(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) និងទីភ្នាក់ងារសហប្រតិបត្តិការជប៉ុន ហៅកាត់ថា JICA បានរកឃើញម្ចាស់ជ័យលាភី៣ក្រុម ដែលឈ្នះក្នុងការប្រកួតផលិតវីដេអូអប់រំខ្លី ស្តីពីការជំរុញឲ្យប្រជាពលរដ្ឋ ចូលរួមការចុះឈ្មោះឆ្នោត។ ការប្រកាសជ័យលាភីនេះ បានធ្វើឡើងនៅក្នុងអង្គសិក្ខាសាលា នៅទីស្នាក់ការគ.ជ.ប នារសៀលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៦នេះ ។

ក្រុមទាំងបីដែលទទួលបានជ័យលាភី រួមមាន៖

១.ជ័យលាភី លេខ១ បានទៅលើក្រុមតំណាងដោយ លោក ប៉ែន បូរី
២.ជ័យលាភី លេខ២ បានទៅលើក្រុមតំណាងដោយ លោក ជុំ ជេស្តា
៣.ជ័យលាភី លេខ៣ បានទៅលើក្រុមតំណាងដោយ លោក ផាត ចាន់ណា

លោក ប៉ែន បូរី តំណាងឲ្យក្រុមទទួលបានជ័យលាភីលេខ១ ក្នុងការប្រកួតផលិតវីដេអូអប់រំខ្លី ស្តីពីការជំរុញឲ្យប្រជាពលរដ្ឋ ចូលរួមការចុះឈ្មោះឆ្នោត បានឲ្យដឹងថា នេះគឺជាលើកដំបូងនៃការផលិតវីដេអូរបស់ក្រុមលោក តែការខិតខំប្រឹងប្រែងនេះ បានទទួលជោគជ័យលើសពីការរំពឹងទុក។ លោក ប៉ែន បូរី បានបញ្ជាក់ថា លោក និងសមាជិកក្រុមពិតជា សប្បាយរីករាយយ៉ាងខ្លាំង ហើយលោកជឿជាក់ថា វីដេអូអប់រំខ្លីនេះនឹងអាចផ្តល់ជាសារអប់រំដល់ប្រជាពលរដ្ឋជាក់ជាមិនខាន។

ចំណែក លោក ជុំ ជេស្តា តំណាងឲ្យក្រុមទទួលបានជ័យលាភីលេខ១ បានប្រាប់ឲ្យដឹងដែរថា លោកពិតជារីករាយយ៉ាងខ្លាំងចំពោះជ័យលាភីមួយនេះ។ ការប្រកួតប្រជែងនេះ បានបង្រៀន លោកនិង សមាជិក្រុមជាច្រើននាក់ទៀត ឲ្យយល់កាន់តែច្បាស់ពីសារប្រយោជន៍នៃការចូលរួមចុះឈ្មោះបោះឆ្នោត និងការបោះឆ្នោត។ លោក ជេស្តា បានបន្តថា ឆ្លើយតបនឹងការយល់ដឹងនេះ នៅក្នុងឃ្លីបវីដេអូរបស់លោក ក៏បានផ្ញើសារជាច្រើនផងដែរ ដល់ប្រជាពលរដ្ឋធ្វើយ៉ាងណា ឲ្យពួកគាត់ចូលរួមក្នុងការចុះឈ្មោះបោះឆ្នោតឲ្យបានគ្រប់ៗគ្នា។

ចំពោះ ជ័យលាភីលេខ៣ តំណាងដោយ លោក ផាត ចាន់ណា បានបញ្ជាក់ថា លោកពេញចិត្តនឹងការបង្កើតឲ្យមានការប្រកួតប្រជែងនេះឡើង។ ការប្រក្រួតប្រជែងនេះមិនត្រឹមតែជំរុញឲ្យយុវជន និង សាធារណជន ចូលរួមផលិតវីដេអូនោះទេ តែកម្មវិធីនេះបានចូលរួមបង្កើនចំណេះដឹងដល់យុវជនបានមួយកំរិតទៀត។

គួរបញ្ជាក់ថា វីដេអូអប់រំខ្លី ស្តីពីការជុំវិញឲ្យប្រជាពលរដ្ឋ ចូលរួមការចុះឈ្មោះឆ្នោតទាំង៣ ដែលទទួលបានក្នុងការជ្រើសរើសខាងលើនេះ នឹងយកទៅកែសម្រូលបន្ថែមទៀត ហើយនឹងរៀបចំឲ្យមានការចុះផ្សាយ ក្នុងពេលឆាប់ៗនេះ នៅលើកញ្ចក់ទូរទស្សន៍ជាតិកម្ពុជា (ទទក)៕