(ភ្នំពេញ)៖ ក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានរៀបចំកិច្ចប្រជុំរបស់ខ្លួន ក្រោមអធិបតីភាព លោកទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម និងសិប្បកម្ម នៅរសៀលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៦ នៅសាលប្រជុំនៃ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ។

កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងដោយមានការធ្វើរបាយការណ៍លម្អិតអំពីលទ្ធផលការងាររបស់អគ្គនាយកដ្ឋានបច្ចេកទេសទាំង៥ និងរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ។ មុននឹងបើកកិច្ចប្រជុំ លោកទេស​រដ្ឋមន្ត្រី ចម ប្រសិទ្ធ បានណែនាំឲ្យមន្រ្តីរាជការក្រោមឱវាទក្រសួងឧស្សាហកម្ម និងសិប្បកម្មទាំងអស់ត្រូវទៅចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់ៗគ្នា ហើយត្រូវត្រៀមឯកសារ​ផ្សេងៗឱ្យបានគ្រប់គ្រាន់​ដែលជាតម្រូវការរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ជាពិសេសគឺអត្តសញ្ញាណប័ណ្ណជនជាតិខ្មែរ។ គួរបញ្ជាក់ផងដែរថា ការចុះឈ្មោះបោះឆ្នោតនឹងត្រូវចាប់ផ្តើមធ្វើពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៦ នេះតទៅ។

ថ្លែងក្នុងកិច្ចប្រជុំនេះដែរ លោកទេសរដ្ឋមន្រ្តី បានជំរុញឱ្យមន្រ្តីជំនាញរបស់ក្រសួង ត្រូវធ្វើការសិក្សាឱ្យបានលឿនពីការត្រៀមរៀបចំ SEM Cluster និងការសិក្សាអំពីគម្រោងនៃការរៀបចំ​ប្រព័ន្ធផ្គត់ផ្គង់ទឹក​ស្អាតនៅខេត្តកែប ដែលក្រសួងឧស្សាហកម្ម និងសិប្បកម្ម ទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៅពេលដែលសម្តេចអញ្ជើញចុះជួបសួរសុខទុក្ខជាមួយមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋនៅខេត្តកែបនាពេលកន្លងទៅថ្មីៗនេះ។

ក្នុងឱកាសនោះដែរ លោកទេសរដ្ឋមន្រ្តី ក៏បានណែនាំឱ្យមន្រ្តីជំនាញស្តង់ដារ ត្រូវបន្តផ្សព្វផ្សាយឱ្យបានទូលំទូលាយជូនសាធារណជន អំពីផលប៉ះពាល់នានាពីការប្រើប្រាស់ជាតិពុល ឬជាតិគីមីផ្សេងៗ នៅក្នុងផលិតផល ដែលធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពរបស់ប្រជាជន ហើយមន្រ្តីជំនាញត្រូវផ្សព្វផ្សាយឱ្យបានច្បាស់លាស់ផងដែរ ពីទោសទណ្ឌទាំងឡាយអំពីការប្រើប្រាស់ជាតិគីមីទាំងឡាយ ធ្វើយ៉ាងណាកាត់បន្ថយឱ្យបានជាអតិប្បរមា នូផលរប៉ះពាល់ចំពោះសុខភាពសាធារណៈ ដែលកើតឡើងពីការប្រើប្រាស់ផលិតផល និងការបរិភោគម្ហូបអាហារដែលមានប្រើប្រាស់ជាតិគីមី។

ឆ្លៀតក្នុងឱកាសនោះដែរ លោក ចម ប្រសិទ្ធ ក៏បានមានបញ្ជាក់ឱ្យដឹងដែរថា ដោយមានការឯកភាពពីប្រមុខរាជរដ្ឋាភិបាល កម្ពុជានឹងចូលជាសមាជិកនៃសន្ធិសញ្ញា​សហប្រតិបត្តិការប្រកាស​នីយបត្រ​តក្កកម្ម (The Patent Cooperation Treaty – PCT) ដែលនៅពេលនេះ ក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានរៀបចំរួចរាល់នូវលិខិតូបករ និងឯកសារបច្ចេកទេសនានាដើម្បីស្នើសុំសមាជិកភាព ហើយការចូលជាសមាជិក PCT នេះ កម្ពុជានឹងទទួលបាននូវអត្ថប្រយោជន៍ជាច្រើនចំពោះការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ និងការអភិវឌ្ឍន៍ឧស្សាហកម្ម ដូចជា៖
- សំណុំលិខិតស្នើសុំប្រកាសនីយបត្រតក្កកម្ម (Patent) តែមួយ ដាក់នៅកម្ពុជា ឬនៅអង្គការកម្មសិទ្ធិបញ្ញាពិភពលោក អាចមានប្រសិទ្ធភាពដូចបានដាក់សំណុំលិខិតស្នើសុំនៅថ្នាក់ជាតិ ឬថ្នាក់អន្តរជាតិ នៅប្រទេសទាំងឡាយជាសមាជិកសន្ធិសញ្ញា PCT។​
-​ អ្នកដាក់ពាក្យសុំដែលមានសញ្ជាតិកម្ពុជា ឬមានទីលំនៅ នៅក្នុងប្រទេសកម្ពុជា ត្រូវបានអនុគ្រោះ​ដោយទទួលបាននូវការចុះតម្លៃ ៩០% នៃថ្លៃចំណាយក្នុងការដាក់សំណុំ​លិខិតស្នើសុំអន្តរជាតិ​តាមរយៈប្រព័ន្ធ PCT នេះ។
- លើកទឹកចិត្តឱ្យមានការស្វែងរកការការពារប្រកាសនីយបត្រតក្កកម្មនៅកម្ពុជា។
- មានការកើនឡើងនូវការផ្ទេរបច្ចេកវិជ្ជាពីបរទេស ដោយផ្អែកលើមូលដ្ឋាននៃការការពារប្រកាសនីយបត្រតក្កកម្ម និងជំរុញឱ្យមានការហូរចូលនូវវិនិយោគទុនបរទេស តាមរយៈការធ្វើអាជីវកម្មលើ​បច្ចេកវិជ្ជាថ្មី។
- ជំរុញឱ្យមានការបង្កើត និងការអភិវឌ្ឍន៍ឧស្សាហកម្មក្នុងស្រុក។
- បង្កើនសកម្មភាពសិក្សាស្រាវជ្រាវរកតក្កកម្មថ្មីៗ នៅក្នុងស្រុក ស្របទៅនឹងការរីកចម្រើននៃសេដ្ឋកិច្ច និងបច្ចេកវិជ្ជា។
- សម្រួលឱ្យមានការបើកទីផ្សារនាំចេញ នូវផលិតផលឧស្សាហកម្មក្នុងស្រុក និងបង្កើនការងារក្នុងស្រុក។
- មន្រ្តីកម្ពុជា នឹងទទួលបានការបណ្តុះបណ្តាលផ្នែកបច្ចេកទេសទាក់ទងទៅនឹងប្រកាសនីយបត្រតក្កកម្ម និងកម្មសិទ្ធិឧស្សាហកម្ម។

ក្រៅពីផលប្រយោជន៍ទាំងនេះ ការចូលជាសមាជិកសន្ធិសញ្ញាសហប្រតិបត្តិការប្រកាសនីយបត្រតក្កកម្ម នឹងផ្តល់ភាពងាយស្រួលក្នុងការធ្វើសហប្រតិបត្តិការអន្តរជាតិ លើការងារប្រកាសនីយបត្រតក្កកម្ម និងពង្រឹងកិច្ចការពារកម្មសិទ្ធិបញ្ញា៕