិបាលបានធ្វើ​ការផ្សព្វផ្សាយនូវ​របាយការណ៍សេដ្ឋកិច្ចរបស់ខ្លួនជាផ្លូវការ។ របាយការណ៍នេះ គឺជារបាយការណ៍តាមដាន និងវាយតម្លៃ​សេដ្ឋកិច្ចកម្ពុជាពាក់កណ្តាលឆ្នាំ នៅក្នុងរយៈពេល ០៦ខែ ដើមឆ្នាំ២០១៦នេះ។

ការផ្សព្វផ្សាយនេះ មានគោលបំណងជូនព័ត៌មាន​ដល់សាធារណៈជូនទូទៅ ពិសេសអ្នកសិក្សាស្រាវជ្រាវ សិស្សនិស្សិត ដែលមានបំណងចង់ស្វែងយល់ និងតាមដានស្ថានភាព​សេដ្ឋកិច្ចកម្ពុជាយើង។ របាយការណ៍នេះ គឺត្រូវបានរៀបចំដោយក្រុមសេដ្ឋកិច្ច​នៃក្រសួងសេដ្ឋកិច្ច​និងហិរញ្ញវត្ថុ ដោយគ្មានការជួយពីជំនាញ​ការបរទេសនោះទេ ហើយរបាយការណ៍នេះ​នឹងត្រូវបង្ហោះនៅក្នុង​គេហទំព័ររបស់ក្រសួង ដែលអាចឱ្យសាធារណៈ​ជនទូទៅអាចចូលទៅមើល និងអាចទាញយក​សម្រាប់សិក្សាស្រាវជ្រាវបាន។

រដ្ឋលេខាធិការបានលើកឡើងថា កន្លងមក យើងធ្លាប់តែឃើញដៃគូរបស់យើង ដូចជា IMF WB និង ADB តែងតែបានរៀបចំនិងផ្សព្វផ្សាយ​នូវរបាយការណ៍​ស្រដៀងគ្នានេះ តែចាប់ពីពេលនេះតទៅ កម្ពុជានឹងមានរបាយការណ៍​សេដ្ឋកិច្ចផ្លូវការរបស់ខ្លួនដែរ ដែលដូចគ្នានឹង​ការរៀបចំរបស់ដៃគូខាងលើ។ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ​នឹងរៀបចំការផ្សព្វផ្សាយ​របាយការណ៍នេះចំនួន ០២​ ដង ក្នុងមួយឆ្នាំ។

លោករដ្ឋលេខាធិការ វង្សី វិស្សុត បានគូសបញ្ជាក់ថា ជារួម តាមការតាមដាននិងវាយតម្លៃស្ថាន​ភាពសេដ្ឋកិច្ច នៅក្នុងរយៈពេល​ ០៦ ខែនេះ គឺសេដ្ឋកិច្ចកម្ពុជានៅតែ​អាចសម្រេច​បាននូវកំណើន ៧% ក្នុងឆ្នាំ២០១៦នេះ ដូចការព្យាការណ៍​ពីដើមឆ្នាំ។ កំណើនេះនឹងនៅតែបន្តមានភាពរឹងមាំរហូតដល់ចុងឆ្នាំ ទោះបីហានិភ័យពីខាងក្រៅកំពុងតែវិវឌ្ឍយ៉ាងស្មុគស្មាញ ពិសេសសេដ្ឋកិច្ចពិភពលោកកំពុង​មានការថមថយក្តី។ វិស័យកាត់ដេរ​ដែលជាកម្លាំង​ចលករអូសកំណើនសេដ្ឋកិច្ច​ដ៏សំខាន់របស់កម្ពុជា ​នៅតែមាន​ភាពរឹងមាំ។ ជាក់ស្តែង នៅក្នុងរយៈពេល ០៦ ខែដើមឆ្នាំ២០១៦ នេះ តម្លៃនៃការនាំចេញ​របស់វិស័យកាត់ដេរមានការកើនឡើង បើធៀបនឹងរយៈពេល ០៦ខែដូចគ្នានៅក្នុងឆ្នាំ២០១៥ កន្លងទៅ ទោះបីបរិមាណនៃការនាំចេញមានការធ្លាក់ចុះបន្តិចក្តី។ ម្យ៉ាងវិញទៀត នៅក្នុងរយៈពេល ០៦ ខែដើមឆ្នាំនេះដែរ ការនាំចូលវត្ថុធាតុដើមបម្រើ​ឱ្យវិស័យកាត់ដេរមាន​ការកើនឡើងខ្លាំង ដែលជាការឆ្លុះបញ្ជំាងថា វិស័យកាត់ដេរ​នឹងនៅតែមានកំណើនល្អ នៅក្នុង​រយៈពេល ០៦ ខែចុងឆ្នាំ២០១៦នេះ និងនៅឆ្នាំ២០១៧។ នេះជាការប្រែ​ប្រួលជារចនាសម្ព័ន្ធ​នៅក្នុងវិស័យកាត់ដែរ ដែលការផ្ទេរពីការផលិតនូវផលិតផល​ដែលមាន​តម្លៃទាបទៅការផលិតនូវ​​ផលិតផលដែលមានតម្លៃខ្ពស់​ជាបណ្តើរៗ ដូចការគិតគូរ​ពីដើមឆ្នាំដែរ។

ដោឡែក វិស័យសំណង់ដែលជាកម្លាំងចលករអូសកំណើនសេដ្ឋកិច្ចដ៏​សំខាន់មួយផងដែរនោះ ក៏នៅមានកំណើនល្អ ទោះបីកំណើននេះមានការ​ថមថយខ្លះនៅក្នុងរយៈពេលប៉ុន្មាន​ឆ្នាំចុងក្រោយនេះ។ ភ្ជាប់ជាមួយនេះ ការលក់ខនដូរ និងផ្ទះលំនៅដ្ឋានមានការធ្លាក់ចុះខ្លះ តែនេះជាការកែតម្រូវទីផ្សារ រវាងការផ្គត់ផ្គង់និងតម្រូវការ ដែលជាលទ្ធផលនឹងធ្វើឱ្យ​មានការចុះតម្លៃខនដូរ​និងផ្ទះលំនៅដ្ឋាន។ ប្រការនះនឹងបង្កើតជាឱកាសសម្រាប់អ្នក​ដែលនៅមានលទ្ធភាពទិញ អាចធ្វើការទិញខនដូរ​និងផ្ទះ​លំនៅដ្ឋានបាន ក្នុងតម្លៃថោកជាងមុន។​ ទន្ទឹមនឹងនេះ យើងក៏ឃើញពីសក្តានុពល​​ដ៏ធំធេងចំពោះ​តម្រូវការផ្ទះលំនៅដ្ឋានដែលមានតម្លៃទាប សម្រាប់អ្នកមានប្រាក់​បៀវត្សចន្លោះពី ២៥០ ទៅ​ ៥០០ ដុល្លារអាមេរិក ជាពិសេសក្នុងចំណោម​មន្រ្តីរាជការ និងនិយោជិតក្នុងវិស័យឯកជន។ ក្នុងន័យនេះ រាជរដ្ឋាភិបាលបាននិងកំពុងរៀប​ចំ​គោលនយោបាបាយអភិវឌ្ឍន៍​លំនៅដ្ឋានដែលមានតម្លៃទាបនេះ ដើម្បជំរុញការអភិវឌ្ឍ​និងបង្កើន​ការវិនិយោគ​ក្នុង​វិស័យនេះ ពិសេសដើម្បីជួយ​ធ្វើឱ្យអ្នក​ដែលមាន​ប្រាក់បៀវត្សចន្លោះពី ២៥០ ទៅ​ ៥០០ ដុល្លារអាមេរិក អាចទិញនិងធ្វើជាម្ចាស់លើលំនៅដ្ឋាន​ដែលមានថ្ងៃទាបនេះ។ លំនៅដ្ឋានដែលមានថ្ងៃទាបនេះ ពិតជានឹងមានតម្រូវធំធេង​ នៅពេលរាជរដ្ឋាភិបាល​ដំឡើងប្រាក់បៀវត្ស​ដល់មន្រ្តីរាជការ​យ៉ាងតិច ១ លានរៀល នៅឆ្នាំ២០១៨។

ទន្ទឹមនឹងនេះ វិស័យកសិកម្មដែលធ្លាប់តែមានកំណើន​ថមថយរហូតនៅក្នុងរយៈពេលប៉ុន្មាន​ឆ្នាំចុងក្រោយនេះ អាចនឹងមានការងើប​ឡើងបន្តិច នៅក្នុងរយៈពេល​មធ្យមខាងមុខ ដោយកត្តាអាកាស​ធាតុ​អាច​មាន​ភាពល្អ​ប្រសើរជាងមុន និងការអន្តរាគមន៍របស់​រដ្ឋនៅក្នុងការរៀបចំ​កម្មវិធីដើម្បីធ្វើទំនើប​កម្មក្នុងវិស័យនេះ ព្រមទាំងការបើកទីផ្សារ​របស់ចិនក្នុងការទទួល​យក​នូវផលិតផល​កសិកម្ម​របស់​កម្ពុជា។ កំណើនរបស់វិស័យកសិកម្មនេះ អាចនឹងជួយធ្វើការប៉ះប៉ូវ​ដល់ការថមថយកំណើន​ក្នុងវិស័យទេសចរណ៍។ ក្នុងន័យនេះ យើងមានចាំបាច់ក្នុងការធ្វើការកែ​​តម្រូវគោល​នយោយនិងយុទ្ធសាស្រ្ត​មួយចំនួនក្នុងវិស័យ​ទេសចរណ៍ ដើម្បីបង្កើនការទាក់ទាញ និងលើកកម្ពស់គុណភាព និងតម្លៃបន្ថែម​របស់វិស័យនេះ ដើមបីឱ្យវិស័យទេសចរណ៍​ក្លាយជាកម្លាំងចលករអូស​កំណើនសេដ្ឋកិច្ចកម្ពុជា ទាំងនៅក្នុង​រយៈពេលធម្យម និងវែងខាងមុខ។

លោករដ្ឋលេខាធិការបានបន្តលើកឡើងថា បញ្ហាអចលនទ្រព្យ និងបញ្ហាកំណើន​ឥណទាននៅក្នុង​វិស័យ​ធនាគារ និងវិស័យមីក្រូហិរញ្ញវត្ថុ នៅតែអាចបង្កឱ្យមានហានិភ័យ​មកលើសេដ្ឋកិច្ចកម្ពុជា។ ក៏ប៉ុន្តែហានិភ័យក្នុងវិស័យ​អចលនទ្រព្យ​បានធ្លាក់ចុះ ដោយសារកំណើន និងតម្លៃនៃការលក់​ខនដូរ និងផ្ទះសម្បែងមានការធ្លាក់ចុះ។ ដូច្នេះ ជារួម ហានិភ័យក្នុងវិស័យ​អចលនទ្រព្យ​​មិនមានបញ្ហាធំ​ដុំនោះទេ ប្រសិនយើង​មានការគ្រប់គ្រងត្រឹមត្រូវ។

ដោយឡែក ហានិភ័យនៃកំណើនឥណទាន​ក្នុងវិស័យ​ធនាគារ និងវិស័យមីក្រូហិរញ្ញវត្ថុ ក៏ត្រូវបានកាត់បន្ថយផងដែរ ដោយសារការឱ្យខ្ចីមានការ​ថមថយ តាមរយៈការដាក់ចេញ​នូវវិធានការមួយ​​ចំនួនរបស់​ធនាគារ​ជាតិនៃកម្ពុជា។

ដូច្នេះ ជារួម សេដ្ឋកិច្ចកម្ពុជានៅមានកំណើនរឹងមាំ ក៏ប៉ុន្តែទាមទារឱ្យមានភាពម៉ត់ចត់ នៅក្នុងគ្រប់គ្រង និងត្រូវត្រៀមខ្លួនជាយថាហេតុ​ក្នុងការទប់ទល់ជាមួយ​នឹងវិបត្តិនិងហានិភ័យ​ពីខាងក្រៅឱ្យបានល្អ។ ទន្ទឹមនេះ កម្ពុជាក៏ត្រូវខិតខំឱ្យកាន់​តែសកម្មជាងមុន ក្នុងការទាក់ទាញវិនិយោគ តាមរយៈការកែលម្អ​បរិស្ថានវិនិយោគ ការវិនិយោគក្នុងវិស័យហេដ្ឋារចនា​សម្ព័ន្ធនិងធនធានមនុស្ស ក្នុងគោលដៅ​ធានាចិរភាព​នៃកំណើផង និងឱ្យមានការប្រែប្រួល​ជារចនាសម្ព័ន្ធសេដ្ឋកិច្ចផង តាមរយៈការបង្កើនក្បាលម៉ាស៊ីនសេដ្ឋកិច្ចថ្មី ពីព្រោះកម្ពុជាមិនអាចនៅពឹង​ផ្អែក​តែទៅលើកម្លាំងចលករ​អូសកំណើន​សេដ្ឋកិច្ច​ដែលស្រាប់ចំណាស់ជាង ២០ឆ្នាំ ទាំងស្រុងទៀត​​បានទេ។

ចំពោះវិស័យសារពើពន្ធវិញ លោករដ្ឋលេខាធិការក៏បានលើកឡើងផងដែរថា ជារួម វិស័យសារពើពន្ធរបស់កម្ពុជា​ក៏មានភាពរឹងមាំផងដែរ ទាំងខាងផ្នែកចំណូល ទាំងខាងផ្នែកចំណាយ។ ចំពោះខាងផ្នែក​ចំណូលវិញ គឺយើងសម្រេចបាននូវ​កំណើនដ៏ខ្ពស់មិនធ្លាប់មាន ពិសេសនៅក្នុងរយៈពេលបីឆ្នាំចុងក្រោយនេះ ដោយសារសេដ្ឋកិច្ចមានកំណើនខ្ពស់ និងជាពិសេស គឺដោយសារការខិតខំប្រែងប្រែង​របស់រាជរដ្ឋាភិបាលក្នុង​ប្រមូលចំណូល។ ជាក់ស្តែង នៅក្នុងឆ្នាំ២០១៥ កន្លងទៅ យើងសម្រេចបាននូវកំណើននៃ​ចំណូលចរន្តសរុបរហូតទៅ​ដល់ប្រមាណ ១៨% នៃ ផសស ធៀបទៅនឹងគោលដៅ ដែលបានកំណត់នៅក្នុងយុទ្ធ​សាស្រ្ត​កៀរគរចំណូលរយៈពេល​មធ្យម​ ២០១៤​-២០១៨ ត្រឹមតែ ១៧,៣៥% នៅក្នុងឆ្នាំ២០១៨។ ក៏ប៉ុន្តែយើងទាន់មិនស្កប់ស្កលជា​មួយនឹងកំណើន​ចំណូលនេះទេ ពីព្រោះចំណូលនេះចាំបាច់ត្រូវមាន​ការគិតគូរទៅដល់ទិដ្ឋភាព​ផ្សេងទៀត ដូចជាថា តើចំណូលនេះមាន​ចិរភាពឬអត់? តើប្រព័ន្ធពន្ធបច្ចុប្បន្ននេះ​អាចទ្រទ្រង់ដល់កំណើន​សេដ្ឋកិច្ច ការបង្កើតការងារ និងការ​លើក​កម្ពស់​នូវយុត្តិធម៌​សង្គមបានក្នុងកម្រិតណា?។ ក៏ប៉ុន្តែទោះបីយ៉ាងណាក៏​ដោយ កន្លងមក ការខិតខំប្រឹងប្រែងនៅក្នុងការប្រមូល​ចំណូល​ពន្ធត្រូវជួបប្រទះ​នូវការលំបាកមួយ​ចំនួន​ដោយជៀស​ពុំរួចផងដែរ ដោយសារក្របខ័ណ្ឌ​នីតិវិធីក្នុងការយកពន្ធនៅកន្លែង​ខ្លះនៅស្មុគស្មាញនៅឡើយ ហើយវប្បធម៌បង់ពន្ធ និងកម្រិតអនុលោម​ភាពក៏នៅមានកម្រិត។

លោករដ្ឋលេខាធិការបានលើកឡើងថា រាជរដ្ឋាភិបាលនឹងធ្វើការ​សិក្សារៀបចំប្រព័ន្ធពន្ធដារ​ថ្មីនៅឆ្នាំ២០១៩ ដើម្បីឆ្លើយបតទៅនឹងបរិការណ៍ថ្មី​នៃសង្គមសេដ្ឋកិច្ច​របស់កម្ពុជា និងដើម្បីទ្រទ្រង់​បរិការណ៍នៃ​ការ​អភិវឌ្ឍ​ថ្មីពីប្រទេសចំណូល​ទាបទៅប្រទេសចំណូលធម្យម ព្រមទាំងដើម្បីទ្រទ្រង់ដល់​ការប្រកួតប្រជែង និងការពង្រឹងភាព​ធន់នៃសេដ្ឋកិច្ច។

ចំពោះខាងផ្នែកចំណាយវិញលោករដ្ឋលេខាធិការបានលើកឡើងថា យើងក៏គ្រប់គ្រងបានល្អដែរ ដោយក្នុងនោះ យើងបានខិតខំបង្កើនការចំណាយ ដើម្បីឆ្លើយបតទៅនឹងតម្រូវរបស់ប្រទេសជាតិ ក្នុងការផ្តល់សេវាសាធារណៈជូនប្រជាជន ក៏ដូចជា ដើម្បីទ្រទ្រង់ដល់ប្រតិបត្តិការរបស់រដ្ឋ។ ជាមួយគ្នានេះ នៅក្នុងរយៈពេលបីឆ្នាំចុងក្រោយនេះ យើងក៏បានខិតខំលើកកម្ពស់​គុណភាពនៃការចំណាយ​ផងដែរ ទាំងតាមរយៈការលើកប្រសិទ្ធភាពនៃការវិភាជន៍ថវិកា នៅក្នុងពេលរៀបចំថវិកា ពិសេសពេលចរចាថវិកា និងទាំងតាមរយៈនៃការ​លើកកម្ពស់​​ប្រសិទ្ធភាពនៃប្រតិបត្តិការ​ចំណាយ នៅក្នុងពេល​អនុវត្តថវិកា។ ជាក់ស្តែង ថ្វីត្បិតយើងមានសម្ពាធខាងផ្នែកចំណាយបៀវត្សដោយសារការដំឡើងប្រាក់បៀវត្ស ដែលខ្ទប់ចំណាយមិនមែន​បៀវត្សមិនឱ្យមាន​ការកើនឡើង ឬកើនឡើងតិចតួចក្តី តែក្រសួងស្ថាប័នមួយចំនួននៅតែ​អាចសម្រេចនូវលទ្ធផល និងគោលដៅរបស់ខ្លួនដដែល ហើយការចាយវាយ​កាន់តែចំគោលដៅជាងមុន និងបានទៅដល់ដៃអ្នក​អនុវត្តការងារផ្ទាល់ច្រើនជាងមុន។

 ជាមួយគ្នានេះ ចំណាវិនិយោគសាធារណៈក៏កាន់តែត្រូវបានធ្វើវិចារណកម្មនិងកាន់តែមានប្រសិទ្ធភាពជាងមុន ហើយក៏មានការកើនឡើងក្នុងមួយកម្រិតមួយ ដែលអាចជួយទ្រទ្រង់កំំណើន​សេដ្ឋកិច្ចឱ្យ​សម្រេច​​បានក្នុងរង្វង់ ៧% ផងដែរ។ យើងក៏បានប្រកាន់ខ្ជាប់នូវវិន័យថវិកា ពិសេសការសម្រេចបាននូវ​អតិរេកសាច់ប្រាក់ ដើម្បីត្រៀមទប់ទល់​វិបត្តិកលិយុគនិង​ហានិភ័យ​ផ្សេងៗ​​ដែល​អាច​កើតមានឡើង​ជា​យថាហេតុ។

ដូច្នេះ ជាការសរុបរួមលោករដ្ឋលេខាធិការ​បានលើកឡើងថា សេដ្ឋកិច្ចកម្ពុជានៅតែមានកំណើនរឹងមាំ ហើយមានស្ថេរភាព​ម៉ាក្រូសេដ្ឋកិច្ចល្អ មានអតិផរណាទាប អត្រាប្តូរប្រាក់មានស្ថេរភាព ទុនបម្រុង​អន្តរជាតិ​ក៏មានកំណើនល្អ ហើយសមតុល្យគណនីចរន្តក៏កាន់ភាពល្អប្រសើរឡើង។ ក៏ប៉ុន្តែទោះបីយ៉ាងណាក៏ដោយ យើងចាំបាច់ត្រូវមានការ​ប្រុងប្រយ័ត្ន​ជាប់ជាប្រចាំ និងត្រូវមាន​ការរឹតខ្សែក្រវ៉ាត់ ដើម្បីទប់ទល់និង​កាត់បន្ថយផលប៉ះពាល់អវិជ្ជមានទាំងឡាយ ដែលអាចកើតឡើង​ជាយថាហេតុ ទាំងពីខាងក្នុង និងទាំងពីខាងក្រៅប្រទេស៕