(ប្រេស៊ីល)៖ ការដោះស្រាយលើបណ្តឹងចោទប្រកាន់ ប្រធានាធិបតី ដែលត្រូវបានគេព្យួរអំណាចរបស់ ប្រទេសប្រេស៊ីល លោកស្រី Dilma Rousseff បានឈានចូលដល់តំណាក់​កាលដ៏សំខាន់​មួយទៀតហើយ ខណៈលោកស្រីបានច្រានចោលនូវរាល់ការចោទប្រកាន់ទាំងអស់ ក្នុងពេលធ្វើការស្រាយបំភ្លឺ នៅក្នុងព្រឹទ្ធសភាជាតិ។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយសារព័ត៌មាន BBC នាយប់ថ្ងៃចន្ទ ទី២៩ ខែសីហា ឆ្នាំ២០១៦។

ការច្រានចោលខាងលើនេះបានធ្វើឡើង បន្ទាប់ពីមានមតិមួយចំនួន ជាពិសេសបក្សប្រឆាំងបានចោទលោកស្រីថា បានធ្វើការក្លែងបន្លំតួលេខនៃថវិកាជាតិដើម្បី ជាការបិទបាំងនូវឱនភាពថវិកាដែល​បានកើនឡើង។ ចំពោះការចោទប្រកាន់ទាំងនេះលោកស្រី បានវាយបកវិញថា វាគ្រាន់តែជាការចោទប្រកាន់តាមនីតិវិធីច្បាប់ ដើម្បីឲ្យលោកស្រីពាក់ព័ន្ធរឿងក្តី ហើយមនុស្សមួយចំនួនទៀតនោះ គឺចង់ធ្វើរដ្ឋប្រហារទម្លាក់លោកស្រីចេញពីតំណែងតែប៉ុណ្ណោះ។

គួរបញ្ជាក់ថា ក្រោយពីរយៈពេលខ្លីដែលលោកស្រីត្រូវបានសភាសម្រេចព្យួរតំណែងនោះ លោកស្រី ទើបបានឡើងធ្វើការបកស្រាយក្នុងសភាជាថ្មីនៅព្រឹកថ្ងៃចន្ទ (ពេលវេលាម៉ោងអាមេរិកឡាទីន) ចំពោះមុខ ការចោទប្រកាន់ដែលមិនទាន់បានការកាត់ក្តីរួចរាល់។ ព្រឹទ្ធសភានឹងធ្វើការបោះឆ្នោតនៅអំឡុងសប្តាហ៍ នេះដើម្បីសម្រេចថាតើលោកស្រី Rousseff នឹងត្រូវដកចេញពីតំណែងតែម្តង ឬ ក៏ប្រគល់តំណែង ប្រធានាធិបតីស្របច្បាប់នេះឲ្យលោកស្រីវិញ៕