(សិង្ហបុរី)៖ ប្ដីប្រពន្ធពីរនាក់ជាម្ចាស់សាខាហាងឈ្មោះ Kay Lee Roast Meat ដែលជាហាងលក់សាច់ ទាខ្វៃដ៏មានប្រជាប្រិយភាពមួយក្នុងប្រទេសសិង្ហបុរី ត្រូវបានតុលាការផ្ដន្ទោទោសដាក់ពន្ធនាគារ បួនសប្ដាហ៍ និង ពិន័យ ជាប្រាក់ក្នុងម្នាក់ៗ ១៦៤,៧៥១ ដុល្លារ ពោលគឺស្មើនឹងបីដងនៃប្រាក់ចំណូល ដែលបានគេចពន្ធ។ នេះបើយោងតាមអាជ្ញាធរពន្ធដារសិង្ហបុរី ឬ ហៅកាត់ថា IRAS នៅថ្ងៃចន្ទ ទី ២៩ ខែ សីហា ឆ្នំា ២០១៦។

ការសម្រេចខាងលើនេះ បានធ្វើឡើងបន្ទាប់ពីប៉ូលិសរកឃើញថាអ្នកទំាងពីរ បានគេចពន្ធលើប្រាក់ ចំណូលជាង ៥ម៉ឺនដុល្លារសិង្ហបុរី ($៥៥,០០០)។ លោក Ha Wai Kay មានអាយុ ៦៤ឆ្នំា ធ្លាប់ជាម្ចាស់សាខាហាង Kay Lee Roast Meat មុននឹងសម្រេច ចិត្តលក់ទៅឱ្យក្រុមហ៊ុន Aztech Group ក្នុងតម្លៃ៤លានដុល្លារកាលពីឆ្នំា២០១៤។ រីឯភរិយារបស់លោកគឺ លោក ស្រី Kong Kuee Chin អាយុ ៦៩ឆ្នំា គឺជាម្ចាស់ហាង Wan Tat Eating House ហើយមិនតែប៉ុណ្ណោះលោកស្រី ក៏ជាអ្នករក្សាទុកកំណត់ត្រាគណនេយ្យ របស់ហាងទំាងពីរនេះផងដែរ។

កាលពីអំឡុងឆ្នំា ២០០៩ និង ២០១០ ប្ដីប្រពន្ធទំាងពីរនាក់នេះ បានក្លែងបន្លំដោយប្រកាសថា ប្រាក់ចំណូលដែលខ្លួនរកបានមានចំនួន ៣២៥,០០០ ដុល្លារ ដើម្បី អាចគេចពន្ធលើប្រាក់ចំណូលចំនួន ៥៤,៩១៧ដុល្លារ។  

សូមបញ្ជាក់ថា បើយោងតាមការស៊ើបអង្កេត របស់ IRAS កាលពីឆ្នំាទៅ លោកស្រី Kong  បានរកប្រាក់ ចំណូលសរុបពីហាង Kay Lee Roast Meat បានចំនួន ៥៣១,៩២៤ដុល្លារ តែតាមការពិតប្រាក់ ចំណូលសរុបមានដល់ទៅ ៦៩៣,៨៣៩ដុល្លារ។ ដូចគ្នានេះដែរកាលពីឆ្នំា២០១០ លោកស្រី Kong បានប្រកាសថាប្រាក់ចំណូល របស់ Kay Lee មានចំនួន ៦៦៥,៤១៣ដុល្លារ ខណៈប្រាក់ចំណូលពិតប្រាកដគឺ ៨៩៥,៤១៣ ដុល្លារ៕