(ភ្នំពេញ)៖ តំណាងភាគីអ៊ឺរ៉ុប បានបញ្ជាក់ឲ្យដឹងថា សហគមន៍អ៊ឺរ៉ុប មានថវិកាប្រមាណ ១៥ លានដុល្លាអាមេរិកសម្រាប់ទ្រទ្រង់ ដល់ប្រទេស CLM ដែលមាន កម្ពុជា-ឡាវ-មីយ៉ានម៉ា ដើម្បីសម្រួល ដល់ការតភ្ជាប់ ពាណិជ្ជកម្ម របស់ប្រទេសទាំងបី នៅក្នុងសហគមន៍សេដ្ឋកិច្ចអាស៊ាន។ បេសកកម្មនេះមានគោលបំណង សិក្សាពីគោលនយោបាយអាទិភាព នៅក្នុងវិស័យពាណិជ្ជកម្មរបស់កម្ពុជា ដើម្បីរៀបចំកិច្ច អន្តរាគមន៍ សមស្រប។ គម្រោងដែលសហគមន៍អ៊ឺរ៉ុប កំពុងតែរៀបចំនេះ នឹងចាប់ផ្ដើមអនុវត្តយ៉ាងលឿនបំផុត នៅពាក់កណ្ដាលឆ្នាំ២០១៧។

ការលើកឡើងនេះ បានធ្វើឡើង ខណៈដែលលោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជគម្ម បានទទួលជួបគណៈប្រតិភូសហគមន៍អ៊ឺរ៉ុប រួមមាន លោកស្រី Fiona Ramsey និងលោក Daniel Gonzalez Levassor មកពីស្ថានទូតសហគមន៍អ៊ឺរ៉ុប ប្រចាំនៅកម្ពុជា និងទីប្រឹក្សាពីររូបទៀតរួមមានលោក Paul Baker និងលោក James Lenaghan ដែលអញ្ជើញមកបំពេញបេសកកម្ម រៀបចំគម្រោង ដើម្បីជួយដល់ការអភិវឌ្ឍពាណិជ្ជកម្ម នៅកម្ពុជា នៅរសៀលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៦ ។

ក្នុងឱកាសនោះ លោក ប៉ាន សូរស័ក្ដិ បានបញ្ជាក់ឲ្យដឹងថា តាមរយៈការពិភាក្សា ជាមួយក្រសួងពាណិជ្ជកម្ម ក្រសួងនិងស្ថាប័នពាក់ព័ន្ធ ក៏ដូចជាវិស័យឯកជន កម្ពុជានឹងអាចទាញយក ថវិកាបានច្រើនពីថវិកា សរុបនេះ ដោយប្រទេសកម្ពុជា មានគោលនយោបាយពាណិជ្ជកម្ម ច្បាស់លាស់ដូចជា ផែនការយុទ្ធសាស្ត្រជាតិ សម្រាប់ការអភិវឌ្ឍ (NSDP) យុទ្ធសាស្ត្រវិភាគ សមាហរណកម្មពាណិជ្ជកម្ម (CTIS) ២០១៤-២០១៨ និងផែនការរយៈពេលមធ្យម សម្រាប់ការអនុវត្តអភិក្រមគ្របដណ្ដប់ លើវិស័យពាណិជ្ជកម្ម ២០១៦-២០២០៕