(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ដ្រី ជា សុផារ៉ា រដ្ឋមន្ដ្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអះអាងថា ការចុះបញ្ជីដីធ្លី ទូទាំងប្រទេស សម្រេចបាន៤.៣លានក្បាលដី ស្នើនឹង៦២% នៃចំនួនសរុប៧លានក្បាលដី ហើយក្រសួងត្រូវការរយៈពេល៤ឆ្នាំទៀត ដើម្បីបញ្ចប់ការចុះបញ្ជីដីធ្លី ប៉ុន្តែក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនកម្ពុជា ក្រសួងនឹងខិតខំបញ្ចប់ឲ្យ បាននៅបំណាច់ឆ្នាំ២០១៨នេះ ពោលគឺមុនការបោះឆ្នោត។

ការបញ្ជាក់បែបនេះ របស់លោករដ្ឋមន្រ្តីថ្មីរបស់ក្រសួងរៀបចំដែនដី បានធ្វើឡើងខណៈដែលលោកជួបពិភាក្សាការងារ ជាមួយអគ្គរាជទូត អង់គ្លេស ប្រចាំនៅកម្ពុជា លោក Bill Longhurst នៅទីស្តីការរបស់ក្រសួងរៀបចំដែនដី នៅព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៦នេះ។

លោកទេសរដ្ឋមន្ដ្រី បានឲ្យដឹងទៀតថា ការរៀបចំផែនការប្រើប្រាស់ដីធ្លី និងប្លង់គោលនៅទូទាំងរាជធានី-ខេត្ត និងការរៀបចំគោល នយោបាយលំនៅឋាន និងការអនុវត្តគម្រោងលំនៅឋាន មានតម្លៃសមរម្យ ដោយសិក្សាអនុវត្តគម្រោងអភិវឌ្ឍ នៅនឹងកន្លែងអគារប៊ូឌីញស ជាការអនុវត្តគម្រោងសាកល្បង។

លោកបានលើកឡើងថា ការដោះស្រាយវិវាទដីធ្លី នៅទូទាំងប្រទេស ដោយឈរលើយន្តការដោះស្រាយវិវាទ ក្រៅប្រព័ន្ធតុលាការ របស់ក្រុមការងារចុះដោះស្រាយវិវាទដីធ្លី របស់ក្រសួងដែលមានជំនាញ និងវិជ្ជាជីវៈច្បាស់លាស់ចុះស្រាវជ្រាវ និងជួបជាមួយភាគី វិវាទផ្ទាល់ នៅតាមបណ្តារាជធានី-ខេត្ត៕