(កំពង់ស្ពឺ)៖ ស្រ្តីចំណាស់ម្នាក់ មានវ័យ៥៦ឆ្នាំ រស់នៅភូមិកោះវៀន ឃុំខ្នុំក្រាំង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដែលធ្លាប់មានជំងឺបេះដូងរាំរៃធ្ងន់ធ្ងរ ត្រូវបានសង្គ្រោះជីវិតឲ្យរស់រានឡើងវិញ ក្រោមការព្យាបាលពីសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ សហការជាមួយក្រុមវេជ្ជបណ្ឌិតនៃមន្ទីពេទ្យ Hebron ដែលបានទទួលការឧបត្ថម្ភការព្យាបាល ដោយលោក ហ៊ុន ម៉ាណែត លោកស្រី ពេជ ចន្ទមុន្នី។

ស្រ្តីទុរគតរូបនេះ មានឈ្មោះ ម៉ែន យ៉េង ដោយបានរៀបរាប់ថា គាត់មានជំងឺបេះដូងធ្ងន់ធ្ងរ អស់រយៈពេលជាង២ឆ្នាំមកហើយ ដែលធ្វើឲ្យហត់ចុក ស្ទើតែដាច់ខ្យល់ម្តងៗ, គាត់ និងក្រុមគ្រួសារបានរស់នៅជាមួយភាពឈឺចាប់ និងអស់សង្ឃឹម ព្រោះគ្មានការរំពឹងថា អាចទទួលការព្យាបាលបានជាសះស្បើយឡើយ។

ជាភ័ព្វសំណាង ស្រ្តីខាងលើ បានជួបជាមួយក្រុមការងារសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ខណដែលក្រុមការងារចុះទៅព្យាបាលកងទ័ព និងគ្រួសារកងទ័ព នៅយោធភូមិភាគ៣ កាលពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៦ ហើយត្រូវបាននាំយកមកវះកាត់ និងព្យាបាលនៅមន្ទីពេទ្យ Hebron កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៦ ក្រោមការជួយឧបត្ថម្ភឧបត្ថម្ភការព្យាបាលដោយលោក ហ៊ុន ម៉ាណែត លោកស្រី ពេជ ចន្ទមុន្នី។
ដោយមានការយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ និងក្រុមវេជ្ជបណ្ឌិតនៃមន្ទីពេទ្យ Hebron ស្រ្តី ម៉ែន យ៉េង មានអាការៈធូរស្រាលប្រសើរជាងមុន ហើយគ្រោងចេញពីមន្ទីពេទ្យ នៅពេលឆាប់ៗខាងមុខ។

ស្រ្តីកំសត់ ម៉ែង យ៉េង និងកូនស្រី បានបង្ហាញអារម្មណ៍សប្បាយរីករាយរកអ្វីមកប្រៀបធៀបពុំបាន
និងគោរពថ្លែងអំណរគុណចំពោះការឧបត្ថម្ភ ប្រកបដោយទឹកចិត្តសប្បុរសធម៌ និងមនុស្សធម៌មិនអាចកាត់ថ្លៃរបស់លោក ហ៊ុន ម៉ាណែត លោកស្រី ពេជ ចន្ទមុន្នី និងក្រុមការងារសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ដែលបានផ្តល់ជីវិតថ្មី ក្តីសង្ឃឹមថ្មី ដើម្បីបានប្រកបមុខរបរចិញ្ចឹមជីវិតធម្មតាវិញ។

បើតាមការបញ្ជាក់របស់លោកវេជ្ជបណ្ឌិតបានឲ្យដឹងថា ករណីនេះ មានកម្រិតគ្រោះថ្នាក់ខ្ពស់, បើមិនមានការព្យាបាលទាន់ពេលវេលានោះទេ អាចបាត់បង់ជីវិតទៀតផង ហើយនេះ មិនមែនជាករណីធ្ងន់ធ្ងរទី១ទេ ដែលក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ បានជួយសង្គ្រោះ បានវះកាត់ និងព្យាបាលសង្គ្រោះជីវិតប្រជាពលរដ្ឋជាច្រើននាក់មកហើយ៕