(ភ្នំពេញ)៖ នៅម៉ោង១០៖០០ព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៦នេះ សមត្ថកិច្ចតុលាការ បានយកដីកាកោះហៅ លោក សម រង្ស៉ី ទៅជំនុំជម្រះរឿងក្លែងឯកសារ ទៅដាក់នៅទីស្នាក់ការគណបក្សសង្រ្គោះជាតិ នាសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

លោក សម រង្ស៉ី ប្រធានគណបក្សសង្រ្គោះជាតិ ត្រូវបានព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ លោក សៀង សុខ ចេញដីកាកោះហៅ ឲ្យចូលសវនការ នៅវេលាម៉ោង៨ព្រឹក ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅសាលសវនាការបន្ទប់ទី២ ជាន់ទី១ នៃសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធនឹងបទ «សមគំនិតក្នុងអំពើក្លែងបន្លំឯកសារសាធារណ:, ប្រើប្រាស់ឯកសារសាធារណ:ក្លែង និងញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ប្រព្រឹត្តធ្វើឡើងនៅ១២-១៣ ខែសីហា ឆ្នាំ២០១៥» ដែលជាសំណុំរឿងថ្មី បំបែកពីសំណុំរឿងរបស់ លោក ហុង សុខហួរ៕