(ពោធិ៍សាត់)៖ បុរសកូន២ម្នាក់ ត្រូវបានកម្លាំងនគរបាលស្រុកក្រគរ ចាប់ខ្លួនបន្ទាប់ពី បានលួចចូលចាប់រំលោភស្ត្រីកូន៣រហូត បានសម្រេចនៅយប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៦ នៅចំណុចលើគ្រែផ្ទះតូច របស់ស្ត្រីរងគ្រោះ ក្នុងភូមិពោធិ៍របង ឃុំកំពង់ពោធិ៍ ស្រុកក្រគរ ខេត្តពោធិ៍សាត់។

លោក ឯម រុន អធិការនគរបាលស្រុកក្រគរ បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងមុននេះថា ជនសង្ស័យដែលត្រូវឃាត់ខ្លួននោះ មានឈ្មោះ រ៉ន រ៉ា អាយុ៣១ឆ្នាំ មុខរបរធ្វើស្រែ រស់នៅភូមិឃុំកើតហេតុខាងលើ មានប្រពន្ធ និងកូន២នាក់ រីឯស្ត្រីរងគ្រោះមានឈ្មោះ ព.ត អាយុ២៧ឆ្នាំ មុខរបរធ្វើស្រែ មានប្តីនិងកូន៣នាក់។

លោកអធិការបានបន្តថា បើតាមស្ត្រីរងគ្រោះបានរៀបរាប់ទាំងទឹកភ្នែក កាលពីល្ងាចថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៦ ក្រុមគ្រួសាររបស់គាត់ បានហូបបាយជុំគ្នា រួចក៏ទៅដេកបំបៅដោះកូននៅលើគ្រែផ្ទះតូចខាងក្រោយ ដោយប្តីដេកនៅផ្ទះធំខាងមុខយាមម៉ូតូ និងគោយន្តលុះដល់ ម៉ោង១២៖៣០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៦ ស្រាប់តែមានបុរសម្នាក់ បានមកដេកឱបខ្លួនរួចសើយសារុង ចាប់រំលោភតែម្តង ដោយស្មានថា ជាប្តីពេលរំលោភបានមួយសន្ទុះ ស្ត្រីរងគ្រោះក៏បានតោងស្មាជនសង្ស័យឃើញមានស្មានកន្ទួល ក៏ចាប់អារម្មណ៍ថាមិនមែនជាប្តី ហើយបានស្រែកហៅប្តីឲ្យមកជួយ ពេលនោះជនសង្ស័យឈ្មោះ រ៉ន រ៉ា បម្រុងរត់គេចខ្លួនតែត្រូវបាន ស្ត្រីរងគ្រោះចាប់គាកជាប់ ហើយប្តីស្ត្រីរងគ្រោះបានទូរស័ព្ទទៅ លោកមេប៉ុស្តិ៍កំពង់ពោធិ៍ ឲ្យទៅយកជនសង្ស័យរូបនោះតែម្តង។

ក្រោយមកកម្លាំងប៉ុស្តិ៍ បានទៅយកជនសង្ស័យមកសួរនាំ ឈ្មោះ រ៉ន រ៉ា បានសារភាពថាខ្លួនពិតជាបានរំលោភស្ត្រីរងគ្រោះបានសម្រេច ពិតប្រាកដមែន។ បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការនគរបាលស្រុកក្រគរ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅ ស្នងការដ្ឋាន នគរបាលខេត្ត ចាត់ការបន្តទៅតាមនីតិវិធី៕